ព័ត៌មានជាតិ
អ្នកផលិតអំបិលស្នើឱ្យរដ្ឋាភិបាលកាត់បន្ថយការនាំចូលអំបិលពីបរទេស ខណៈទិន្នផលកើនឡើងច្រើន
លោក អ៊ុយ សិលា ម្ចាស់ស្រែអំបិលបានស្នើរដល់ក្រសួងស្ថាប័ន និងជំនាញមេត្តាជួយកាត់បន្ថយនាំចូលអំបិលពីប្រទេសជិតខាង។
លោក អ៊ុយ សិលា បានលើកឡើងថា ទោះបីជាអំបិលឆ្នាំនេះប្រមូលផលបានច្រើនក៏ពិតមែន ក៏ប៉ុន្តែការលក់ចេញស្ថិតក្នុងចំនួនដ៏តិចតូចមួយប៉ុណ្ណោះ ជាមួយនឹងតម្លៃចុះថោក បើធៀបជាមួយតម្លៃអំបិលលក់ចេញ កាលពីពេលកន្លងទៅ។

អំបិលឆ្នាំនេះ គិតត្រឹមខែ កុម្ភៈ ដើម២០២៤ អំបិលនៅក្នុងឃ្លាំងមានចំនួន ៤.២៣០តោន ក្នុងនោះអំបិលប្រមូលបានថ្មីក្នុងឆ្នាំនេះ មានចំនួន ៣.៩៧០តោន ដោយការលក់ចេញទើបតែបានចំនួន ៣៥០តោន ប៉ុណ្ណោះ។ នេះបើតាមតួរលេខរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប។
លោក អ៊ុយ សិលា អ្នកគ្រប់គ្រងស្រែអំបិលនៅក្រុងកែប ខេត្តកែបបានឱ្យដឹងថា បច្ចប្បន្នលោកមានអំបិលក្នុងឃ្លាំងប្រមាណជាង ២ពាន់តោន ក្នុងនោះលោកទើបតែលក់បានប្រមាណ ៦ពាន់បាវតែប៉ុណ្ណោះ (១ប៉ាវ ស្មេី ៥០គ.ក)។
ទោះបីប្រមូលផលបានច្រើន តែលោកហាក់មិនសប្បាយចិត្តដោយសារតម្លៃទាបជាងឆ្នាំមុន ដោយបច្ចប្បន្នអំបិលលេខ១ ក្នុងមួយបាវ លក់បានតែ ១០.០០០ ទៅ ១១.០០០រៀល លេខ២ លក់បានពី ៨.000 ទៅ ៩.០០០រៀល (១បាវ ស្មើ ៥០គ.ក)។

ដោយឡែកកាលពីឆ្នាំកន្លងទៅអំបិល លេខ១ លក់បានចាប់ពី ២០.០០០រៀល និងលេខ២ ចាប់ពី ១៨.០០០ ទៅ ២០.០០០រៀល ឯណោះ។
លោក អ៊ុយ សិលា ម្ចាស់ស្រែអំបិលបានបង្ហាញការភ្ញាក់ផ្អើលថា ឆ្នាំនេះស្ងាត់ប្លែក ដោយមិនមានក្រុមឈ្មួញកណ្តាលចុះមកទិញច្រើនដូចឆ្នាំរាល់ៗដង។
យ៉ាងណាលោកបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន ដោយសារឈ្មួញកណ្តាលទាំងនោះកំពុងនាំចូលអំបិលពីបណ្តាប្រទេសមួយចំនួនដូចជាវៀតណាម ថៃ ឬឥណ្ឌា ជាដើម ជាមួយតម្លៃដែលទាបជាងយើងឆ្ងាយ។
លោក អ៊ុយ សិលា បន្តសំណូមដល់ប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រអំបិលដែលផលិតដោយធម្មជាតិរបស់ខ្មែរ ដែលជួយគាំទ្រដល់ការផលិតរបស់កសិករ និងជួយសុខភាពអ្នកបរិភោគផង។
ក្នុងនោះក៏ស្នើដល់ក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ កាត់បន្ថយការនាំចូលអំបិលពីប្រទេសជិតខាង ដើម្បីលើកស្ទួយផលិតអំបិលជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្ត។
លោក អ៊ុយ សិលា ម្ចាស់ស្រែអំបិលបានបញ្ជាក់ថា សម្រាប់ឃ្លាំងលោក មានប្រជាពលរដ្ឋអាចមកមើលកម្សាន្តពីចរន្តនៃការផលិតអំបិលធម្មជាតិយើងក៏បាន និងអាចទិញក្នុងចំនួនណាមួយក៏បាន។
លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ទិន្នផលអំបិលប្រមូលបានប្រមាណ ២ ម៉ឺនតោន ហើយនៅរយៈពេល ២ ខែទៀត លោកដាក់ក្ដីរំពឹងថា ទិន្នផលអាចនឹងទទួលបានពី ៧ ទៅ ១០ ម៉ឺនតោននៅឆ្នាំនេះ។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាផលិតអំបិលបានជាង ៨ ម៉ឺនតោន (៨១.១៥៤) កើនឡើង ១៤៨.៩ ភាគរយធៀបនឹងចំនួន ៣២.៩០០ តោនក្នុងឆ្នាំ២០២២។
របាយការណ៍ដដែលបង្ហាញថា ផ្ទៃដីផលិតអំបិលនៅកម្ពុជាមានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


