Connect with us

អត្ថាធិប្បាយ

បទអត្ថាធិប្បាយ៖ ច្រកចូលប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃ គួរបិទជារៀងរហូត!

បានផុស

នៅ

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា មានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះវិហារ ត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) សម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍ និងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកថ្មីៗនេះ មានសំណើពីភាគីថៃស្នើសុំបើកច្រកប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃឡើងវិញ ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរចូលមកទស្សនាតាមច្រកនេះជាថ្មី។ ការលើកឡើងនូវសំណើនេះ ត្រូវបានគេមើលឃើញថា បានកើតឡើងចំពេលដែលគណបក្សកាន់អំណាច និងមេដឹកនាំរបស់ប្រទេសថៃ មានទំនាក់ទំនងល្អជាមួយគណបក្សកាន់អំណាច និងមេដឹកនាំរបស់កម្ពុជាបច្ចុប្បន្ន។ ផ្អែកតាមកត្តាប្រវត្តិសាស្ត្រ បទពិសោធន៍កន្លងមក និងតថភាពជាក់ស្ដែង សាធារណជន និងបញ្ញវន្តខ្មែរភាគច្រើនយល់ថា រាជរដ្ឋាភិបាលកម្ពុជា មិនគួរអនុញ្ញាតឱ្យមានការបើកច្រកប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃឡើងវិញនោះទេ ទោះបីជាក្នុងហេតុផល និងរូបភាពណាក៏ដោយ។

ជាក់ស្ដែង កន្លងមក អាជ្ញាធរកម្ពុជា ធ្លាប់បានបើកច្រកប្រាសាទព្រះវិហារ ដើម្បីទទួលភ្ញៀវទេសចរដែលមកពីប្រទេសថៃ និងប្រទេសផ្សេងៗឱ្យចូលទស្សនាប្រាសាទនេះ។ ក្នុងពេលនោះ ការដំណើរការច្រកនេះ ក៏ធ្លាប់មានភាពរអាក់រអួលដែរ ពីព្រោះតែការខ្វែងគំនិតគ្នាលើទស្សនៈ និងផលប្រយោជន៍ពាក់ព័ន្ធ។ ក្រោយមកទៀត ក្នុងឆ្នាំ២០០៨ ច្រកចូលទស្សនានេះ ក៏ត្រូវបានអាជ្ញាធរកម្ពុជាសម្រេចចិត្តបិទទាំងស្រុង ដោយសារតែអ្នកនយោបាយជាតិនិយមជ្រុលរបស់ថៃបានយកប្រាសាទព្រះវិហារខ្មែរធ្វើជាកម្មវត្ថុនៃការប្រកួតប្រជែងខាងនយោបាយដណ្ដើមអំណាចផ្ទៃក្នុងរបស់ខ្លួន ដែលពេលនោះ នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉ាចាជីវ៉ា (Abhisit Vejjajiva) បានបញ្ជាឱ្យទាហានឈុតខ្មៅរបស់ខ្លួនចូលមកកាន់កាប់តំបន់ជុំវិញប្រាសាទព្រះវិហារខ្មែរ។

សភាពការណ៍តាមព្រំដែនរវាងកម្ពុជា និងថៃនៅពេលនោះ បានឡើងកម្ដៅខ្លាំងរហូតដល់មានការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំ បណ្ដាលឱ្យមានការខូចខាតផ្នែកខ្លះនៃសំណង់ប្រាសាទបុរាណនេះ បង្កឱ្យភាគីទាំងសងខាងមានអ្នកស្លាប់ និងអ្នករបួយរាប់រយនាក់ ហើយសភាពការណ៍នោះ បន្តអូសបន្លាយរហូតដល់ឆ្នាំ២០១១ រហូតដល់ពេលដែលលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា (Yingluck Shinawatra) បានឡើងធ្វើជានាយករដ្ឋមន្ត្រី ទើបមានភាពធូរស្រាលឡើងវិញ។

គួររម្លឹកថា ក្នុងអតីតកាលប្រទេសថៃធ្លាប់ដណ្ដើមកាន់កាប់ប្រាសាទព្រះវិហារខ្មែរ រហូតដល់ឆ្នាំ១៩៦២ ទើបប្រទេសថៃព្រមដកកងទ័ព និងនគរបាលរបស់ខ្លួនចេញពីទីនេះវិញ បន្ទាប់ពីប្រទេសនេះ បានចាញ់ក្ដីកម្ពុជាក្រោមយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ពេលដែលប្រទេសថៃព្រមដកកងទ័ព និងនគរបាលរបស់ខ្លួនចេញពីប្រាសាទព្រះវិហារ អាជ្ញាធរកម្ពុជា បានពិនិត្យឃើញថា ផ្នែកខ្លះនៃសំណង់ប្រាសាទត្រូវបានបំផ្លាញ ហើយវត្ថុបុរាណសំខាន់ៗ ក៏ត្រូវបានបាត់បង់ដែរ។

ដោយឡែកដើមចមនៃការផ្ទុះជម្លោះជាថ្មីនៅឆ្នាំ២០០៨ ត្រូវបានឯកអគ្គរាជទូតខ្មែរប្រចាំអង្គការសហប្រជាជាតិអះអាងថា ជម្លោះបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ដោយសារទាហានថៃប្រមាណ៥០ នាក់បានសម្រុកចូលមកក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា ចម្ងាយប្រហែល ៣០០ ម៉ែត្រពីប្រាសាទព្រះវិហារ។ សកម្មភាពចល័តទ័ពនេះ បានកើតឡើងក្រោយមួយសប្ដាហ៍ បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ។ ហេតុផលនៃការចូលមកកាន់ទីនោះ ប្រទេសថៃ អះអាងថា ពីព្រោះតែការបោះបង្គោលព្រំដែនមិនទាន់ត្រូវបានបញ្ចប់សម្រាប់ផ្នែកខាងក្រៅនៃតំបន់ដែលនៅជាប់នឹងប្រាសាទ ដែលត្រូវបានវិនិច្ឆ័យថា ជារបស់កម្ពុជាដោយសេចក្តីសម្រេច៩ ទល់នឹង ៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២។

នៅខែសីហា ឆ្នាំ២០០៨ វិវាទបានពង្រីកដល់ប្រាសាទតាមាន់ ជាប្រាសាទសង់ឡើងក្នុងសតវត្សទី១៣ ដែលមានចម្ងាយ ១៥៣ គីឡូម៉ែត្រ ខាងលិចប្រាសាទព្រះវិហារ (១៤°២០′៥៧″N ១០៣°១៥′៥៩″E) ហើយកម្ពុជា បានអះអាងថា កងទ័ពថៃបានចូលមកកាន់កាប់ប្រាសាទនេះដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ពេលនោះ ក្រសួងការបរទេសថៃបានបដិសេធថា ទាហានរបស់ខ្លួនមិនបានផ្លាស់ទីចូលទៅក្នុងតំបន់នោះទេ។

ដោយសារស្ថានភាពនៅតែបន្តមានភាពតានតឹង ហើយហេតុផលដែលភាគីថៃ បានលើកយកមកធ្វើជាលេស ដើម្បីចូលកកាន់កាប់នោះ ទាក់ទិននឹងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ ទើបកម្ពុជាសម្រេចចិត្តស្នើសុំឱ្យតុលាការនេះបកស្រាយសាលដីកានោះឡើងវិញ។ ក្រោយពីសាលដីកានេះត្រូវបានបកស្រាយឡើងវិញ ភាគីថៃហាក់រក្សាភាពស្ងៀមស្ងាត់ និងរក្សាទីតាំងឈរជើងនៅមួយកន្លែង ប៉ុន្តែ មិនបានដកកម្លាំងរបស់ខ្លួនចេញពីផុតតំបន់ជម្លោះនោះដាច់ស្រឡះនៅឡើយទេ។ ស្ថានភាពបែបនេះ អាចនឹងបង្កឱ្យមានជម្លោះសារជាថ្មីក្នុងករណីភាពជាអ្នកដឹកនាំ បុគ្គលភាព និងជំហរនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ ឬគណបក្សនយោបាយថៃណាមួយដែលមានគំនិតជាតិនិយមជ្រុលបានឡើងកាន់អំណាចជាថ្មី។

ហេតុនេះ បើទោះបីជាក្នុងរយៈពេលថ្មីៗកន្លងមកនេះ មានការស្នើសុំពីភាគីថៃពីតួអង្គជាច្រើន រួមទាំង សមាជិកសភាថៃផងនោះ ដែលចង់ឱ្យមានការបើកច្រកប្រាសាទព្រះវិហារនេះឡើងវិញក៏ដោយ ក៏យើងមិនគួរបើកឡើងវិញដែរ។ ពីព្រោះបើយោងតាមប្រវត្តិសាស្ត្រ បញ្ហាប្រាសាទព្រះវិហារ គឺជាបញ្ហារសើបបំផុតរវាងភាគីថៃ និងកម្ពុជា។ ម្យ៉ាងទៀត ជាធម្មតា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងថៃ ពេលខ្លះល្អ និងពេលខ្លះ មិនសូវល្អ អាស្រ័យលើទំនាក់ទំនងផ្ទាល់រវាងប្រមុខដឹកនាំនៃរដ្ឋាភិបាល និងជំហររបស់គណបក្សកាន់អំណាចរបស់ប្រទេសទាំងពីរ។ លក្ខខណ្ឌបែបនេះ វាងាយនឹងធ្វើឱ្យជម្លោះអំពីការកាន់កាប់ដីជុំវិញប្រាសាទព្រះវិហារ នឹងលាប់ឡើងវិញមិនខាន។

ម្យ៉ាងទៀត ទាំងការអនុវត្តសាលដីកាឆ្នាំ១៩៦២ ទាំងការអនុវត្តការសម្រេចជាថ្មីរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ២០១១ សុទ្ធតែបានបង្ហាញថា ភាគីថៃ មិនបានអនុវត្តត្រឹមត្រូវតាមសាលដីកា ឬបទបញ្ជារបស់តុលាការនេះទេ។ ទាំងអស់នេះ គឺជាបទពិសោធន៍ និងជាមេរៀនគ្រប់គ្រាន់ដែលភាគីកម្ពុជា បានយកធ្វើជាមូលដ្ឋានក្នុងការរក្សាជំហរមិនបើកច្រកប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃឡើងវិញ។

ជារួម ប្រសិនបើប្រទេសទាំងពីរចង់រក្សាមិត្តភាពជាអ្នកជិខាងល្អជាមួយគ្នា អ្នកនយោបាយ ឬប្រជាជាតិនៃប្រទេសទាំងពីរ មិនគួរជីកកកាយដំបៅចាស់ ឬព្យាយាមលើកសំណើណាមួយទាក់នឹងប្រសាទព្រះវិហារឡើយ ពីព្រោះបើផ្អៃកលើបទពិសោធន៍ប្រវត្តិសាស្ត្រ និងមេរៀននាពេលថ្មីៗកន្លងមកនេះ ជម្លោះពាក់ព័ន្ធនឹងប្រាសាទព្រះវិហារនេះ វាងាយនឹងផ្ទុះឡើង ហើយពេលផ្ទុះឡើងម្ដងៗ ប្រទេសទាំងពីរបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ធនធាន និងព្រមទាំងបង្កឱ្យមានទាហាន និងជនស៊ីវិលស្លាប់ និងរបួសរាប់រយនាក់ទៀតផង។

លើសពីនេះទៀត ការផ្ទុះជម្លោះជាបន្តបន្ទាប់នេះ វារឹតតែបញ្ឆេះឱ្យមានកំហឹងរវាងប្រជាជាតិរបស់យើងទាំងពីរលើវិស័យប្រវត្តិសាស្ត្រ វប្បធម៌ និងព្រំដែនមិនចេះចប់។ ហេតុនេះ ច្រកប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃ មិនគួរបើកឡើងវិញជារៀងរហូត បើទោះបីជាប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អយ៉ាងណាក៏ដោយ។ នេះ ពីព្រោះ ប្រសិនបើកច្រកនេះឡើងវិញ យូរ ឬឆាប់បញ្ហាដដែល អាចនឹងកើតឡើងវិញដោយជៀសមិនរួច ដែលនាំឱ្យរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរមើលមុខគ្នាមិនចំ និងបន្តយកគ្នាជាសម្រូវសួពូជ។ យើងមិនគួរដើរជាន់ដានប្រវត្តិសាស្ត្រតទៅទៀតទេ។

ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា ត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានាឡើងទៅកាន់ប្រាសាទព្រះវិហារឱ្យបានល្អប្រសើរ មានគុណភាព សុវត្ថិភាព និងនិរន្តរភាព ព្រមទាំង ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីប្រាសាទព្រះវិហារដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ទាំងភ្ញៀវទេសចរថៃផងឱ្យមកទស្សនាប្រាសាទព្រះវិហារ។ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ពួកគេអាចមកទស្សនាប្រាសាទព្រះវិហារដោយចូលតាមច្រកព្រំដែនអានសេះ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា)-អានម៉ា (ខេត្តឧប៊ុនរាជធានី ប្រទេសថៃ) និងច្រកផ្សេងៗទៀត ដែលស្ថិតនៅជិតប្រាសាទព្រះវិហារ។ ដោយឡែក ច្រកដែលចូលពីប្រទេសថៃ ត្រូវតែបិទជារៀងរហូត ដើម្បីបញ្ចៀសជម្លោះ និងរក្សាអធិបតេយ្យជាតិ និងបូរណភាពទឹកដី៕    

 ដោយ៖ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេច ហ៊ុន សែន អះអាងច្បាស់ៗថា គ្មានទេកិច្ចព្រមព្រៀងកាត់ដីឱ្យទៅវៀតណាម

សន្តិសុខសង្គម៦ ម៉ោង មុន

ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តភ្នំសំពៅ ស្នើឲ្យអាជ្ញាធរអន្តរាគមន៍ រឿងព្រះសង្ឃមួយអង្គចង់គ្រប់គ្រងវត្ត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Tesla បង្ហាញ​ផែនការ​ផលិត​មនុស្សយន្ត រួច​ដាក់​ធ្វើការនៅក្នុងក្រុមហ៊ុន​ នៅឆ្នាំ​ក្រោយ​

ព័ត៌មានជាតិ២២ ម៉ោង មុន

កសិដ្ឋាន ផលិតទឹកដោះគោស្រស់ក្នុងស្រុកមួយគ្រោងពង្រីកខ្លួននិងបង្កើនបរិមាណផលិត និងផ្គត់ផ្គង់ដើម្បីបំពេញតម្រូវការ​

Sokha Hotels

ព័ត៌មានពេញនិយម