Connect with us

នយោបាយ

ឆ្លើយតប​ការចោទប្រកាន់ ! រាល់​សកម្មភាព​ល្មើស​ដែល​ផ្ដន្ទាទោស​កន្លងមក​មិនមែនជា​ការអនុវត្ត​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​នោះទេ​

បានផុស

នៅ

២៨​ឆ្នាំ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ នៃ​រដ្ឋាភិបាល​បាន​ប្រកាន់ខ្ជាប់​នូវ​ការការពារ និង​លើកស្ទួយ​នូវ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ជា​ហូរហែ ប៉ុន្តែ​នៅមាន​ភាព​ចម្រូងចម្រាស​មួយចំនួន ដោយសារ​តែ​មាន​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​មួយចំនួន​តូច រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផង តែងតែ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព បង្ក​ភាពចលាចល​នៅក្នុង​សង្គម ក្នុង​ចេតនា​បំផ្លាញ​សមិទ្ធផល​មុខមាត់​របស់​រាជរដ្ឋាភិបាល ក្រោម​រូបភាព​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព ដោយ​យក​រដ្ឋធម្មនុញ្ញ​ធ្វើជា​លេស បកស្រាយ​ដើម្បី​ការពារ​ទង្វើ​ល្មើសច្បាប់​របស់ខ្លួន​។

នេះ​ជា​លើកឡើង​របស់លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ហើយ​ជា​ការ​ឆ្លើយតប​ការចោទប្រកាន់​របស់​គ​ណ​បក្ស ក៏ដូចជា​សង្គម​ស៊ីវិល​មួយចំនួន ក្នុង​ឱកាស​ខួប​២៨​ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ថា ២៨​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​ទៅនឹង​គោលការណ៍​គ្រឹះ នៃ​ការដឹកនាំ​ប្រទេស​តាមបែប​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ជាពិសេស​គោលការណ៍​ដែល​បាន​ព្រមព្រៀងគ្នា​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​បញ្ចប់​ដោយ​គោលការណ៍​គ្រឹះ​ពាក់ព័ន្ធ​ការដឹកនាំ​ប្រទេស​តាមបែប​ប្រជាធិបតេយ្យ ហើយ​ត្រូវ​បាន​យកមក​ផ្ទេរ​ដាក់​ចូល​នៅក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ដូច្នេះ​មកដល់ពេលនេះ​មាន​រយៈពេល​២៨​ឆ្នាំ​ហើយ ដែល​គោលការណ៍​គ្រឹះ​ទាំងអស់​នេះ កម្ពុជា​បាន​ប្រកាន់ខ្ជាប់ បានការ​ពារ និង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​គ្រឹះ​ទាំងអស់នោះ​។ គោលការណ៍​ទាំងនោះ​រួមមាន​៖

​ទីមួយ​, គោលការណ៍​ពាក់ព័ន្ធ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​៖ យើង​មាន​ព្រះមហាក្សត្រ​ជា​ប្រមុខរដ្ឋ​ទ្រង់​គ្រង​រាជ តែ​មិន​កាន់អំណាច ដូច្នេះ​រដ្ឋាភិបាល​បានការ​ពារ លើកតម្កើង​អង្គ​ព្រះមហាក្សត្រ ការពារ​ព្រះរាជ​បល្ល័ង្ក ថែមទាំង​រៀបចំ​ច្បាប់ ដើម្បី​ការពារ​នូវ​ព្រះរាជ​កិត្តិនាម កិត្តិ​ស័ព្ទ របស់​ព្រះមហាក្សត្រ​ថែមទៀត តាមរយៈ​ការផ្ដន្ទាទោស​ចំពោះ​ជន​ណា ដែល​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ ដែល​យើង​បានឃើញ​មាននៅ​ក្នុង​ក្រមព្រហ្មទណ្ឌ គឺ​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។ ក្នុងនោះ​ជន​អគតិ​មួយចំនួន ក៏ដូចជា​អ្នកនយោបាយ​មួយចំនួន ដែល​ប្រឆាំងនឹង​របបរាជានិយម ប្រឆាំង​ទៅនឹង​ព្រះមហាក្សត្រ ប្រមាថ​ព្រះមហាក្សត្រ តែងតែ​ទទួលរង​នូវ​ការចាត់វិធានការ​ផ្លូវច្បាប់​ជា​បន្តបន្ទាប់​នាពេល​កន្លងមក​។​

