ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី បញ្ជាក់ពីដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែន ឆ្ពោះទៅតំបន់កន្ទុយនាគ
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទនៅរសៀលនេះថា កងវិស្វកម្មដឹកនាំដោយលោក ខ្វាន់ សៀម បានបញ្ជូនគ្រឿងចក្រដើម្បីស្ថាបនាផ្លូវក្រវាត់ព្រំដែនពីចំណុចស្រុកអណ្ដូងមាស ទៅស្រុកតាវែង បន្តទៅតំបន់កន្ទុយនាគព្រំប្រទល់ ៣ ប្រទេស កម្ពុជាឡាវនិងវៀតណាម។
លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលបានបញ្ជាឲ្យកងវិស្វកម្មសាងសង់ផ្លូវព្រំដែនប្រវែងជាង ២០០ គីឡូម៉ែត្រ ដែលក្នុងនោះមានកំណាត់សាងសង់នៅក្នុងខេត្តរតនគិរី និងកំណាត់សាងសង់នៅក្នុងខេត្តមណ្ឌលគិរី។
យ៉ាងណាមិញ ឆ្លើយតបការសាកសួរបន្ថែមរបស់កម្ពុជាថ្មី លោកក៏មិនទាន់ប្រាប់ព័ត៌មានលម្អិតសម្រាប់ដំណើរការសាងសង់ផ្លូវក្រវាត់ព្រំដែននៅក្នុងខេត្តរតនគិរី។
«មកដល់ម៉ោងនេះ ខ្ញុំមិនទាន់ទទួលបានរបាយការណ៍លម្អិតនោះទេ។ ព័ត៌មានបឋម គឺគ្រឿងចក្របានទៅដល់ទីតាំងមួយចំនួនធំហើយ នឹងចាប់ផ្ដើមសាងសង់បន្តពីអណ្ដូងមាសទៅតាវែង»។
កន្លងទៅកងវិស្វកម្ម បានសាងសង់ផ្លូវក្រវាត់ព្រំដែនបានប្រវែងជាង ៨៩ គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តរតនគីរី ប៉ុន្តែស្ថានភាពផ្លូវដែលក្រាលដោយក្រួសក្រហមរងការខូចខាតដោយសារទឹកភ្លៀង និងគ្រោះធម្មជាតិ។ បើតាមលោកអភិបាលខេត្ត តាមការណែនាំពីប្រមុខរដ្ឋាភិបាល កងវិស្វកម្មនឹងជួសជុលផ្លូវដែលរងការខូចខាត និងសាងសង់បន្តឆ្ពោះទៅតំបន់កន្ទុយនាគ។
ថ្លែងបង្ហាញអំពីសមិទ្ធផលរយៈពេល ១ ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាកិច្ចការដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍតាមបណ្ដោយព្រំដែន។
រដ្ឋាភិបាលជាច្រើនអាណត្តិ ចាប់តាំងពីឆ្នាំ ១៩៩៤ បានជំរុញក្នុងការកសាងផ្លូវតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងមានវៀតណាម ឡាវ និងថៃ។ តាមបណ្ដោយព្រំដែនជាមួយប្រទេសវៀតណាម សម្តេចធិបតីបានបញ្ជាក់ថា ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ រដ្ឋាភិបាលបានសាងសង់ផ្លូវក្រវាត់ព្រំដែនបានប្រវែង ៦៨៦.៩៦ គីឡូម៉ែត្រ លើផែនការសរុប ១ ០៦៦ គីឡូម៉ែត្រ។
ក្នុងឱកាសជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យកងវិស្វកម្មស្ថាបនាផ្លូវក្រវាត់ព្រំដែនឲ្យទៅដល់តំបន់កន្ទុយនាគ។
សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះថា «ទីនោះខ្ពស់ណាស់កន្លងទៅត្រូវចូលពីទឹកដីវៀតណាម។ យើងត្រូវពុះពារ ចំណាយយ៉ាងណាក៏ដោយ សាងសង់សម្រេចឲ្យបាន។ ទៅថ្ងៃអនាគតត្រូវឲ្យកូនខ្មែរ អាចឡើងទៅតំបន់កន្ទុយនាគតាមទឹកដីខ្មែរ ដែលនេះជាមហិច្ឆតារបស់យើង»។
ពាក់ព័ន្ធក្ដីកង្វល់របស់ប្រជាពលរដ្ឋអំពីការអភិវឌ្ឍខេត្តចំនួន ៤ នៅតំបន់ភាគឦសានដែលរួមមាន ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី សម្តេចនាយករដ្ឋមន្រ្តីបានចាត់ទុកការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការផ្ដល់ដីឲ្យប្រជាពលរដ្ឋទៅរស់នៅកាន់តែច្រើន នឹងជួយបង្កើតជាសហថាមពលក្នុងការអភិវឌ្ឍខេត្តទាំង ៤ នេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា