Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន ពន្យល់​៣​ចំណុច​អំពី​ទិដ្ឋភាព​ច្បាប់ និង​នីតិវិធីតុលាការ ពាក់ព័ន្ធ​ព្រឹត្តិការ​ណ៏​៩ វិច្ឆិកា​

បានផុស

នៅ

​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ពន្យល់​អំពី​ផែន​ការវិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​របស់​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​ផែនការ​ទាំងនោះ រៀបចំឡើង​ក្នុង​គោលដៅ​ចំនួន​២ គឺ​ដើម្បី​ចាប់​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​។​

​បើតាម​លោក ជិន ម៉ា​លីន ៣​ចំណុច​សំខាន់ៗ​អំពី​ទិដ្ឋភាព​ច្បាប់ និង​នីតិវិធីតុលាការ​ពាក់ព័ន្ធ​សំណុំរឿង​៩​វិច្ឆិកា​នោះ គឺ​ក​. តើ​អ្វីដែល​នៅ​ពីក្រោយ ផែនការ​វិលត្រឡប់រ​បស់​ទណ្ឌិត សម រង្សី នៅ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ ? គ្រប់គ្នា​ប្រហែល​នៅចាំ​បាន​ថា ក្រោម​ផែនការ នៃ​ការវិលត្រឡប់​ចូលមក​កម្ពុជា​វិញ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ អាច​ហៅថា “​ព្រឹត្តិការណ៍​៩/១១” ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​បានធ្វើ​សកម្មភាព​ជាច្រើន ដែល​អាច​ប្រមូលផ្តុំ​ជា​៣​សកម្មភាព​ធំៗ គឺ​១- បានធ្វើ​សកម្មភាព​ញុះញង់​ផង និង​អំពាវនាវ​ផង ដល់​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ឱ្យធ្វើ​ការបះបោ​រ​ប្រឆាំង​រាជរដ្ឋាភិបាល ២- បានធ្វើ​សកម្មភាព​ញុះញង់​ផង និង​អំពាវនាវ​ផង ដល់​ប្រជាពលរដ្ឋ​ឱ្យ​ងើប​បះបោរ​ប្រឆាំងនឹង​រដ្ឋអំណាច ៣- រៃអង្គាស និង​ប្រមូល​ថវិកា ដើម្បី​ចិញ្ចឹម​កម្លាំង​ខុសច្បាប់ ដើម្បី​ធ្វើ​សកម្មភាព​ខាងលើនេះ​។​

​លោក ជិន ម៉ា​លីន អះអាងថា សកម្មភាព​ធំៗ​ទាំង​៣ ខាងលើនេះ គឺ​រៀបចំឡើង​ក្នុង​គោលដៅ​ចំនួន​២ គឺ ទី​១- ចូលមកក្នុង​ស្រុក ដើម្បី​ចាប់​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង និង​ទី​២- ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​។ ដូច្នេះ ធាតុពិត​នៃ​ផែនការ​នេះ គឺជា “​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​” តាម​មធ្យោបាយ​ហិង្សា​យ៉ាងពិត​ប្រាកដ​។ ដូច្នេះ​ពាក្យ​ថា “​ផែនការ​វិលត្រឡប់​” គឺជា​លេស និង​ជា​កលល្បិច​នយោបាយ ដើម្បី​បោក​បញ្ឆោត និង​អូសទាញ​ប្រជាជន​ស្លូតត្រង់​ឲ្យ​ចូលរួម​ក្នុង​ផែនការ​ខាងលើនេះ​តែប៉ុណ្ណោះ​។ អំពើ និង​សកម្មភាព​ខាងលើ​ទាំងនេះ មាន​ភស្តុតាង​ច្បាស់លាស់ និង​រឹងមាំ ហើយ​ភស្តុតាង​ទាំងនេះ​មួយចំនួន អាច​រកបាន​ដោយ​ងាយស្រួល ព្រោះ​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​សង្គម​ដទៃទៀត ធ្វើជា​មធ្យោបាយ ដើម្បី​បង្ហោះ​សារ​ញុះញង់ និង​បម្រើ​ឲ្យ​ផែនការ​សកម្មភាព​ទុច្ចរិត​របស់ខ្លួន​ខាងលើ​។​

​លោក ជិន ម៉ា​លីន បញ្ជាក់ថា ជា​ទិដ្ឋភាព​ផ្លូវច្បាប់ តើ​ប្រទេស​ណាមួយ​ក្នុង​លោក​នេះ ដែល​មិន​ចាត់ទុក “​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ខាងលើ​” ថា​ជា​អំពើ​ខុសច្បាប់ ? ប្រទេស​មួយចំនួន បាន​ថែមទាំង​ចាត់ទុក​ក្រុម​ទាំងនេះ ជា​អង្គការ​ភេរវ​និយម​ទៀតផង​។ ដូច្នេះ ១, វា​ជាការ​ត្រឹមត្រូវ​បំផុត ដែល​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​នានា ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ ក្នុងនោះ រួមមាន​វិធានការ​ច្បាប់ វិធានការ​នយោបាយ និង​វិធានការ​ការទូត ដោយបាន​បំផ្លាញចោល​ទាំងស្រុង​នូវ​ផែនការ​បំផ្លាញ​កម្ពុជា ដែល​ដឹកនាំ​អនុវត្ត​ដោយ​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ហើយ​ធានា​ថែរក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សេចក្តីសុខ​សាន​របស់​ប្រជាជន​។ ២, វា​ជាការ​ត្រឹមត្រូវ​បំផុត ដែល​ប្រទេស​នានា​ក្នុង​ពិភពលោក មិន​គាំទ្រ​ផែនការ​ខុសច្បាប់​របស់​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក និង​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ធ្វើ​ឲ្យ​ផែនការ​បំផ្លាញ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​របស់​កម្ពុជា ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​។ ៣, វា​ជាការ​ត្រឹមត្រូវ​បំផុត ដែល​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ផ្តន្ទាទោស​ឧក្រិដ្ឋជន ក្នុងនាម​រដ្ឋ​អធិបតេយ្យ ដែល​ប្រកាន់យក​គោលការណ៍​ដឹកនាំ​តាម​នីតិរដ្ឋ​។ យោងតាម ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ក្រោម “​បទល្មើស​ឧបឃាត​” តាម​មាត្រា ៤៥១ ចំណែក​អ្នក​ដែល​ចូលរួម​ក្នុង​គម្រោង​ផែនការ​នេះ ត្រូវ​ផ្តន្ទាទោស​ពី “​បទល្មើស​រួមគំនិត​ក្បត់​” តាម​មាត្រា ៤៥៣​។​

​ខ​. តុលាការ​បាន​អនុវត្តតាម​នីតិវិធី ដែល​មានចែង​ក្នុង​ច្បាប់​របស់​កម្ពុជា ដើម្បី​ដំណើរការ​សំណុំ​រឿងនេះ​។ ជនជាប់ចោទ​មាន​សិទ្ធិ​ការពារ​ខ្លួន ហើយ​ក៏មាន​សិទ្ធិ​ពឹងពាក់​មេធាវី​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​បាន​ផងដែរ​។ ក្នុង​បទល្មើស​ឧក្រិដ្ឋ មេធាវី​ការពារ​ឲ្យ​ជនជាប់ចោទ ត្រូវតែមាន​ជាដាច់ខាត បើ​ពុំ​នោះទេ តុលាការ​មិនអាច​ដំណើរការ​នីតិវិធី​ក្នុងការ​ជំនុំ​ជម្រះក្តី​បានឡើយ​។ ក្នុងករណី​ជនជាប់ចោទ ពុំមាន​មេធាវី​ការពារ​ខ្លួន ឬ​ពុំ​ពឹងពាក់​មេធាវី​ការពារ​ខ្លួន តុលាការ​ត្រូវ​ស្នើសុំ​ឲ្យ​គណៈមេធាវី ដែលជា​ស្ថាប័ន​គ្រប់គ្រង​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើការ​ចាត់តាំង​មេធាវី​ដើម្បី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​។ ការចាត់តាំង​មេធាវី​នេះ ក៏ត្រូវ​ធ្វើ​ផងដែរ ចំពោះ​ជនជាប់ចោទ ដែល​រត់គេចខ្លួន ហើយ​ពុំបាន​ពឹងពាក់​មេធាវី​ការពារ​ខ្លួន​នៅ​ចំពោះមុខ​តុលាការ ប៉ុន្តែ​ទោះជា​យ៉ាងណា ចំពោះ​ជនល្មើស​ដែល​រត់គេចខ្លួន តុលាការ​ត្រូវបាន​អនុញ្ញាត​ដោយ​ច្បាប់ ដើម្បី​ដំណើរ​នីតិវិធី និង​ធ្វើការ​សម្រេចសេចក្តី​ដោយ​កំបាំងមុខ​ជនជាប់ចោទ​បាន​។ ការសម្រេចសេចក្តី​ដោយ​កំបាំងមុខ​ជនជាប់ចោទ ដែល​រត់គេចខ្លួន ពុំមែន​ជា​រឿង​ថ្មី​នៅ​កម្ពុជា​នោះទេ ហើយ​ប្រទេស​មួយចំនួន ក៏មាន​បទ​ប្បញ្ញត្តិ និង​ការអនុវត្ត​ដូច្នេះ​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ចៅក្រម​ត្រូវ​ថ្លឹងថ្លែង​ទៅលើ​គ្រប់​ភស្តុតាង​ទាំងអស់ ទាំង​ភស្តុតាង​ដាក់បន្ទុក ទាំង​ភស្តុតាង​ដោះ​បន្ទុក​។​

