ព័ត៌មានជាតិ
ស្វែងយល់ពាក្យបច្ចេកទេស និងគន្លឹះទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
មានភស្តុតាងជាច្រើនបានបញ្ជាក់ថា អាកាសធាតុភពផែនដីនាពេលបច្ចុប្បន្ន បានប្រែប្រួលរួចទៅហើយ។ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការកើនឡើងកម្តៅសកល កើតឡើងដោយសារសកម្មភាពរបស់មនុស្ស។
ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាព្រឹត្តការណ៍ដែលបានកើតមានឡើង និងកំពុងបន្តកើតមានឡើងនាពេលអនាគត ដែលចាំបាច់ត្រូវមានវិធានការរួមគ្នាឆ្លើយតប។

បន្តទៀតនេះ កម្ពុជាថ្មីបង្ហាញពីពាក្យបច្ចេកទេស និងគន្លឹះទាក់ទងនឹងការប្រែប្រួលអាកាសធាតុ៖
ក. ធាតុអាកាស (សភាពពេល)
គឺជាសា្ថនភាពបរិយាកាសនៅពេលណាមួយ ឬនៅក្នុងរយៈពេលខ្លី និងនៅកន្លែងណាមួយ ដែលបញ្ជាក់ដោយបាតុភូតឧតុភូតនានា ដូចជាសម្ពាធបរិយាកាស សីតុណ្ហភាព សំណើមទឹកភ្លៀង ពពក ខ្យល់ជាដើម។ ភាគច្រើនធាតុអាកាសប្រែប្រួលតាមម៉ោងនិងថ្ងៃ។ ឧទាហរណ៍៖ រាជធានីភ្នំពេញថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មានសីតុណ្ហភាពអប្បរមា ២៦ oC និងអតិបរមា ៣៤ oC។
ខ. អាកាសធាតុ
ជាលក្ខខណ្ឌបរិយាកាស ដែលជាស្ថិតិមធ្យមភាគរបស់តំបន់ណាមួយដែលពិនិត្យឃើញរយៈពេលយូរឆ្នាំ (៣០ឆ្នាំ)។ ឧទាហរណ៍៖ អាកាសធាតុនៅប្រទេសកម្ពុជា មានលក្ខណៈក្តៅហើយសើម។
គ. មណ្ឌលបរិយាកាស
គឺជាស្រទាប់ឧស្ម័នច្រើនជាន់ គ្របដណ្តប់ជុំវិញផែនដី។ បរិយាកាសស្ងួតផ្សំស្ទើរទាំងស្រុងពីល្បាយនៃឧស្ម័នអាសូត ៧៨% នៃល្បាយគិតជាមាឌ អុកស៊ីសែន ២១% នៃល្បាយគិតជាមាឌ និងឧស្ម័នមួយចំនួនទៀតដូចជាអាកុង ០.៩៣% នៃល្បាយគិតជាមាឌ អេល្យូមនិងឧស្ម័នផ្ទះកញ្ចក់ដូចជា ឧស្ម័នកាបូនិក ០.០៣៥% នៃល្បាយគិតជាមាឌ និងអូសូនជាដើម។ បរិយាកាសក៏ផ្សំឡើងពីចំហាយទឹក ពពក និងអាអេរ៉ូសូលផងដែរ។
ឃ. ការប្រែប្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុគឺជាការប្រែប្រួលស្ថានភាពអាកាសធាតុដែលអាចកំណត់បាន (តាមរយៈការវិភាគសិ្ថតិ) តាមរយៈការប្រែប្រួលតួលេខមធ្យម ហើយការប្រែប្រួលនោះបន្តកើតឡើងក្នុងរយៈពេលវែងច្រើនទសវត្សរ៍ឬយូរជាងនេះ។
ង. កំដៅផែនដី (Global Warming) និងការប្រែប្រួលអាកាសធាតុ (Climate Change)
កំដៅផែនដី សំដៅទៅលើការកើនឡើងសីតុណ្ហភាពមធ្យម មានកម្រិតយឺតនៅស្រទាប់ក្រោមនៃផែនដី ដោយសារពន្លឺព្រះអាទិត្យដែលចាំងមកផែនដី ត្រូវបានចាប់យកនៅក្នុងបរិយាកាស។ ម្យ៉ាងទៀត កំដៅផែនដីត្រូវបានគេចាត់ទុកថាជាកំដៅភពផែនដីទាំងមូល ផែ្អកទៅលើកម្រិតសីតុណ្ហភាពមធ្យមនៅលើផ្ទៃផែនដី។
ការប្រែប្រួលអាកាសធាតុ សំដៅទៅលើការប្រែប្រួលរយៈពេលវែង និងខ្លាំងនៅក្នុងអាកាសធាតុសកល។ វាគឺជាការប្រែប្រួលលក្ខណៈអាកាសធាតុតំបន់ក្នុងរយៈពេលវែងដោយរួមមាន សីតុណ្ហភាព សំណើម របបទឹកភ្លៀង ខ្យល់ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ។
ច. ឧស្ម័នផ្ទះកញ្ចក់
គឺជាឧស្ម័នដែលស្រូបយក និងបញ្ចេញកាំរស្មីតាមជំហានរលកជាក់លាក់ក្នុងជំហានរលកនៃរំភាយរសី្មកម្តៅក្រហមអាំងហ្វ្រា ដែលភាយចេញពីផ្ទៃផែនដី បរិយាកាស និងពពក។ ឧស្ម័នផ្ទះកញ្ចក់មាននៅក្នុងបរិយាកាស និងកើតឡើងដោយធម្មជាតិ ឬដោយសកម្មភាពមនុស្ស។
ឆ. ផលផ្ទះកញ្ចក់
ដំណើរ មូលហេតុនិងផលផ្ទះកញ្ចក់មានដូចតទៅ៖ កាំរស្មីព្រះអាទិត្យឆ្លងកាត់បរិយាកាស ហើយផ្តល់កំដៅដល់ផ្ទៃផែនដី បន្ទាប់មកផ្ទៃផែនដីចាំងផ្លាតកំដៅទៅក្នុងបរិយាកាសវិញ ដោយកំដៅមួយភាគចូលទៅដល់លំហអវកាស ស្របពេលនោះដែរឧស្ម័នផ្ទះកញ្ចក់ស្រូបយកកំដៅខ្លះ ហើយជះកំដៅត្រលប់ទៅផ្ទៃផែនដីវិញ។ ក្រោយមក នៅពេលដែលឧស្ម័នផ្ទះកញ្ចក់កើនឡើងកាន់តែច្រើនក្នុងបរិយាកាស កំដៅកាន់តែច្រើនក៏ត្រូវរាំងខ្ទប់នៅក្នុងបរិយាកាស ដែលបណ្តាលឱ្យមានកំណើនកំដៅសកល។
ជ. ប្រភេទនៃឧស្ម័នផ្ទះកញ្ចក់
-ឧស្ម័នកាបូនិច (CO2) កើតឡើង ដោយសារការដុតឥន្ធនៈហ្វូស៊ីល (ធ្យូងថ្ម ប្រេង និងឧស្ម័ន) និងការបាត់បង់ព្រៃឈើ
-មេតាន (CH4) មានប្រភពចំបងមកពីការពុកផុយ នៃអង្គធាតុសរីរាង្គផ្សេងៗ ដែលកង្វះអុកស៊ីសែន ការធ្វើស្រែ ការចិញ្ចឹមសត្វ និងសំណល់។ល។
-ឌីអាសូតម៉ូណូអុកស៊ីត (N2O) មានប្រភពចំបងមកពីការធ្វើកសិកម្ម ការប្រើជីគីមី។ល។
-អ៊ីដ្រូហ្លុយអរ៉ូកាបូន (HFCs) មានប្រភពពីដំណើរការឧស្សាហកម្ម និងការប្រើប្រាស់ដូចជា៖ ការប្រើម៉ាស៊ីនត្រជាក់ ទូទឹកកក ថ្នាំបាញ់ និងផលិតផលនៃសារធាតុរំលាយ។ល។
-ពែរហ្លុយអរ៉ូកាបូន (PFCs) មានប្រភពពីដំណើរការឧស្សាហកម្ម ដូចជាការផលិតអាលុយមីញ៉ូមជាដើម។
-ស៊ុលភួអិចសាក្លរូ (SF6) មានប្រភពពីដំណើរឧស្សាហកម្មដូចជា ការផលិតម៉ាញ៉េស្យូម វិស័យអគ្គិសនី។ល។
-អូសូន (O3) នៅក្នុងបរិយាកាសជិតផ្ទៃផែនដី។ ស្រទាប់អូសូនជាផ្នែកដ៏សំខាន់មួយនៃបរិយាកាស។ ស្រទាប់អូសូននេះ ជួយការពារជីវិតនៅលើផែនដីពីគ្រោះថ្នាក់នៃកាំរស្មីព្រះអាទិត្យ។
-ចំហាយទឹក (H2O) ជាឧស្ម័នផ្ទះកញ្ចក់មួយប្រភេទដែលកើតឡើងដោយសារធម្មជាតិតាមរយៈវត្តទឹក។
ឈ. ការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាអ្វី?
គឺការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីបន្ថយការកើនឡើងនូវកំដៅផែនដី តាមរយៈការចាត់វិធានការនានា ដូចជាការប្តូរការប្រើប្រាស់ប្រភពថាមពល ការអភិរក្ស និងការដាំដុះព្រៃឈើ និងការកែលម្អស្តង់ដា និងបច្ចេកវិទ្យាការបង្កើនប្រសិទ្ធភាពថាមពល។
ញ. ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុជាអ្វី?
គឺជាលទ្ធភាពសម្របខ្លួនរបស់មនុស្ស សត្វ រុក្ខជាតិ ឬប្រព័ន្ធអេកូឡូស៊ី ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងទាញយកកាលានុវត្តភាព ឬដោះស្រាយផលវិបាកនានានៃការប្រែប្រួលអាកាសធាតុ។
ដ. ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុជាអ្វី?
សំដៅលើសមត្ថភាពរបស់សហគមន៍ ឬសង្គមណាមួយ ដែលមានលក្ខណៈជាប្រព័ន្ធដែលប្រឈមទៅនឹងសញ្ញាគ្រោះថ្នាក់នានា ដើម្បីធ្វើការបន្ស៊ាំតាមរយៈការទប់ទល់ឬកែប្រែដើម្បីឈានដល់ ឬរក្សាមុខងារ ឬរចនាសម្ព័ន្ធក្នុងកម្រិតដែលទទួលយកបាន។ ជារួមភាពធន់សំដៅលើ៖ (១) សមត្ថភាពក្នុងការងើបចេញពីព្រឹត្តិការណ៍អាកាសធាតុអាក្រក់ និង (២) សមត្ថភាពធន់នឹងសម្ពាធអាកាសធាតុមិនប្រក្រតី។
សមត្ថភាពធន់ខ្ពស់គឺដោយសារភាពងាយរងគ្រោះទាប រីឯសមត្ថភាពធន់ទាបគឺដោយសារភាពងាយរងគ្រោះខ្ពស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


