ព័ត៌មានជាតិ
KOICA សន្យាផ្តល់ហិរញ្ញប្បទាន ១១,៧លានដុល្លារសម្រាប់កំណែទម្រង់ និងកសាងសមត្ថភាពសាលាភូមិន្ទរដ្ឋបាលកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសន្យាផ្តល់ហិរញ្ញប្បទានចំនួន ១១,៧លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់កំណែទម្រង់អភិបាលកិច្ច និងការធ្វើឲ្យស្ថាប័ននេះប្រសើរឡើង។

កិច្ចសន្យាផ្តល់ហិរញ្ញប្បទាននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបញ្ចប់បូកសរុបសម្រាប់ការសិក្សាស៊ីជម្រៅនៃគម្រោងដែលធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាលក្រោមអធិបតីភាពលោកស្រី Shin Jungyeon នាយកស្តីទីនៃការិយាល័យ KOICAកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីវិធានការសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជារួមមាន ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ការកសាងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្ត។ ឯកឧត្តម បានកត់សម្គាល់ថា
ការដាក់ឱ្យដំណើរការទាន់ពេលវេលារបស់គម្រោង KOICA ឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ខ្លួនក្នុងការគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។

គម្រោងនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រតិបត្តិការតាមរយៈការផ្តល់សេវាពិគ្រោះយោបល់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ និងប្រព័ន្ធបណ្តុះបណ្តាលដោយផ្តោតជាពិសេសលើការគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់ការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ។ លើសពីនេះទៀតការបង្កើតវេទិកាអប់រំតាមប្រព័ន្ធអ៊ីនធឺណែត នឹងធ្វើឱ្យមន្ត្រីរាជការអាចទទួលបានការបណ្តុះបណ្តាលទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធ (online and offline) ដែលរួមចំណែកដល់គោលដៅរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងការបង្កើនចំនួនមន្ត្រីរាជការដែលបានទទួលការបណ្តុះបណ្តាលប្រចាំឆ្នាំ។

តាមរយៈការបង្កើតវេទិកាអប់រំតាមអ៊ីនធឺណិត និងការពង្រឹងការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)
ក្នុងវិស័យអប់រំសម្រាប់មន្ត្រីរាជការ គម្រោងនេះក៏នឹងគាំទ្រដល់វិស័យអាទិភាពរបស់រដ្ឋាភិបាលកម្ពុជានៃការធ្វើបរិវត្តកម្មឌីជីថល ឬ Digital Transformation ក្នុងការគ្រប់គ្រងសាធារណៈ។ គំនិតផ្តួចផ្តើមនេះស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រតិបត្តិការ និងបង្កើតសេវាសាធារណៈដែលដំណើរការដោយបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព។
គួរកត់សម្គាល់ថា KOICA បានធ្វើការសិក្សាលទ្ធភាពដំបូងសម្រាប់គម្រោងដែលបានរៀបរាប់ខាងលើ ក្នុងខែធ្នូ
ឆ្នាំ២០២៣។ ការសិក្សាលទ្ធភាពទទួលបានលទ្ធផលវិជ្ជមាន ដែលនាំឱ្យ KOICA អនុម័តលើការអភិវឌ្ឍន៍គម្រោងចំនួន១១,៧លានដុល្លារ សម្រាប់រយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ នេះជាការបន្ថែមចំនួន១,៧លានដុល្លារ និងជាការពន្យាររយៈពេលពីរឆ្នាំ បើធៀបនឹងសំណើដើមនៃគម្រោង១០លានដុល្លារក្នុងរយៈពេលបីឆ្នាំ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


