Connect with us

ព័ត៌មានជាតិ

ជំងឺ ៥ ប្រភេទ កំពុងយាយីទៅលើកុមារកម្ពុជា

បានផុស

នៅ

ជំងឺ​ចំនួន ៥ ប្រភេទ កំពុង​យាយី​ទៅ​លើ​កុមារ​កម្ពុជា​គួរ​ឱ្យ​ព្រួយបារម្ភ ដែល​ទាមទារ​អាណាព្យាបាល​មាតាបិតា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​ចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម លោក​វេជ្ជបណ្ឌិត ញឹប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឱ្យ​ដឹង​នៅ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ ២០២៤ កាលពី​ថ្ងៃ​ទី ២៧ មីនា ថា ឆ្នាំ ២០២៣ មន្ទីរពេទ្យ​កុមារ​ជាតិ ទទួល​បាន​អតិថិជន​កើន​ឡើង បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០២២។ ជាក់ស្ដែង​ការ​ពិនិត្យ​ពិគ្រោះ​ជំងឺ​ក្រៅ ឆ្នាំ ២០២២ មាន ១៦៧.១៧៦ ករណី ខណៈ​ឆ្នាំ ២០២៣ មាន ១៩២.៣៦៤ ករណី បាន​កើន​ឡើង​ចំនួន ១៥%។ រីឯ​អ្នក​ជំងឺ​សម្រាក​ពេទ្យ ឆ្នាំ ២០២២ មាន ២៤.៥៣៥ ករណី ខណៈ ឆ្នាំ ២០២៣ មាន ៣៧.៣៦៧ ករណី កើន​ឡើង​ចំនួន ៥២%។ ក្នុង​ចំណោម​ជំងឺ​សម្រាក​ពេទ្យ មាន​ជំងឺ​​ចំនួន ៥ មាន​ភាព​លេចធ្លោ​ជាងគេ​រួមមាន ជំងឺ​រលាក​បំពង់ក មាន ៥.៥០៣ ករណី​, ជំងឺ​គ្រុនឈាម មាន ៥.៣៨២ ករណី​, ជំងឺ​រលាក​កូន​ទងសួត​មាន ៣.៨៩២ ករណី​, ជំងឺ​រាក​គ្រប់​ប្រភេទ មាន ៣.២៥០ ករណី និង​ជំងឺ​ទារក​មិន​គ្រប់​ខែ មាន ៥.៣៣៦ ករណី។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ការ​កើនឡើង​ចំនួន​អ្នកជំងឺ​បាន​ធ្វើ​ឱ្យ​ចំនួន​គ្រែ​សម្រាក​ពេទ្យ​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ ដោយ​នៅ​ឆ្នាំ ២០២២ មន្ទីរពេទ្យ មាន​គ្រែ​ចំនួន ៣៥០ គ្រែ អត្រា​ប្រើប្រាស់ ៨៧% ខណៈ​ឆ្នាំ ២០២៣ មន្ទីរពេទ្យ​មាន​គ្រែ​ចំនួន ៤០០ គ្រែ អត្រា​ប្រើប្រាស់ ១៣២%។

លោក​វេជ្ជបណ្ឌិត បន្ត​ទៀត​ថា ទោះបីជា​អត្រា​អ្នក​ជំងឺ​មាន​ការ​កើន​ឡើង​ក៏ដោយ ក៏​អត្រា​ស្លាប់​របស់​កុមារ​មាន​ការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ដោយ​ក្នុង​ឆ្នាំ ២០២២ មាន ១,០៩% ខណៈ​ឆ្នាំ ២០២៣ មាន​ត្រឹម​តែ ០,៦៩% ថយ​ចុះ ០,៤០%។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សំដែង​នូវ​ការ​សាទរ​ចំពោះ​ភាព​ជោគជ័យ​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ ពិសេស​បាន​ធ្វើ​ឱ្យ​អត្រា​មរណភាព​របស់​កុមារ​នៅ​មន្ទីរពេទ្យ​ធ្លាក់​ចុះ​ជា​បន្ត បន្ទាប់ពី ១,០៩% ឆ្នាំ ២០២២ មក ០,៦៩% ឆ្នាំ ២០២៣។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា «ត្រង់​ចំណុច​នេះ មើល​ទៅ​លើ​ជា​លទ្ធផល​ជាក់ស្ដែង​ចំនួន​អ្នក​ស្លាប់​មាន​ការ​ថយ​ចុះ ជា​លទ្ធផល​ខ្ពស់​មួយ និង​សូម​បន្ត​ខិតខំ​បន្ថែម​ទៀត តើ​ការ​ដើរតួ​ការ​ស្លាប់ ០,៦៩% ជំងឺ​ណា​បណ្តាល​ឱ្យ​ស្លាប់​ច្រើន​ជាង​គេ ដើម្បី​យើង​អាច​ដោះស្រាយ​ឱ្យ​ចំ​គោលដៅ និង​កាន់តែ​ប្រសើរ​»។

ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​មន្ទីរពេទ្យ ត្រូវ​ពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​មន្ទីរពេទ្យ កែលំអ​អគារ និង​ស្ថានភាព​បរិស្ថាន​ជុំវិញ​មន្ទីរពេទ្យ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត។ លើក​កម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ និង​បណ្ដុះបណ្ដាល​សមត្ថភាព​បន្ថែម​ទៀត​ដល់​បុគ្គលិក​មន្ត្រីរាជការ ពិសេស​វេជ្ជបណ្ឌិត​គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា​ឆ្មប​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សមស្រប​ទៅតាម​និយាម​ស្តង់ដារ​អន្តរជាតិ។

លើស​ពី​នេះ ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង និង​បំពាក់​សម្ភារៈ​ឧបករណ៍ និង​ឱសថ​ឆ្លើយតប​តាម​តម្រូវការ​របស់​មន្ទីរ​ពេទ្យ។ យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ ពិសេស​កុមារ និង​ស្ត្រី ឱ្យ​កាន់តែ​ប្រសើរ​ឡើង។ ពង្រឹង​សាមគ្គីភាព​ក្នុង​ការ​បំពេញ​ការងារ និង​បំពេញភារកិច្ច​ក្នុង​វេន​ប្រចាំការ​ឱ្យ​បាន ២៤ ម៉ោង ក្នុង ១ ថ្ងៃ ក្នុង​មួយ​សប្ដាហ៍។ ការ​លើក​កម្ពស់​សុវត្ថិភាព​ក្នុង​ការ​ព្យាបាល​ជំងឺ ការ​បញ្ជូន​ជំងឺ និង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេងៗ។ ការ​គ្រប់គ្រង​ពង្រឹង​អភិបាលកិច្ច​គ្រប់​ផ្នែក ទាំងអស់ នៃ​មន្ទីរពេទ្យ។

លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ខិតខំ​ពង្រឹង និង​ពង្រីក​នូវ​សមិទ្ធផល​ជា​វិជ្ជមាន​បន្ថែម​ទៀត កាត់​បន្ថយ​ចំណុច​អវិជ្ជមាន និង​ចំណុច​ខ្វះខាត​ដែល​មាន ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​កាន់តែ​មាន​ភាព​កក់ក្ដៅ​បន្ថែម​ទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម