Connect with us

សន្តិសុខសង្គម

អ្នកតាមដានបញ្ហាសង្គមជំរុញឱ្យមានដំណោះស្រាយករណីចោរមុខដដែលៗ

បានផុស

នៅ

អ្នកតាមដានបញ្ហាសង្គមជំរុញដល់រដ្ឋាភិបាលឱ្យមានវិធានការដោះស្រាយករណីមុខសញ្ញាលួច ឆក់ ប្លន់ បន្ទាប់ពីចេញពីពន្ធនាគារនៅតែបន្តរបរដដែល ដើម្បីថែរក្សាសន្ដិសុខ ស្ថិរភាព និងភាពសុខដុមនៃសង្គមជាតិ។ ការលើកឡើងនេះបន្ទាប់ពីស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន ណារិន្ទ បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីដើមខែមីនានេះដោយថា «មុខសញ្ញាដែលធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសអសន្តិសុខលួច , ឆក់ និងប្លន់ ពេលចេញមកវិញជនសង្ស័យមិនដែលប្តូរមុខរបរទេប្រមាណ ៩០ភាគរយ គឺនៅបន្តអាជីពដដែល»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួន ណារិន្ទ លើកឡើងថា៖ «គាត់ចេញមកគាត់បន្តធ្វើទៀត! អ៊ីចឹងថ្មីៗនេះពេលយើងឃាត់ចាប់ទៅឃើញថាសុទ្ធតែអ្នកធ្លាប់ជាប់អស់អាជ្ញាទោសក្នុងពន្ធនាគារ ហើយចេញមកប្រព្រឹត្តិដដែល»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង លើកឡើងថាវាជារឿងខាងបង់មួយយ៉ាងធំដែលរដ្ឋខិតខំអប់រំកែប្រែអ្នកទោសហើយទទួលបានលទ្ធផលបែបនេះ។ លោកយល់ថាមូលហេតុដែលបណ្ដាលឱ្យអ្នកទោសលួច ឆក់ ប្លន់ ចេញមកវិញប្រព្រឹត្តិបទល្មើសដដែលអាចបណ្ដាលមកពីកង្វះសមត្ថភាពក្នុងការស្ថានីតិសម្បទា និងសម្មាហរណកម្មចូលសង្គមវិញ។

លោកថា៖ «ទាំងអស់នេះគឺសំខាន់! បើយើងមិនបានគិតពីបញ្ហានេះ​ទេយើងមិនដោះស្រាយទេ យើងមិនស្វែងរកវិធីថ្មីសម្រាប់ការតម្រង់ទិសទាំងយុវវ័យដែលជាប់ពន្ធនាគារ និងមនុស្សធំ គឺស្ថានភាពនេះគឺវាអត់បានធ្វើឱ្យប្រសើរទេ។ អ៊ីចឹងការដាក់ពន្ធនាគារគឺជាការបង្ខាំងសិទ្ធិសេរីភាពគាត់មួយរយៈហើយក៏អត់បានជួយគាត់ឱ្យកែប្រែ»។

លោកជំរុញឱ្យមានកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំនិនជីវិតសម្រាប់អ្នកទោសឱ្យក្លាយជាកម្មករជំនាញ ហើយប្រសិនជាអាចធ្វើកិច្ចសហការជាមួយក្រុមហ៊ុនសហគ្រាសបង្កើតការងារដល់ពួកគាត់ ធ្វើឱ្យគាត់មានចំណូលនិងស្គាល់ពីតម្លៃនៃការងារ និងសល់ប្រាក់ខ្លះដែលពេលពួកគេចេញពីពន្ធនាគារអាចប្រកបរបរចិញ្ចឹមជីវិតបានដូចពលរដ្ឋទូទៅ។

ទាក់ទងនឹងករណីនេះប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោកបណ្ឌិត ប៉ា ច័ន្ទរឿន បានលើកឡើងថាបញ្ហាដែលអ្នកជាប់ទោសដោយលួច ឆក់ ប្លន់ នៅតែប្រព្រឹត្តិបទល្មើសដដែលជាដដែលនេះបានឆ្លុះបញ្ចាំងពីកម្សោយនៃពន្ធនាគារនៅកម្ពុជា ដែលទាមទារឱ្យមានការដោះស្រាយជាប្រព័ន្ធដើម្បីជួយដល់អ្នកទោសទាំងនោះទទួលបាននូវការស្ដានីតិសម្បទាន និងបំនិនជីវិតរបស់ពួកគេ។

លោកថា៖ «គោលបំណងនៃការដាក់ទោសជនល្មើស ឬក៏ឧក្រិដ្ឋជន មិនមែនគ្រាន់តែជាផ្តន្ទាទោសឃុំខ្លួនជនទាំងអស់ហ្នឹងមិនឱ្យបន្តសកម្មភាពឬក៏ការដាក់ទណ្ឌកម្មចំពោះទង្វើឃោឃៅឬក៏ទង្វើខុសច្បាប់របស់ខ្លួនទេ។ តែក៏មានចំណែកមួយនៅក្នុងការស្ដានីតិសម្បទា អ៊ីចឹងហើយបានជាពន្ធនាគារគេប្រើពាក្យថាមជ្ឈមណ្ឌលកែប្រែ។ កែប្រែតាំងពីផ្នត់គំនិតរបៀបគិតការឱ្យតម្លៃឥរិយាបថរបស់បុគ្គលហ្នឹងពេលដែលចប់ការទទួលទោសហ្នឹងមានការគិតផ្នត់គំនិតថ្មី និងមានជំនាញទៀត»។

កម្ពុជាថ្មីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក ឃៀង សុណាឌីន ដើម្បីឆ្លើយតបបាននៅឡើយទេ។

តែសម្រាប់អគ្គនាយក​រងនៃអគ្គ​នាយកដ្ឋាន​ពន្ធនាគារ និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ ពន្ធនាគារព្រៃស លោក នុត សវនា ថាការវិនិច្ឆ័យចំពោះអ្នកណាម្នាក់ដែលបានប្រព្រឹតិ្តបទល្មើសលួច ឆក់ ប្លន់ គឺខុសគ្នាទៅតាមសមាសភាព៣ គឺនគរបាលដែលឃាត់ខ្លួនជនសង្ស័យផ្ទាល់ តុលាការដែលជាអ្នកសម្រេចអំពីទោសទណ្ឌឬដោះលែង និងពន្ធនាគារដែលជាអ្នកអនុវត្តន៍តាមបញ្ជាឃុំខ្លួនរបស់តុលាការ។

លោកថា៖ «ពេលដែលខ្ញុំស៊ីញ៉េបទបញ្ជាឃុំគឺតាមហ្នឹង(ការសម្រេចរបស់តុលាការ) យើងមានឯកសារអីត្រឹមត្រូវ ហើយយើងរាប់តែអ្នកដែលអនុវត្តន៍ទោសពីមុនទេ! ប្រសិនជាអ្នកនោះ តុលាការទម្លាក់បទចោទហើយត្រូវមកជាប់ឃុំយើងអត់គិតថាគាត់ធ្លាប់ជាប់ទេ ព្រោះពីមុនគាត់អត់មានទោសផង! ហើយចំពោះខាងនគរបាល ឬប៉េអ៊ឹមអីខ្ញុំអត់ដឹងទេព្រោះគេគិតតែពេលចាប់(ជនសង្ស័យ)ទេ»។

លោក នុត សវនា ក៏បានឱ្យដឹងដែរថាក្នងមណ្ឌលអប់រំកែប្រែទី១ដែលជាមណ្ឌលលោកគ្រប់គ្រងបានរកឃើញថាអ្នកទោសភាគច្រើនគឺជាអ្នកមិនចេះអក្សរដែលជាកត្តាមួយធ្វើឱ្យពួកគេខូចខ្លួនរហូតប្រព្រឹត្តិបទល្មើស ដោយហេតុនេះលោកបានសម្រេចឱ្យអនុវត្តន៍កម្មវិធីអក្ខរកម្មបង្រៀនអក្សរដល់អ្នកទោសឱ្យគាត់អាចមានមូលដ្ឋានយល់ដឹងខ្លះៗ ព្រមទាំងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដែលសហការជាមួយក្រសួងការងារ និងវិស័យឯកជន បង្រៀនកាត់ដេរខោអាវ ស្បែកជើង ពត់ដែក ផ្សារដែរ ការងារសំណង់ ធ្វើម្ហូប ជូសជុលម៉ាស៊ីនត្រជាក់ និងជាងម៉ាស៊ីនត្រជាក់ និងបច្ចេកទេសមួយចំនួនផ្សេងទៀតដោយសង្ឃឹមថានឹងធ្វើឱ្យពួកគេអាចយកជំនាញទាំងនេះទៅចិញ្ចឹមជីវិតបានក្រោយពេលចេញពីពន្ធនាគារ និងមិនត្រលប់ធ្វើចោរលួច ឆក់ ប្លន់ សាជាថ្មីទៀត។

លោកបន្ថែមថាសម្រាប់ជនល្មើសដែលមិនរាងចាលពេលដែលត្រូវបានតុលាការផ្តន្ទាទោសនិងបញ្ជូនមកឃុំខ្លួនសាជាថ្មី សម្រាប់ពន្ធនាគារព្រៃសនិងចាត់ទុកជាមុខសញ្ញាខ្ពស់នៃការប្រុងប្រយ័ត្ន ហើយនៅពេលដែលអនុវត្តន៍ទោសរួចរាល់ក៏មានការសហការជាមួយសមត្ថកិច្ចខាងក្រៅផងដែរពេលដោះលែងដែរ។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន ជំរុញដល់រដ្ឋាភិបាលភាគីពាក់ព័ន្ធឱ្យមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់លើបញ្ហានេះ ដើម្បីធានាដល់សន្ដិសុខ សុខភាពសាធារណៈ លើកស្ទួយវិស័យទេសចរណ៍ និងការវិនិយោគនៅក្នុងប្រទេស។ លោកថាការធានាបានសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងបរទេសដែលមកកម្សាន្តនៅកម្ពុជាគឺជារឿងចាំបាច់សម្រាប់ការលូតលាស់ និងការវិវត្តន៍របស់កម្ពុជាឆ្ពោះទៅមុខ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម