សាកសពក្មេងប្រុសម្នាក់អាយុ ១០ ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងគុម្ពព្រៃក្បែរផ្លូវធំមួយស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមផេកហ្វេសប៊ុករបស់ អង្គភាពការពារកុមារ (Child Protection Unit) បានចេញផ្សាយនៅព្រឹកថ្ងៃទី ៣ ខែមេសា ឲ្យដឹងថា កាលពីម៉ោង៧យប់ថ្ងៃទី ៣១ ឪពុកម្តាយរបស់ក្មេង បានរាយការណ៍ទៅកម្លាំង សមត្ថកិច្ចខណ្ឌច្បារអំពៅ ពីករណីបាត់កូនប្រុសរបស់ខ្លួនមិនឃើញត្រលប់មកផ្ទះវិញ ក្រោយពីទៅលេងទាត់បាល់។
បើតាមសាក្សីបានប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។ អង្គភាពការពារកុមារបានទទួលពត៌មាននៅថ្ងៃទី០១ ខែមេសា និងបានផ្តល់ជំនួយដល់កម្លាំងសមត្ថកិច្ចក្នុងការស្វែងរកកុមាររងគ្រោះ។
ក្រុមការងារចម្រុះក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ ដោយធ្វើការស៊ើបអង្កេតបន្ត រហូតដល់ថ្ងៃទី០២ ខែមេសា វេលាម៉ោង ៤៖៣០ នាទីល្ងាច ទើបរកឃើញសាកសពកូនក្មេងអាយុ១០ ឆ្នាំ នៅក្នុងគុម្ពព្រៃក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃនគរបាលដ្ឋានរាជធានីភ្នំពេញ។
អត្តសញ្ញាណសាកសពរបស់កុមាររងគ្រោះដែលបានបាត់ខ្លួន មានឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ។
អង្គភាពការពារកុមារ (CPU) រួមជាមួយនឹងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្កើតជាក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីជំរិតសម្លាប់ទៅលើកុមាររាឈ្មោះ ជា ផែនហេង។ មន្ត្រីស៊ើបអង្កេតបានបន្តការស៊ើបអង្កេត និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែម ហើយសូមស្នើទៅដល់មហាជនដែលបានឃើញក្មេងនេះនៅជិតវត្តជ្រោយអំពិលកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សូមមេត្តារាយការណ៍ទៅដល់កម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមារ (CPU)។
ក្រុមការងារចម្រុះនឹងធ្វើគ្រប់យ៉ាង ថែមទាំងប្រើប្រាស់គ្រប់ធនធានដែល ដើម្បីកំណត់អត្តសញ្ញាណជនល្មើសទាំងឡាយដែលមានការពាក់ព័ន្ធក្នុងការណីឃាតកម្មទៅលើកុមារនេះ៕
អត្ថបទ៖ ឡេង ដេត