Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​បន្ទាន់ ជុំវិញ​ការ​គេចវេះ​របស់​ពលករ ដែល​មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក​

បានផុស

នៅ

រដ្ឋបាលខេត្ត​បាត់ដំបង បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ស្តីពី​ការទប់ស្កាត់​ការ​គេចវេះ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពលករ និង​ពិនិត្យ​សភាព​ការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង នា​រសៀល​ថ្ងៃទី១៥​ ខែកុម្ភៈ ដែលមាន​ការចូលរួម​ពី អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​ចម្រុះ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តំបន់​ព្រំដែន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងួន រតនៈ អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​បញ្ជា​ដល់អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​ជាប់​ព្រំដែន ធ្វើ​ការចុះបញ្ជីឈ្មោះ​ពលរដ្ឋ​នៅតាម​ស្រុក​ជាប់​ព្រំដែនឲ្យ​បានច្បាស់លាស់ និង​មាន​ឯកសារ​សម្រាប់​ពួកគាត់ ក្នុងការ​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​លំនៅដ្ឋាន ដើម្បី​កុំ​ឲ្យ​មាន​ពលករ​ទើប​ចេញពី​ប្រទេស​ថៃ ដែល​រស់នៅ​ស្រុក​ ខេត្ត​ផ្សេង ប្រាប់​ពី​ព័ត៌មាន​មិន​ពិត​ថា ខ្លួន​រស់ នៅ​ជាប់​ព្រំដែន គេចវេះ​មិន​ធ្វើ​ចត្តាឡី​ស័ក​។​

ការបញ្ជា​នេះ​បន្ទាប់ពី​មាន​លេច​ធ្លាយ​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​ទៅកាន់​ស្រុកកំណើត​ដោយ​គេច​វេះ​មិន​ព្រម​ចូលខ្លួន​ធ្វើ​ចត្តាឡី​ស័ក ជា​បន្តបន្ទាប់​។​

លោក​អភិបាលខេត្ត​បន្ថែមថា អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ពលករ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក និងត្រូវអនុវត្ត​វិធានការ​មួយចំនួន​ភ្លាមៗ ក្នុងនោះ​ការ​រឹតបន្តឹង​ដូចជា ៖ តាម​ចាប់​ពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ការអប់រំ​ផ្សព្វផ្សាយ​ពីសារ​សម្លេង​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតាមមូល​ដ្ឋាន នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាដើម ។​

គួរ​បញ្ជាក់ថា ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ខេត្ត​សាមុទ​សា​ខន ប្រ​ទេស​ថៃ គឺមាន​ពលករ​ឆ្លងដែន​ពី​ថៃ តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង មាន​ជាង៦០០០​នាក់ បាន​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជាង៣០០០​នាក់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង២០០០​នាក់ ខណៈ​អាជ្ញាធរ​ក៏បាន​ឃាត់ខ្លួន​មេខ្យល់ ដែល​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ជា​បន្តបន្ទាប់ និង​បញ្ជូនទៅ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ និង​បន្ត​ស្វែងរក​ពួក​មេខ្យល់​មួយចំនួនទៀត ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម