អាជីព
តើការសិក្សាជំនាញអក្សរសាស្រ្តខ្មែរ អាចចេញទៅធ្វើការងារអ្វីខ្លះ?
កន្លងមានមនុស្សមួយចំនួន លើកឡើងជាចម្ងល់ថា តើការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ នៅពេលបញ្ចប់ការសិក្សាទៅ នឹងអាចចេញទៅធ្វើការងារអ្វីខ្លះ? រីឯទៀតអ្នកខ្លះ ក៏និយាយថា ការសិក្សាជំនាញអក្សរសាស្រ្តខ្មែរ ពិបាកក្នុងការស្វែងរកការងារធ្វើជាដើម។ តែយ៉ាងណាក៏ដោយ បើតាមលោក សាស្រ្តាចារ្យជំនាញអក្សរសាស្រ្តខ្មែរ និងគ្រូបង្រៀន ព្រមទាំងអ្នកនិពន្ធមួយចំនួន បានមានទស្សនៈ និងការយល់ឃើញប្រហាក់ប្រហែលគ្នាថា ការសិក្សាជំនាញអក្សរសាស្រ្តខ្មែរនេះ គឺមិនខ្វះការងារធ្វើនោះទេ។

លោកសាស្រ្តាចារ្យ ធា សុកម៉េង ប្រធានដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់កម្ពុជាថ្មីថា ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ ត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៨៨។ ក្នុងពេលសិក្សាថ្នាក់បរិញ្ញាបត្រ អក្សរសាស្ត្រខ្មែរ អាចបង្រៀនឲ្យនិស្សិតចេះ វិភាគពន្យល់ និងប្រៀបធៀបរាល់ទិដ្ឋភាពភាសា និងអក្សរសាស្រ្តខ្មែរ។
ក្រៅពីនេះ និស្សិតអាចទទួលបានចំណេះជំនាញពីភាសា និងអក្សរសាស្រ្តខ្មែរ ដែលវាជាមូលដ្ឋានគ្រឹះនៃការបង្កើតវប្បធម៌ និងអត្តសញ្ញាណខ្មែរ។ លោកសាស្រ្តាចារ្យ ធា សុកម៉េង បន្ថែមទៀតដែរថា ក្នុងកំឡុងពេល ៤ឆ្នាំ ដែលនិស្សិតអភិវឌ្ឍនូវជំនាញជាច្រើន សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកសង្គម ដើម្បីត្រៀមលក្ខណៈ ជាមួយនឹងការងារជាច្រើនទៀត រួមមាន៖ គ្រូបង្រៀន អ្នកកាសែត មន្រ្តីរាជការ ដែលបម្រើការងារនៅក្នុងវិស័យសារព័ត៌មាន ទេសចរណ៍ វប្បធម៌ និងក៏ដូចជាអ្នកបម្រើនៅតាមអង្គការក្រៅរដ្ឋាភិបាល ជាដើម។

ចំណែកលោក សួន កុសល្យ គ្រូបង្រៀនសាលាឯកជន និងជាជំនួយការគណៈកម្មការនិពន្ធសទ្ទានុក្រម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានប្រាប់កម្ពុជាថ្មីដែរថា កន្លងមកមានសាធារណៈជនមួយចំនួនតូច បានលើកឡើងថា ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ គឺពិតជាពិបាកស្វែងរកការងារធ្វើខ្លាំងណាស់។ តែផ្ទុយទៅវិញ ការរៀនអក្សរសាស្រ្តខ្មែរ មិនខ្វះការងារដែលជាតម្រូវការសង្គមនោះទេ មិនថាវិស័យរដ្ឋ និងឯកជន។

លោក សួនកុសល្យ បន្ថែមទៀតថា នៅពេលដែលនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ និស្សិតអាចចេញទៅបម្រើការងារ នៅតាមវិស័យជាច្រើនដូចជា៖ ការងាររដ្ឋបាល ការងារគ្រូបង្រៀនសាលារដ្ឋ និងឯកជន ការងារជាអ្នកនិពន្ធ និងអាចធ្វើជាអ្នកស្រាវជ្រាវនិពន្ធសទ្ទានុក្រម ផ្សេងៗទៀតផងដែរ។

រីឯលោក តុន ច័ន្ទរិទ្ធិ អ្នកនិពន្ធសៀវភៅប្រលោមលោក ក៏បានប្រាប់កម្ពុជាថ្មីថា សម្រាប់លោកផ្ទាល់ ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ នាថ្ងៃអនាគតនិស្សិត អាចចេញទៅធ្វើការងារជាច្រើន ក្រៅអំពីអាជីពជាគ្រូបង្រៀនទៅទៀត។
ការលើកឡើងរបស់អ្នកនិពន្ធរូបនេះ គឺដោយសារតែលោកមើលឃើញថា ការសិក្សាថ្នាក់បរិញ្ញាបត្រ អក្សរសាស្រ្តខ្មែរ និស្សិតអាចចេញទៅបម្រើការនៅ បានជាច្រើនដូចជា៖ អ្នកនិពន្ធ អ្នកនិពន្ធកាសែត ទស្សនាវដ្ដី ពិធីករ ពិធីការនី តាមទូរទស្សន៍ វិទ្យុ និងធ្វើជាអ្នកស្រាវជ្រាវឯករាជ្យ ឬតាមស្ថាប័នជាច្រើនទៀត អាស្រ័យទៅតាមសមត្ថភាពរៀងៗខ្លួនរបស់និស្សិត ឬបុគ្គល នោះតែម្ដង ថាពួកគាត់អាចធ្វើការងារទាំងនោះបានដែរឬទេ?
លោក តុន ច័ន្ទរិទ្ធិ បានកោតសរសើរ និងសូមលើកទឹកចិត្តដល់សិស្ស-និស្សិតទាំងអស់ ឲ្យមានគំនិតស្រលាញ់ចូលចិត្តអក្សរសាស្រ្តខ្មែរ វប្បធម៌-អរិយធម៌ ឲ្យបានគ្រប់ៗរូប ដើម្បីចូលរួមថែរក្សាការពារ វប្បធម៌-អរិយធម៌ អត្តសញ្ញាណជាតិខ្មែរ គង់វង្សស្ថិតស្ថេរ ប្រកបដោយសេចក្ដីថ្លៃថ្នូរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


