វប្បធម៌ ជំនឿ
ខ្មែរមានសីលធម៌ដើម តាំងពីមុន បុរេប្រវត្តិសាស្ត្រ
តាមរយៈ សុភាសិត “គ្មានវិជ្ជាប្រៀបដូចជាមនុស្សខ្វាក់” និង “មានវិជ្ជាឥតចរិយា ដូចបុប្ផាឥតគន្ធា” បង្ហាញឱ្យឃើញថា សង្គមខ្មែរ បានផ្ដល់តម្លៃទៅលើ ចំណេះដឹង និងជាពិសេសគឺ ចរិយា សីលធម៌។ ថ្វីដ្បិតខ្មែរទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌា តើ សីលធម៌ បានកើតក្នុងសង្គមខ្មែរ តាំងពីពេលណាមក?

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ បានឱ្យ “កម្ពុជាថ្មី” ដឹងថា សីលធម៌ជាមូលដ្ឋាន នៃអាកប្បកិរិយា ចិត្តគំនិត និងសកម្មភាព។ សម្រាប់ប្រទេសដទៃ និងជិតខាងកម្ពុជា គេកាន់ទំនៀមទម្លាប់ខុសពីយើង ពេលខ្លះ គេមានសាសនាផ្សេង ជំនឿផ្សេង ពោល គឺសីលធម៌ផ្អែកលើអ្វីដែលគេទោរទន់ទៅលើជំនឿរបស់គេ។ សម្រាប់កម្ពុជា សីលធម៌ធំបំផុត គឺសីលធម៌កតញ្ញូ សីលធម៌សច្ចៈ។

សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍បន្តថា៖ “សីលធម៌កតញ្ញូ សីលធម៌សច្ចៈ គឺធំណាស់ ចាប់តាំងពីបុរេប្រវត្តិសាស្ត្រមក គឺយើងប្រកាន់ខ្ជាប់សីលធម៌២ នេះ។ បន្តមកទៀត យើងឱ្យតម្លៃសីលធម៌ជីវិត សីលធម៌ជីវិតនេះ គឺទាក់ទងថា តើមនុស្សគួរធ្វើអ្វីដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សដែលគេរាប់រក ឱ្យតម្លៃ គោរព ស្រលាញ់។ ដើម្បីទទួលបានតម្លៃទាំងនេះ លុះត្រាតែយើងមានសីលធម៌ដែលមានតម្លៃពិតប្រាកដមួយ គឺមិនធ្វើឱ្យគេមានការអល់អែក ឬមានបញ្ហាឈឺចាប់ ប៉ុន្តែយើងបង្កឱ្យគេមានសេចក្ដីសុខ សប្បាយ”។

អ្នកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ឱ្យ “កម្ពុជាថ្មី” ដឹងថា សីលធម៌ស្ដែងចេញតាមរយៈការប្រព្រឹត្ត ដូចជា កាយវិការ អាកប្បកិរិយា ការនិយាយស្ដី ដេក ដើរ ឈរ អង្គុយជាដើម។ សកម្មភាពទាំងអស់របស់មនុស្សនេះ នឹងអាចឱ្យគេវាយតម្លៃថា មានសីលធម៌កម្រិតណា។

អ្នកស្រីបណ្ឌិត ជា វណ្ណី មានប្រសាសន៍បន្តថា៖ “មនុស្សត្រូវមានសីលធម៌ចំនួន៥ ទី១. សីលធម៌ផ្ទាល់ខ្លួន ដែលផ្ដើមចេញពីខ្លួនយើងម្នាក់ៗ ទី២. សីលធម៌ក្នុងគ្រួសារ ជាមួយឪពុកម្ដាយ យាយតា បងប្អូន នៅផ្ទះ ទី៣. សីលធម៌វិជ្ជាជីវៈ គឺសីលធម៌ក្នុងការប្រកបមុខរបរការងារ ទី៤. សីលធម៌សង្គម ព្រោះក្រៅពីគ្រួសារ ការងារ យើងត្រូវចូលក្នុងសង្គម និងសីលធម៌ពិភពលោក ដែលអាចឱ្យយើងរស់នៅជាមួយប្រទេសជាតិសាសន៍ផ្សេងគ្នាបានចុះសម្រុង ដោយសុខដុម និងសន្តិភាព។

គួរបញ្ជាក់ថា ក្នុងសង្គមខ្មែរបុរាណពិតជាប្រកាន់ពាក្យសច្ចៈ ឬសេចក្ដីពិតទៀងត្រង់ ដែលបន្សល់សុភាសិតដល់បច្ចុប្បន្នដូចជា “មនុស្សយកសម្ដី ដំរីយកភ្លុក” “ហ៊ានថា ហ៊ានធ្វើ” “ស្ដោះហើយ មិនលេបវិញ” ជាដើម។ ចំណែក ភាពកតញ្ញូ ឬការដឹងគុណ មានសុភាសិតដូចជា “ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំដើមឈើ” “ជ្រកក្រោមដើមឈើណា ត្រូវថែរក្សាដើមឈើនោះ” ហើយអ្នកដែលមិនចាំគុណ គេចាត់ទុកជាសត្វតិរិច្ឆាន ដូចជាពាក្យថា “ក្រពើវង្វេងបឹង ក្រពើល្មើសគុណ”… ជាដើម។ ចំពោះការដឹងគុណនេះ សង្គមខ្មែរ គោរពអ្នកមានគុណ បុព្វការីជន វីរជនពលីដើម្បីជាតិ តាំងពីលោកនៅមានជីវិត រហូតដល់ក្រោយបាត់បង់ជីវិត តាមរយៈការនឹករលឹក និងឧទ្ទិសកុសលក្នុងឱកាសពិធីបុណ្យនានាមិនថា បុណ្យភ្ជុំបិណ្ឌ បុណ្យកតញ្ញូ បុណ្យចូលឆ្នាំ សាងចេតិយតម្កល់អដ្ឋិធាតុជាដើម។ មិនត្រឹមតែគោរពមនុស្ស សង្គមខ្មែរក៏មានសីលធម៌គោរពធម្មជាតិ ដូចជា បុណ្យអុំទូក រំលឹកគុណព្រះគង្គា (ទឹក) ព្រះធរណី (ដី) បុណ្យដាលាន រំលឹកគុណ ស្រែស្រូវ ពិធីបង្ហើរខ្លែង រំលឹកគុណព្រះពាយ (ខ្យល់) ជាដើម។

ដើម្បីអបអរ និងត្រៀមទទួលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុននេះ “កម្ពុជាថ្មី” បានរៀបចំបង្កើត កម្មវិធីថ្មីមួយ ឈ្មោះថា “សីលធម៌សង្គម”។ កម្មវិធីនេះ មានគោលបំណង បង្ហាញសីលធម៌រស់នៅក្នុងសង្គមខ្មែរតាំងពីដើម រហូតដល់បច្ចុប្បន្ន, រកមូលហេតុដែលនាំឱ្យ សីលធម៌ខ្មែរមានការប្រែប្រួល និងដំណោះស្រាយ, ចង់ឱ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នាដោយការគោរព អធ្យាស្រ័យ ជួយគ្នា។ កម្មវិធីនេះ មានការផ្សាយផ្ទាល់ចំនួន ២ដង ក្នុង ១ខែ នៅថ្ងៃពុធ ចាប់ពីវេលាម៉ោង ១១ៈ០០ ព្រឹក។ កម្មវិធីមានការអញ្ជើញវាគ្មិនជំនាញៗដើម្បីចោទសួរ និងពិភាក្សាតាមប្រធានបទនីមួយៗ ព្រមទាំងផ្ដល់ឱកាសដល់មហាជនទូទៅ បញ្ចេញយោបល់ និងសួរសំណួរភ្លាមៗ តាមការបញ្ចេញមតិ (Comment) ពេលកំពុងផ្សាយផ្ទាល់ (Live)៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