​ទី​ពីរ​, គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​៖ ក្រោយ​ឆ្នាំ​១៩៩៣ កម្ពុជា​បានរៀបចំ​បោះឆ្នោត​ដោយ​ខ្លួនឯង ទាំង​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ ការបោះឆ្នោត​ថ្នាក់ជាតិ ដោយ​មិនមាន​ការពន្យារពេល ឬ​ខកខាន​ម្តងណា​ឡើយ ហើយ​នៅ​ឆ្នាំ​២០២២​ខាងមុខ កម្ពុជា​នឹងត្រូវ​រៀបចំ​បោះឆ្នោត ឃុំ សង្កាត់ ដែលជា​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ ហើយ​នៅ​ឆ្នាំ​២០២៣ នឹង​បោះឆ្នោត​ថ្នាក់ជាតិ ដែល​សកម្មភាព​ទាំងអស់នេះ ធ្វើតាម​ប្រតិទិន​ដោយ​មិនមាន​ការផ្លាស់ប្ដូរ​ឡើយ ទោះបីជា​កម្ពុជា​ជួបប្រទះ​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​គូរ​១៩​ក៏ដោយ​។ ការបោះឆ្នោត​និ​មួយៗ​យើង​មើលឃើញថា មានការ​ចូលរួម​យ៉ាង​ច្រើន​ពី​គណបក្សនយោបាយ ពី​ប្រជាពលរដ្ឋ ដោយ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ដើម្បី​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត ហើយ​យើង​ក៏មាន​វិធានការ​ឃុំគ្រង និង​ការពារ​នូវ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ទៅដល់​ការបោះឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នេះ​ផងដែរ គឺ​គណបក្ស ឬ​អ្នកនយោបាយ​មួយចំនួន ដែល​បំពាន​ច្បាប់ គឺ​ត្រូវតែ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់ ដូចជា​ការរំលាយ​គណ​បក្ស​មួយចំនួន ដែល​បំពាន​ច្បាប់ ស្ដីពី​ការបោះឆ្នោត ច្បាប់​ស្តីពី​គណបក្សនយោបាយ​ជាដើម ហើយ​ជន​អគតិ​មួយចំនួន ដែល​ព្យាយាម​បំផ្លាញ​ការរៀបចំ​ការបោះឆ្នោត​តាមរយៈ​ការរារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​តាមរយៈ​យុទ្ធនាការ​នានា​នោះ​ក៏បាន​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់ ដែលមាន​ជា​ធរមាន ជា​ហូរហែ​ផងដែរ​។ នេះ​គឺជា​ការអនុវត្ត​ច្បាប់​ក្នុងការ​ការពារ និង​គាំទ្រ ដល់​ការអនុវត្ត​តាមបែប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​នៅ​កម្ពុជា​។​

​ទី​៣, គោលការណ៍​នីតិរដ្ឋ​៖ គឺ​បានរៀបចំ​ច្បាប់​គតិយុត្ត​ជាច្រើន និង​បានធ្វើ​ការកែសម្រួល ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ឲ្យ​សមស្រប​ទៅតាម​បរិបទ​សង្គម ហើយ​បើទោះបីជា​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ក្តី កម្ពុជា​ក៏បាន​រៀបចំ​ច្បាប់​មួយចំនួន​ក្នុងការ​ទប់ស្កាត់​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​។ ជាមួយគ្នា​នោះ ក៏បាន​ប្រកាន់ខ្ជាប់​នូវ​ការអប់រំ ផ្សព្វផ្សាយ​ច្បាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ និង​មន្ត្រី​អនុវត្ត​ច្បាប់ បាន​យល់ដឹង និង​អនុវត្តបាន​ត្រឹមត្រូវ​ទៅតាម​ខ្លឹមសារ​នៃ​បញ្ញត្តិ​ច្បាប់​។​

​ទី​៤, គោល​ការ​ណ៏ សិទ្ធិសេរីភាព​៖ គឺ​រដ្ឋាភិបាល​បាន​ប្រកាន់ខ្ជាប់​នូវ​ការការពារ និង​លើកស្ទួយ​នូវ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ជា​ហូរហែ​នាពេល​កន្លងមក ប៉ុន្តែ​នៅមាន​ភាពចម្រូងចម្រាស់​មួយចំនួន ដោយសារ​តែមាន​ក្រុម​ដែលមាន​និន្នាការ​ប្រឆាំង​មួយចំនួន​តូច រួមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ជា​គូកន ជា​បក្ខពួក តែងតែ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​នយោបាយ​ក្នុង​ចេតនា​បង្ក​ភាពចលាចល​នៅក្នុង​សង្គម ក្នុង​ចេតនា​បំផ្លាញ​សមិទ្ធិផល​មុខមាត់ កេរ្តិ៍ឈ្មោះ​របស់​រាជរដ្ឋាភិបាល ក្រោមរូបភាព នៃ​ការអនុវត្ត​សិទ្ធិសេរីភាព ហើយ​បាន​យក​រដ្ឋធម្មនុញ្ញ​បកស្រាយ ដើម្បី​ការពារ​ទង្វើ​ល្មើសច្បាប់​របស់ខ្លួន ប៉ុន្តែ​បើទោះបីជា​ក្រុម​នេះ ព្យាយាម​បំភ្លេច​បំភ្លៃ​យ៉ាងណាក៏ដោយ ក៏​មិនអាច​ការពារ​បាន​នូវ​អំពើ​ល្មើសច្បាប់​របស់​ពួកគេ​បានដែរ ពីព្រោះ​រដ្ឋធម្មនុញ្ញ ការពារ​តែ​អ្នកអនុវត្ត​សិទ្ធិសេរីភាព​ណា ដែល​ស្របតាម​ផ្លូវច្បាប់​ប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​អ្នកប្រព្រឹត្ត​ល្មើសច្បាប់ រដ្ឋធម្មនុញ្ញ​មិនអាច​ការពារ​ទេ ពីព្រោះ​មិនមែនជា​ការការពារ​សិទ្ធិសេរីភាព ដែលមាន​នៅក្នុង​រដ្ឋធម្មនុញ្ញ​។​

​លោក ជិន ម៉ា​លីន បញ្ជាក់ថា “​រាល់​សកម្មភាព​ល្មើសច្បាប់​ដែល​បាន​ផ្ដន្ទាទោស និង​ធ្វើការ​ទប់ស្កាត់​កន្លងមក មិនមែនជា​ការអនុវត្ត​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​នោះទេ គឺជា​សកម្មភាព​ប្រព្រឹត្ត​ល្មើសច្បាប់ ដែល​សមត្ថកិច្ច​មាន​មូលដ្ឋាន​មាន​ភស្តុតាង​រឹងមាំ​ក្នុងការ​អនុវត្ត​ចាត់វិធានការ​ចំពោះ​អំពើ​ល្មើស​ទាំងនោះ ប៉ុន្តែ​ក្រុម​ប្រព្រឹត្តល្មើស និង​បក្សពួក​បាន​ព្យាយាម​បិទបាំង ព្យាយាម​ការពារ ដោយ​យក​លេស​ពាក់ព័ន្ធ​ទៅ​ការអនុវត្ត​សិទ្ធិ និង​ព្យាយាម​បកស្រាយ​រដ្ឋធម្មនុញ្ញ ដើម្បី​ធ្វើការ​ការពារ ប៉ុន្តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​មាន​មូលដ្ឋាន​មាន​ភស្តុតាង និង​សកម្ម​ផ្លូវច្បាប់​រឹងមាំ ដូច្នេះ​មិនអាច​យក​រដ្ឋធម្មនុញ្ញ មក​ការពារ​អំពើ​ល្មើស តាម​ការបកស្រាយ​បែប​ទំនើងចិត្ត​របស់​ក្រុម​គេ​ទាំងអស់នោះ​បានឡើយ​។​

​សូមបញ្ជាក់ថា ២៤​កញ្ញា គឺជា​ទិវា​ខួប​២៨​ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ខណៈពេលដែល​ក្រសួង សា្ថ​ប័ន​ផ្សេងៗ ក៏ដូចជា​ប្រជាពលរដ្ឋ​បាន​អបអរសាទរ និង​ដឹងគុណ​អ្នក​ដែល​បាន​ខិតខំ​បង្កើតឡើង​នោះ បែរ​ជាមាន​គណបក្ស ក៏ដូចជា​សង្គម​ស៊ីវិល​មួយចំនួន ធ្វើការ​ចោទប្រកាន់​ទាំង​ងងើល​ទៅវិញ​។ ក្នុងនោះ លោកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​បង្ហោះ​សា​មួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​អះអាងថា សិទ្ធិ​មួយចំនួន​ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ត្រូវបាន​រឹតត្បិត ហើយ​ក្នុងនោះ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​ត្រូវ​បានដាក់​កំហិត ជាពិសេស​អ្នកសារព័ត៌មាន​ឯករាជ្យ អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន និង​សំឡេង​ជំទាស់​ផ្សេងទៀត​។

ចំណែក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បានចេញ​សេចក្តី​ថ្លែង​ការ​ណ៏​មួយ​លើកឡើងថា រយៈពេល​២៨​ឆ្នាំ​កន្លងមកនេះ គោលការណ៍​សំខាន់ៗ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ នៅមាន​ចំនុច​មួយចំនួន​មិនទាន់​អនុវត្តបាន​ពេញលេញ​នៅឡើយ​ទេ ហើយ​មាន​ចំណុច​ខ្លះ​កាន់តែ​ធ្លាក់​ចុះទៅៗ ប្រព័ន្ធយុត្តិធម៌​បាន​ធ្លាក់ចុះ តុលា​ការមិន​ឯករាជ្យ ប្រព្រឹត្ត​អំពើពុករលួយ នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​រឹតត្បិត សិទ្ធិសេរីភាព​ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ និង​សិទ្ធិសេរីភាព​ក្នុងការ​សំដែង​មតិ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម