សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសហាមមិនឲ្យប្រជាពលរដ្ឋខ្មែរចេញទៅកាន់ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ ជាដាច់ខាត និងបានដាក់បញ្ជាឲ្យកងកម្លាំងនៅតាមព្រំដែនទាំងអស់ បិទច្រកទៅកាន់ប្រទេសទាំងនោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។
ការប្រកាសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសារពិសេសមួយ ដែលបានផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្ដាញផ្សព្វផ្សាយជាច្រើនទៀត នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ និងបន្ទាប់ពីរកឃើញការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “តែឥឡូវហាមមិនឲ្យចូលទៅកាន់ប្រទេសថៃទេ ខ្ញុំបានបញ្ជាក់តាំង ពីដើម ត្រូវច្បាប់ក៏ដោយ ខុសច្បាប់ក៏ដោយ គឺមិនឲ្យទៅតែម្ដង មិនឲ្យទៅទេ ។ ពីព្រោះខាងថៃ គេកំពុងតែគ្រប់គ្រងនៅតាមព្រំដែន ដើម្បីកុំឲ្យមានអ្នកចូលទៅ កាន់ប្រទេសថៃ ហើយអ្នកចូលមកប្រទេសយើងវិញ យើងមិនទទួលមិនបាន ពីព្រោះពលរដ្ឋរបស់យើងធ្វើដំណើរត្រឡប់មកវិញហើយ ដូច្នេះយើងត្រូវតែទទួល តែយើងត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែអ្នកដែលចង់ឆ្លងដែនពីកម្ពុជាទៅថៃ ពីកម្ពុជាទៅវៀតណាម ពីកម្ពុជាទៅឡាវ យើងមិនអនុញ្ញាតឲ្យទៅទេ។ ដូច្នេះកង កម្លាំងនៅតាមព្រំដែនទាំងអស់ ត្រូវបិទមិនឲ្យចេញទេ។ ចេញទៅវៀតណាម ក៏មិនឲ្យចេញ ចេញទៅឡាវ ក៏មិនឱ្យចេញ ចេញទៅថៃ ក៏មិនឲ្យទៅដែរ ប៉ុន្តែបើគាត់វិលត្រឡប់មកស្រុកកំណើត យើងមិនទទួលគាត់វាអត់កើត ពីព្រោះជាពលរដ្ឋរបស់យើង”។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាសពីការរកឃើញករណីឆ្លងក្នុងសហគមន៏ជាថ្មីទៀត ដែលមានចំនួន៣២ករណី ត្រឹមតែរយៈពេលប្រមាណ១០ម៉ោងប៉ុណ្ណោះ ហើយបើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមហេតុដំបូង គឺផ្តើមចេញពីអ្នកសុំចេញទៅក្រៅប្រទេស ដែលត្រូវការឯកសារពិនិត្យសុខភាព ហើយលទ្ធផលមានមេរោគកូវីដ-១៩ ទើបអាជ្ញាធរស្រាវ ជ្រាវរកអ្នកពាក់ព័ន្ធបន្តបន្ទាប់ ហើយក្នុងរយៈពេលខ្លីសោះរកឃើញអ្នកឆ្លងចំនួន៣២ករណី។ ក្រោយពីផ្ទុះករណីនេះ ទីតាំងមួយចំនួនត្រូវបានបិទផងដែរ៕
អត្ថបទ៖ កោះកែវ