ព័ត៌មានជាតិ
អ្នកនាំពាក្យថា ការដកខ្លួនរបស់អាមេរិកពីកិច្ចព្រមព្រៀងប៉ារីសស្ដីពីអាកាសធាតុមិនប៉ះពាល់ដល់គម្រោងលក់កាបូនរបស់កម្ពុជាទេ
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា បានលើកឡើងថាការដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងបារីសស្ដីពីអាកាសធាតុមិនធ្វើឱ្យប៉ះពាល់ដល់កិច្ចគាំពារបរិស្ថានរបស់កម្ពុជាជាពិសេសគម្រោងលក់កាបូនរេដបូកនោះទេ។
រ៉េដបូកក៏ជាចំណែកមួយក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីអាកាសធាតុនេះដែលបានតម្រូវប្រទេសអភិវឌ្ឍន៍ទាំងអស់អាចប្រើប្រាស់គម្រោងរេដបូកដើម្បីរួមចំណែកការឡើងកម្ដៅផែនដីតាមរយៈការទិញនូវកាបូនព្រៃឈើពីប្រទេសកំពុងអភិវឌ្ឍន៍។

ប្រាប់កម្ពុជាថ្មីកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោក ខ្វៃ អាទិត្យា បានលើកឡើងថាអាមេរិកធ្លាប់បានដកខ្លួនចេញពីកិច្ចព្រមព្រៀងបារីសស្ដីពីការប្រែប្រួលអាកាសធាតុម្ដងរួចហើយ ទោះជាយ៉ាងណាលោកយល់ថាក្នុងនាមជាប្រទេសសមាជិក និងប្រទេសដែលអភិវឌ្ឍន៍គួរមានកាតាព្វកិច្ចកាន់តែខ្លាំងដើម្បីជួយដល់ភពផែនដី។
លោកសរសេរមកកាន់កម្ពុជាថ្មីតាមសារអេឡិចត្រូនិចតេឡេក្រាមថា៖ «កម្ពុជាមិនបានធ្វើការជារដ្ឋាភិបាលអាមេរិកលើការងារនេះ(លក់កាបូន)នោះទេ យើងធ្វើកិច្ចសហការជាមួយក្រុមហ៊ុនឯកជនរបស់អាមេរិក»។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ USAID បានឱ្យដឹងថាគិតត្រឹមខែសីហា ឆ្នាំ២០២៤ USAID កម្ពុជា បានគាំទ្រដល់ការអភិវឌ្ឍគម្រោងរេដបូកចំនួន៩នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១២មក។ គម្រោងរេដបូក កែវសីមា ជាគម្រោងមួយក្នុងចំណោមគម្រោងទាំងនោះ។
កាលពីថ្ងៃច័ន្ទក្នុងពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកលោកបានចុះហត្ថលេខាលើឯកសារមួយចំនួនក្នុងនោះក៏មានការដកខ្លួនចេញរបស់អាមេរិកពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីបរិស្ថានផងដែរដែលលោកថានឹងឱ្យអាមេរិកសល់លុយបានរាប់ពាន់លានបន្ទាប់ពីចាកចេញពីកិច្ចព្រមព្រៀងនេះ។

ទោះជាយ៉ាងណានាយកប្រចាំប្រទេសនៃអង្គការ WWF នៅកម្ពុជាលោក សេង ទៀក ថាលោកមិនបានពិនិត្យលម្អិតលើការដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងបារីសស្ដីពីបរិស្ថាននេះនៅឡើយទេ តែលោកយល់ថាការដកខ្លួនរបស់អាមេរិកគឺពិតណាស់នឹងប៉ះពាល់ដល់កិច្ចគាំពារបរិស្ថានពិភពលោក។
លោក សេង ទៀក៖ «ព្រោះអាមេរិកជាអ្នកបំភាយឧស្ម័នច្រើនហើយបើដកខ្លួនវានឹងធ្វើឱ្យប៉ះពាល់ដែរ»។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាសន្ធិសញ្ញាអាកាសធាតុអន្តរជាតិ ដែលមានគោលបំណងកំណត់ការឡើងកំដៅផែនដីឱ្យនៅខាងក្រោម ២អង្សាសេ។ ដើម្បីសម្រេចគោលដៅនេះប្រទេសនានាមានបំណងកាត់បន្ថយឱ្យបានខ្ពស់បំផុតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកលតាមដែលអាចធ្វើទៅបាន ដើម្បីសម្រេចបាននូវពិភពអព្យាក្រឹតអាកាសធាតុនៅពាក់កណ្តាលសតវត្ស។ វាត្រូវបានអនុម័តដោយភាគីចំនួន១៩៦ នៅទីក្រុងប៉ារីសនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ហើយចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ចាប់តាំងពីឆ្នាំ២០១៦ កម្ពុជាលក់កាបូនបានជាង១១,៦លានដុល្លារអាមេរិកពីគម្រោងរេដបូក រួមមានរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់ ដែលក្នុងនោះសហរដ្ឋអាមេរិកក៏ជាអ្នករួមចំណែកទិញមួយផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


