ព័ត៌មានអន្ដរជាតិ
ទូតរុស្ស៊ីប្រចាំកម្ពុជាឆ្លើយ ៣ សំណួរចាក់ចំក្នុងខួប ២ ឆ្នាំភ្លើងសង្គ្រាមនៅ អ៊ុយក្រែន
ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាកាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅបានរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី “គោលនយោបាយការបរទេសរុស្ស៊ី និងបច្ចុប្បន្នភាពជុំវិញអ៊ុយក្រែន” ។ នៅក្នុងសន្និសីទសារព័ត៌មាននោះ អ្នកសារព័ត៌មាន “កម្ពុជាថ្មី” បានចោទសួរ ៣ សំណួរពាក់ព័ន្ធបញ្ហាសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន ទៅកាន់លោក Sergei Shumilin ជំនួយការអនុព័ន្ធយោធា និងលោក Rafael Iangareev មន្រ្តីទំនាក់ទំនងផ្នែកព័ត៌មាននៃស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា ។

កម្ពុជាថ្មី ៖ គិតត្រឹមពេលនេះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងទីក្រុងមូស្គូលើកទ័ពចូលវាយលុកទីក្រុងកៀវ ដូច្នេះតើរុស្ស៊ីសម្រេចបានគោលដៅប៉ុន្មានភាគរយហើយក្នុងសង្គ្រាមរយៈពេល ២ ឆ្នាំមកនេះ?
លោក Sergei Shumilin ៖ រុស្ស៊ីកំពុងបំពេញតាមគោលដៅនៃប្រតិបត្តិការយោធាពិសេសតាមលំដាប់លំដោយ ។ ចំណែកនៅលើទឹកដីនៃតំបន់ដែលយើងរំដោះបានថ្មីៗនេះ យើងកំពុងស្តារហេដ្ឋារចនាសម្ព័ន្ធសង្គម ថាមពល វេជ្ជសាស្ត្រ និងផ្ដល់ការអប់រំជាដើម ដើម្បីធានាថា ប្រជាជននៃតំបន់ទាំងនោះវិលមករកជីវិតរស់នៅតាមធម្មតា និងមានសន្តិភាពឡើងវិញ ។ ចំពោះផែនការ និងគោលដៅសម្រេចបានប៉ុន្មានភាគរយនោះ គឺជាសិទ្ធិរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន តែប៉ុណ្ណោះ ។
កម្ពុជាថ្មី ៖ ពិតណាស់ថា សង្គ្រាមចាយពេល ២ ឆ្នាំ ហើយ ហើយរុស្ស៊ីក៏បានដាក់ចេញផែនការ ក៏ដូចជាគោលដៅជាបន្តបន្ទាប់ផងដែរ ដូច្នេះតើរុស្ស៊ីមានផែនការអ្វីបន្ថែមទៀតក្នុងខួប ២ ឆ្នាំនៃភ្លើងសង្គ្រាមមួយនេះ?

លោក Sergei Shumilin ៖ ដូចដែលខ្ញុំបាននិយាយហើយ នៅក្នុងផែនការរបស់យើងគឺធ្វើយ៉ាងណាដើម្បីធានាបន្ថែមទៀតថា យើងបានបំពេញតាមគោលបំណងនៃប្រតិបត្តិការយោធាពិសេសរបស់យើង ។ ការពិតមួយទៀតនោះគឺថា ឆ្នាំនេះក៏ជាពេលមួយទសវត្សរ៍ផងដែរ ចាប់តាំងពីអ៊ុយក្រែនក្លាយជាជនរងគ្រោះរបស់សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នអ៊ុយក្រែនបង្ហាញឲ្យឃើញយ៉ាងច្បាស់ទៀតពីការអនុវត្តរបបអាណានិគមនិយម ប៉ុន្តែអ៊ុយក្រែនទទួលបានលទ្ធផលដ៏សោកសង្រេងជាពន់ពេកនៃគោលនយោបាយមួយនេះ ។
កម្ពុជាថ្មី ៖ ជាការពិតណាស់ថាសង្គ្រាមនាំមកនូវក្ដីរងទុក្ខវេទនា ជាពិសេសគឺខូចខាតទៅដល់សេដ្ឋកិច្ចតែម្ដង ដូច្នេះតើក្នុងសង្គ្រាមរយៈពេល ២ ឆ្នាំមកនេះ រុស្ស៊ីចាយលុយអស់ប៉ុន្មានហើយ?
លោក Rafael Iangareev ៖ គ្មាននរណាម្នាក់បដិសេធការពិតបានទេ ការរឹតបន្តឹងទាំងខុសច្បាប់របស់លោកខាងលិចប្រឆាំងនឹងប្រទេសរបស់យើង គឺមានឥទ្ធិពលលើសេដ្ឋកិច្ចរបស់រុស្ស៊ី ។ ជាការពិតណាស់ ក្រុមហ៊ុនលោកខាងលិចជាច្រើនបានដកខ្លួនចេញពីប្រទេសរុស្ស៊ី រដ្ឋអឺរ៉ុបមួយចំនួនបានសម្រេចចិត្តបញ្ឈប់ការនាំចូលឧស្ម័ន ។ បន្ទាប់មកមានករណីនៃការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអន្តរជាតិ ដូចជាបំពង់បង្ហូរប្រេង Nord Stream 1 និង 2 ហើយក៏មិនមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ និងប្រកបដោយតម្លាភាពណាមួយផងដែរ ហើយនោះគឺជាការកំណត់គោលដៅរបស់លោកខាងលិចក្នុងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ប៉ុន្តែគោលការណ៍ទាំងនោះសុទ្ធតែបរាជ័យ ។

ទោះយ៉ាងលោកមិនបានបញ្ជាក់ពីថ្លៃចំណាយរបស់រុស្ស៊ីនោះទេ ប៉ុន្តែសេដ្ឋកិច្ចរុស្ស៊ីមិនចុះអន់ថយ ដោយសារតែភ្លើងសង្គ្រាមមួយនេះឡើយ ។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីបានកើនឡើងដល់ទៅ ៣ ភាគរយ ហើយបើតាមការប៉ាន់ស្មានរបស់រុស្ស៊ីវិញ GDP រុស្ស៊ីមានរហូតដល់ ៣.៦ ភាគរយឯណោះ ខណៈក្នុងរយៈពេលដូចគ្នានេះ កំណើនសេដ្ឋកិច្ចក្នុងប្រទេសអភិវឌ្ឍន៍គឺមានត្រឹមពាក់កណ្តាលរុស្ស៊ីប៉ុណ្ណោះ ពោលមាន ១.៦ ភាគរយ ដូច្នេះហើយ អ្នកមានចិត្តគំនិត្ត ឬវោហាសាស្ត្រប្រឆាំងរុស្ស៊ីបានគណនាខុសយ៉ាងច្បាស់ក្រឡែត និងផ្ទុយពីការរំពឹងទុកទាំងស្រុង ។
ទន្ទឹមនោះ ឧស្សាហកម្មអឺរ៉ុបកំពុងលិចចូលទៅក្នុងវិបត្តិ ជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើថាមពល ។ ផលិតផលអ៊ឺរ៉ុបកំពុងបាត់បង់ការប្រកួតប្រជែងជាសកល, ឧស្សាហូបនីយកម្មរបស់អឺរ៉ុបកំពុងបង្កើនល្បឿន, រលកនៃការក្ស័យធនរបស់ក្រុមហ៊ុនធំៗកើនឡើងយ៉ាងគំហុក ស្របពេលកង្វះកម្លាំងពលកម្មជំនាញ អតិផរណា បំណុលរដ្ឋាភិបាល និងឱនភាពថវិកាបានឈានដល់កម្រិតព្រួយបារម្ភ ។

លោក Rafael Iangareev បន្ថែមថា រុស្ស៊ីកំពុងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចរបស់ខ្លួន ។ នៅក្នុងទំនាក់ទំនងបរទេស យើងផ្តោតលើការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានទស្សនវិស័យល្អ ដែលផ្តើមចេញពីការអនុលោមតាមកាតព្វកិច្ច បទដ្ឋាន និងច្បាប់អន្តរជាតិ ក៏ដូចជាប្រវត្តិនៃការធ្វើអាជីវកម្មជាមួយគ្នា ។
ទាំងនេះរួមមានតំបន់អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាហ្វ្រិក ហើយយើងក៏កំពុងផ្លាស់ប្តូរយ៉ាងលឿនទៅកាន់ការប្រើប្រាស់រូបិយប័ណ្ណជាតិ ប្រាក់រូប្លិរុស្ស៊ីក្នុងប្រតិបត្តិការពាណិជ្ជកម្មជាបន្តបន្ទាប់ ។ ជាពិសេសយើងកំពុងបន្តគោលនយោបាយមិនប្រើប្រាស់ប្រាក់ដុល្លានៅក្នុងសកម្មភាពសេដ្ឋកិច្ចបរទេសរបស់យើង ហើយយើងកំពុងបង្កើតប្រព័ន្ធទូទាត់ផ្ទាល់ខ្លួនរបស់យើងដោយឯករាជ្យពីលោកខាងលិចតែម្ដង ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


