Connect with us

សន្តិសុខសង្គម

ចោទបុរសម្នាក់ជាគ្រូធ្មប់ បងប្អូនបង្កើត៣នាក់ព្រួតកាប់សម្លាប់ជនរងគ្រោះរួចអូសកប់ក្នុងកំផ្លោក

បានផុស

នៅ

ជនដៃដល់ពីរនាក់បងប្អូនបង្កើតត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន និងម្នាក់ទៀតកំពុងគេចខ្លួន បន្ទាប់ពីព្រួតគ្នាកាប់សម្លាប់បុរសម្នាក់ ដែលពួកគេចោទប្រកាន់ថា ជនរងគ្រោះជាគ្រូអាបធ្មប់ ខណៈជនរង​គ្រោះកំពុងអង្គុយលេងមាត់ប្រឡាយតែម្នាក់ឯង។

ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុច​លើផ្លូវ​ព្រែក​កំពង់​រទេះ ភូមិកំពង់​រទេះ ឃុំកោះ​ចិន ស្រុកពញាឮ ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ​ជនរងគ្រោះឈ្មោះ ចិន្តា សុ​វណ្ណា​រិ​ទ្ធិ ភេទប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ​ភូមិកំពង់​រទេះ ឃុំកោះ​ចិន ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែក​ជនសង្ស័យមានចំនួន៣នាក់ ជាបងប្អូនបង្កើតនឹងគ្នា (​ឃាត់ខ្លួន២​នាក់ គេចខ្លួន១​នាក់​)រួមមាន៖

១-​ឈ្មោះ ផន សីហា​ក់ ហៅ​ផៃ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ​ភូមិកំពង់​រទេះ ឃុំកោះ​ចិន ស្រុកពញាឮ ខេត្តកណ្តាល។​ ២-​ឈ្មោះ ផន សីហា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​ភូមិ អណ្តូង​ពោធិ ឃុំក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់​ចាម។ ៣-​ឈ្មោះ ផន សី​ឡូត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅ​ស្នាក់​នៅផ្ទះ​បន្ទប់​ជួល សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (​គេចខ្លួន​) ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលា​ម៉ោង៦​ព្រឹក ព្រឹកឈ្មោះ ច​ន ចាន់​ណ​យ ភេទស្រី អាយុ​២២​ឆ្នាំ ត្រូវជា​កូនចុង​របស់​ជនរងគ្រោះ​បាន​ទៅ​រាយការណ៍​ប្រាប់​មេភូមិ​កំពង់​រទេះថា​ បាន​បាត់​ឪពុកចុង​របស់ខ្លួន (ជនរងគ្រោះ) ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ និង​ឃើញ​មាន​ស្នាម​ឈាម នៅ​លើដី​ផ្លូវ​ចុះ​កំពង់ទឹក​ក្បែរ​ស្ពាន​កំពង់​រទេះ។ បន្ទាប់មក​លោក​មេភូមិ​កំពង់​រទេះ​បាន​ទៅ​មើល​នៅលើ​ផ្លូវ​ចុះ​កំពង់ទឹក​ព្រែក​កំពុង​រទេះ បានឃើញ​មាន​ស្នាម​ឈាម​ច្រើន ភ្លាមនោះ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ ឃើញជនរងគ្រោះត្រូវគេសម្លាប់រួចអូសចូលក្នុងប្រឡាយនិងយក​កំផ្លោកកប់ពីលើ។

​តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ​ ផន សីហា​ក់ ហៅ​ផៃ បាន​សារភាពថា នៅ​វេលា​​កើតហេតុ​ខាងលើ រូប​ខ្លួន​និង​ប្អូនប្រុស​បង្កើត​ពីរ​នាក់​ទៀត បាននាំគ្នា​ទិញ​ស្រា​បៀរ ចំនួន​កន្លះ​កេស យកមក​ផឹក​នៅក្នុង​ផ្ទះ​ខ្លួន ពេលដែល​កំពុង​ផឹកស្រា​បៀ​អស់​ម្នាក់​ពីរ​ទៅ​បី​កំប៉ុង ប្អូនប្រុសឈ្មោះ ផន សីហា​ បាន​និយាយ​ប្រាប់​ខ្លួន​និងប្អូនប្រុសម្នាក់ទៀតថា ​អំមិញ​អញឃើញ​អា​គ្រូធ្មប់​(​ជនរងគ្រោះ​​) ដើរកាត់​មុខផ្ទះ​ទៅ​ត្បូង​។ បាន​មួយសន្ទុះ​ជនដៃដល់ឈ្មោះ ​ផន សីហា ចេញទៅ​នោម​ខាងក្រៅ​ផ្ទះ រួច​ក៏​ត្រឡប់​ចូលមក​វិញ​បាន​និយាយប្រាប់​ថា ​អា​ធ្មប់​វាកំពុង​អង្គុយ​នៅលើ​ផ្លូវ​មាត់​ព្រែក​! ភ្លាមនោះ​ជនសង្ស័យ​ឈ្មោះ ផន សីហា បាន​យក​ញញួរ​ដង​ធ្វើ​ពី​ឈើ​ផ្លែ​ដែក ចំណែក​ខ្លួន​បាន​យក​កាំបិត​កញ្ចែ​ត​ដង​ធ្វើ​ពី​ឬ​ស្សី​ប្រវែង៥៥cm សម្រាប់​ហាន់​ដើម​ចេក មកកាន់​និង​ដៃ រីឯ​ជនសង្ស័យ​ឈ្មោះ ផន សី​ឡូត ពុំមាន​កាន់​អ្វី​និង​ដៃ​ទេ​មាន​ពាក់​នាឡិកា។ បន្ទាប់មក​ពួកខ្លួន​បាន​ដើរ​សំដៅទៅ​កន្លែង​ដែរ​ជនរងគ្រោះ​កំពុង​អង្គុយ​ និង​មាន​ដប​ស្រាថ្នាំ​ចំនួន​កន្លះ​លីត្រ​នៅក្បែរ​ខ្លួន។ ពេលទៅដល់​ជនរងគ្រោះ​ បាន​សួរ​មក​ពួកខ្លួន​ទាំង៣នាក់​ថា​ ពួក​ឯង​នាំគ្នា​ទៅណា​? ខណៈនោះឈ្មោះ ផន សីហា បាន​យក​ញញួរ​ដែល​កាន់​និង​ដៃ​ស្រាប់​ វាយ​ទៅលើ​ជនរងគ្រោះចំនួន១​ញញួរ ចំក្បាល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួលសន្លប់ និង​បាក់ដង​ញញួរ​ជា​ពីរ​កំណាត់ ហើយក៏នាំគ្នាយក​កាំបិតកាប់លើជនរងគ្រោះម្នាក់ម្ដងរហូតស្លាប់រួចអូសជនរងគ្រោះទម្លាក់ចូលក្នុងទឹក​ប្រឡាយនិង​យកកំ​ផ្លោកកប់ពីលើ រួចក៏នាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន។

​ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ ផន សីហា​ក់ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​ស្រុក បាន​សហការ​ជាមួយ​ក​ម្លាំ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ទៀត​ឈ្មោះ ផន សីហា ​ហើយ​សារភាពថា ​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ដូច​ចម្លើយ​របស់​បងប្រុស​ពិតមែន។

បន្ទាប់ពីសួរនាំ នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលា​ម៉ោង១៤និង០០នាទី ​កម្លាំង​ជំនាញ នាំខ្លួន​ជន​សង្ស័យទៅ​ចង្អុលបង្ហាញ​ដើម្បី​ស្វែងរក​វត្ថុតាង​នៅ​កន្លែងកើតហេតុ និង​បាន​រកឃើញ​កាំបិត​កញ្ចែ​ត​ដង​ធ្វើ​ពី​ឬ​ស្សី​ផ្លែ​ដែក ប្រវែង​៥៥cm ចំនួន​០១ នៅ​ទឹក​ក្នុង​ព្រែក​ក្បែរ​កន្លែងកើតហេតុ​ចម្ងាយ​១៥​ម៉ែត្រ និង​បាន​ចាប់យក​វត្ថុតាង​ខាងលើ រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម