ព័ត៌មានអន្ដរជាតិ
រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ
ថ្លែងប្រាប់ ABC News កាលពីថ្ងៃចន្ទទី២៥ខែមីនា សមាជិកព្រឹទ្ធសភារដ្ឋ Florida លោក Marco Rubio បានព្រមានខ្លាំងៗថា ការវាយប្រហារភេរវកម្មថ្ងៃសុក្រសប្តាហ៍មុន នៅឯសាលប្រគំតន្ត្រី Crocus City Hall ជាងក្រុងមូស្គូ បានបង្ហាញយ៉ាងច្បាស់ថា ក្រុមជ្រុលនិយមរដ្ឋឥស្លាម បានចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេឡើងវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកទ័ពដ៏ច្របូកច្របល់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០២១ ហើយការវាយប្រហារនៅទីក្រុងមូស្គូនោះទៀតសោត ក៏អាចកើតឡើងនៅអាមេរិកដែរ។

លោក Rubio ប្រាប់កម្មវិធី “This Week” របស់ ABC ថា ISIS-Khorasan ដែលជាបណ្តាញរបស់ក្រុមរដ្ឋឥស្លាមមានមូលដ្ឋាននៅប្រទេសអាហ្វហ្គានីស្ថាន បានអះអាងទទួលខុសត្រូវចំពោះអំពើឃោរឃៅ វាបង្ហាញយ៉ាងច្បាស់ថា ក្រុមនេះ បានរីកដុះដាលជាថ្មី ហើយអាចរៀបចំផែនការវាយប្រហារផ្សេងទៀត គ្រប់ទីកន្លែង។
លោកបន្តថា ក្រុមនេះកកើតឡើងដោយខ្លួនឯង ហើយលេចចេញជារូបរាងយ៉ាងឆាប់រហ័សក្រោយការដកទ័ពរបស់អាមេរិក។ ចាប់តាំងពីទ័ពអាមេរិក ចាកចេញពីអាហ្វហ្គានីស្ថាន អាមេរិកលែងបើកការវាយប្រហារទៀងទាត់ដូចមុនទៀត ធ្វើឲ្យក្រុមភេរវករ បានដៃប្រព្រឹត្តអំពើឃោរឃៅដោយចំហ ដូច្នេះ រឿងនេះទុកឲ្យក្រុមតាលីបង់ ជាអ្នកចាត់ការចុះ។

លោក Rubio បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមជ្រុលនិយមរដ្ឋឥស្លាម បានបើកការវាយប្រហារជាច្រើននៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ង់ ហើយថែមទាំងព្រមានថា ការសម្លាប់រង្គាលនៅលើដីរុស្ស៊ីមានន័យថា ឆាប់ៗ ពួកគេក៏អាចប៉ុនប៉ងធ្វើអ្វីមួយស្រដៀងគ្នានេះដែរនៅសហរដ្ឋអាមេរិក។ ដូច្នេះ សហរដ្ឋអាមេរិក ត្រូវត្រៀមខ្លួនចំពោះការគំរាមកំហែងបែបនេះ ក្រុមជ្រុលនិយមរដ្ឋឥស្លាម អាចប្រើប្រាស់បណ្តាញជួញដូរ ដើម្បីចូលប្រទេសតាមព្រំដែនអាមេរិក-ម៉ិកស៊ិក។
ការព្រមានរបស់លោក Rubio កើតឡើង ខណៈកងកម្លាំងទីក្រុងមូស្គូ ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត ជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម នាំឲ្យមនុស្សត្រូវចាប់ខ្លួនសរុបកើនដល់ ១៤នាក់។

យោងតាមគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី, ជនសង្ស័យចុងក្រោយទាំងបីនាក់នេះគឺជាឪពុកកូននឹងគ្នា ដោយកូនមានឈ្មោះ Aminchon Islomov, Dilovar Islomov និងឪពុកឈ្មោះ Isroil Islomov អាយុ៦២ឆ្នាំ។ អ្នកទាំងបី ត្រូវចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការរៀបចំអំពើភេរវកម្ម។
ស្របពេលជាមួយគ្នានោះដែរ គណៈកម្មាធិការនេះ បានបញ្ជាក់ថា តួលេខមនុស្សស្លាប់ក្នុងការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់រុស្ស៊ី បានកើនដល់១៣៩នាក់ហើយ ក្រោយជនរងគ្រោះ២នាក់ទៀត ទទួលមរណភាពនៅមន្ទីរពេទ្យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភេរវករសារភាពថា ខ្លួនត្រូវគេជួលតម្លៃ ៥ ៤១៨ដុល្លារ ឲ្យវាយប្រហារនៅ រុស្ស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