​គួរកត់សម្គាល់​ផងដែរ​ថា យោងតាម​ច្បាប់​របស់​ក​ម្ពុ​ជា ប្រព័ន្ធ​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា គឺជា​ប្រព័ន្ធ​មាន​ចៅក្រម​ស៊ើបសួរ ដែល​ចៅក្រម​ស៊ើបសួរ​មាន​កាតព្វកិច្ច​ស្វែងរក​ភស្តុតាង ទាំង​ដាក់បន្ទុក ទាំង​ដោះ​បន្ទុក​។ នៅក្នុង​ដំណើរការ​សំ​ណុ​រឿង “​បទល្មើស​ឧបឃាត​” ខាងលើ ជនជាប់ចោទ​ដែល​រត់គេចខ្លួន​ខ្លះ បាន​ពឹងពាក់​មេធាវី​ការពារ​ខ្លួន ហើយ​ជនជាប់ចោទ​ផ្សេងទៀត មាន​មេធាវី​ការពារ​ខ្លួន តាម​ការចាត់​តាំងរបស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ច្បាប់​របស់​ក​ម្ពុ​ជា​។ ពុំមាន​សេចក្តីរាយការណ៍​ណាមួយ ដែលថា សិទ្ធិ​ក្នុងការ​ពឹងពាក់រ​កមេ​ធា​វី​ការពារ​ខ្លួន​នៅក្នុង​សំណុំ​រឿងនេះ ត្រូវបាន​បដិសេធន៍ ដោយ​តុលាការ​នោះទេ​។​

​គ​. យោងតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា សាលក្រម​កំបាំង បើក​សិទ្ធិ​ឲ្យ​មានការ​ប្តឹង​ទាស់​។ ចំពោះ​ជនជាប់ចោទ ដែល​រត់គេចខ្លួន ហើយ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​តុលាការ នៅពេល​ត្រូវបាន​ចាប់ខ្លួន ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​, ជននេះ នឹងត្រូវ​នាំទៅ​បង្ហាញខ្លួន​ចំពោះមុខ​តុលាការ ហើយ​ជននេះ មាន​សិទ្ធិ​តាមផ្លូវ​ច្បាប់ ដើម្បី​ប្តឹង​ទាស់​នឹង​សាលក្រម​កំបាំងមុខ​តាម​នីតិវិធី​បាន​។ បន្ទាប់ពី​មាន​បណ្តឹងទាស់​ស្របច្បាប់ តុលាការ​ត្រូវ​លើកយក​សំណុំរឿង ដែលមាន​សាលក្រម​កំបាំងមុខ​នោះ មក​បើកសវនាការ និង​ធ្វើការ​ជំនុំជម្រះ​ជាថ្មី​ឡើងវិញ ស្របតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា​។ ចំពោះ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដែល​ចេញ​ដោយ​តុលាការ​កម្ពុជា គឺមាន​អានុភាព​អនុវត្ត​នៅក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុងករណី​ដែល​ជនល្មើស​រត់គេចខ្លួន​ទៅ​បរទេស ព្រះរាជអាជ្ញា​អាច​ស្នើសុំ​ធ្វើការ​ផ្សព្វផ្សាយ​ជា​អន្តរជាតិ​នូវ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន តាមរយៈ​ក្រសួងយុត្តិធម៌ ដោយ​ប្រើ​យន្តការ​នានា ដែលមាន​ប្រសិទ្ធភាព រួមមាន យន្តការ​ប៉ូលីស​អាំងទែរ​ប៉ូល​, យន្តការ​បត្យាប័ន ជាមួយ​ប្រទេស ដែលមាន​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​កម្ពុជា​ជាដើម ប៉ុន្តែ​ជាគោលការណ៍​ច្បាប់ ចំពោះ​ជនល្មើស​ដែលមាន​សញ្ជាតិ​បរទេស រដ្ឋ​បរទេស​ដែលជា​ម្ចាស់​របស់​ពួកគេ នឹងមិន​ធ្វើ​បត្យាប័ន​ពលរដ្ឋ ដែលមាន​សញ្ជាតិ​របស់​គេ​មក​ឲ្យ​កម្ពុជា​ឡើយ​។ ដូចគ្នានេះ កម្ពុជា​ក៏​មិន​អាចធ្វើ​បត្យាប័ន​ពលរដ្ឋ​ខ្លួនឯង​ទៅ​ឲ្យ​រដ្ឋ​បរទេស​នោះដែរ​៕ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម