កីឡា
វ៉ៃនៅ ONE មិនដែលចាញ់ ជើងខ្លាំង Petlampun ប៉ះ ពេជ្រ សម្បត្តិ សប្តាហ៍នេះ
កីឡាករកំពុងល្អនៅប្រទេសថៃ Petlampun Muadablampang នឹងធ្វើដំណើរមកទឹកដីកម្ពុជាដោយត្រូវប៉ះជើងខ្លាំង ពេជ្រ សម្បត្តិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសង្វៀនបាយ័ន ក្នុងខេត្តស្វាយរៀង។

កីឡាករថៃរូបនេះមិនទាន់អាចចាត់ទុកលំដាប់ A នៅប្រទេសថៃទេ ប៉ុន្តែរូបគេជាជើងខ្លាំងម្នាក់ដែលកំពុងល្អទាំងស្មារតីអង់អាច បច្ចេកទេសល្អ អាវុធធ្ងន់ និងកម្លាំងស៊ុហ្វពេញល្អ។ រូបគេជាប្រភេទកីឡាករវ៉ៃជំហរឆ្វេងពោលគឺការទាត់ជើងឆ្វេង និងកណ្តាប់ដៃឆ្វេងជាអាវុធពិឃាតរបស់គេ។

ក្រៅពីជំហរឆ្វេងជាអាវុធដ៏គ្រោះថ្នាក់បំផុត Petlampun ក៏អាចចេញកែង និងជង្គង់ទាំងឆ្វេង-ស្តាំបានយ៉ាងល្អដែរ។ អ្វីដែលមិនអាចមើលរំលងបានគឺការវ៉ៃខាវកណ្តាប់ដៃរបស់គេពិតជាគ្រោះថ្នាក់។ ភាគច្រើនរូបគេផ្តួលដៃគូដោយប្រើកណ្តាប់ដៃខាវ បន្ទាប់មកសន្ធាប់កណ្តាប់ដៃស្តាំ ដូច្នេះចំណុចនេះជាកត្តាដែលដៃគូត្រូវការប្រុងប្រយ័ត្នបំផុត។

ស្ថិតក្នុងវ័យ២៨ឆ្នាំ Petlampun មានប្រវត្តិឡើងសង្វៀនប្រមាណ១០៥ដង ក្នុងនោះទទួលបាន៨៥ដង និងបរាជ័យ២០ដង។ តាមស្ថិតិរបស់អ្នកជំនាញនៅសង្វៀន ONE បានបង្ហាញថា រូបគេមានអត្រាទទួលបានជ័យជម្នះ៨១%ក្នុងប្រវត្តិឡើងសង្វៀន។
ចាប់ពីពេលមានឈ្មោះវ៉ៃនៅសង្វៀន ONE Lumpinee តាំងពីខែមីនា ឆ្នាំ២០២៣មក រូបគេមានកំណត់ត្រាឈ្នះរហូតពោលគឺមិនទាន់បរាជ័យម្តងណាឡើយ។ ការប្រកួតចុងក្រោយបំផុតនៅសង្វៀន ONE កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ រូបគេបានផ្តួលកីឡាករជប៉ុន Hiroto Sameshima សន្លប់ក្នុងទឹកទី២។ ៣ប្រកួតផ្សេងទៀតនៅសង្វៀននេះ រូបគេបានយកឈ្នះមិត្តរួមជាតិ Petakake ដោយពិន្ទុ នៅខែមិថុនា ឆ្នាំ២០២៣, ឈ្នះមិត្តរួមជាតិ Sunvo Tded99 ដោយពិន្ទុ នៅខែមេសា ឆ្នាំ២០២៣ និងផ្តួលមិត្តរួមជាតិ Rambong ឲ្យសន្លប់ក្នុងទឹកទី៣ នៅខែមីនា ឆ្នាំ២០២៣។

នៅពេលនេះ Petlampun ត្រូវធ្វើដំណើរមកទឹកដីកម្ពុជាជាលើកដំបូងដោយត្រូវប្រឈមនឹងជើងខ្លាំងកម្រចាញ់ ពេជ្រ សម្បត្តិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីរួមខេត្តស្វាយរៀង។ ជំនួបនេះអាចចាត់ទុកជាការជួបដៃគូខ្លាំងបំផុតម្នាក់របស់ Petlampun ពីព្រោះថ្វីបើរូបគេបានឡើងសង្វៀនជាង១០០ដងមែន ប៉ុន្តែនិយាយពីដៃគូរបស់គេកន្លងមកអាចនិយាយបានថា នៅមិនទាន់ដូច ពេជ្រ សម្បត្តិ ដែលធ្លាប់ដៃគូខ្លាំងៗច្រើនរូបមកហើយ។
ក្របីព្រៃ ពេជ្រ សម្បត្តិ ប្រភេទកីឡាករដើរចូលវ៉ៃបុក ចេញកណ្តាប់ដៃផ្ទួនៗដែលត្រូវគ្នានឹង Petlampun ដែលចូលចិត្តចូលវ៉ៃដូចគ្នា។ ជឿជាក់ថា គូនេះមិនចាំបាច់អាជ្ញាកណ្តាលបង្ខំឲ្យវ៉ៃទេ ប៉ុន្តែអ្នកទាំងពីរនឹងវ៉ៃបុកសម្រុកធ្វើឲ្យកក្រើកសង្វៀនទីរួមខេត្តស្វាយរៀង។

ក្រៅពីគូសំខាន់ខាងលើ ក៏នៅមាន ឃីម បូរ៉ា និង ព្រុំ សំណាង ដែលសុទ្ធតែជួបដៃគូខ្លាំងៗ។ ជាពិសេសជើងខ្លាំងកម្ពុជា៤រូបដែលជាបេក្ខភាពដណ្តើមរថយន្តថ្មីសន្លាង១គ្រឿងគឺ ចាន់ ប៊ុនហឿន, មឿន សុខហ៊ុច, ធន់ ចាន់តាក់ និង សូត្រ វាសនា។ ទាយទាំងអស់គ្នាមើល៍ នរណាម្ចាស់រថយន្តថ្មីទំនើបនេះ?


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


