Connect with us

សន្តិសុខសង្គម

កម្លាំងជំនាញកំពុងសិក្សាលើទិដ្ឋភាពច្បាប់ ចំពោះករណីបុរសម្នាក់ស្រែកគំរាមដកស័ក្ដិ និងរកវាយទៅលើនគរបាល

បានផុស

នៅ

សមត្ថកិច្ចជំនាញ កំពុងសិក្សាលើទិដ្ឋភាពច្បាប់ ចំពោះករណីបុរសម្នាក់ស្រែកគំរាមដកស័ក្ដិ​ និងរកវាយទៅលើនគរ​បាល កំពុងអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីជិះម៉ូតូមិនមានពាក់មួកសុវត្តិភាព និងជិះ​បញ្ច្រាសទិសដៅចរាចរណ៍។​

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់​កម្ពុជា​​ថ្មី នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះថា លោកមានការសោកស្ដាយ ដែលបន្ទាប់ពីកើតហេតុភ្លាមៗ បុរសរូបនោះ បានចេញ ពីកន្លែងកើតហេតុ​ ដោយមិនមានការឃាត់ខ្លួន ដើម្បីសួរនាំឡើយ។ លោកថា តាមគោលការណ៍ ដែលត្រូវ​អនុវត្ត គឺមិនត្រូវអនុញ្ញាតឲ្យបុរសរូបនោះ ចេញកន្លែងកើតនោះទេ ពោលគឺសមត្ថកិច្ចអាចឃាត់ខ្លួនយក ដើម្បីយក​មកអនុវត្តតាមនីតិវិធីបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយលោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញ កំពុង​ស្វែង​​​រក​បុរសរូបនោះ ដើម្បីយកមកអនុវត្តតាមនីតិវីធីបន្ត។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់​ទៀត​ថា «យើងកំពុងសិក្សាលើចំណុចច្បាប់ដែរ ថាតើនៅលើបទល្មើសអ្វីខ្លះ ដែលយើងអាចចោទប្រកាន់បាន ទាក់​ទងនឹងការជេរប្រមាថគំរាមកំហែង មកលើមន្ត្រីរាជការសាធារណៈ ឬក៏ការគេចវេសពីគោលដៅអនុវត្តច្បាប់ ឬក៏អ្វី​ផ្សេ​ងទៀត​ យើងនឹងសិក្សាបន្ថែមពីបញ្ហាហ្នឹង»។

លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់បន្ថែមថា កម្លាំងសមត្ថកិច្ចជំនាញ កំណត់បានគោលដៅ​រប​​ស់​​​បុរសរូបនោះស្នាក់នៅហើយ និងថា ត្រូវតែនាំខ្លួនមកសួរនាំឲ្យបាន។ គួររំលឹកថា បុរសម្នាក់បានស្រែកគំរាមដកស័ក្ដិ​ និងរកវាយទៅលើនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីជិះម៉ូតូមិនមានពាក់មួកសុវត្តិភាព និងជិះ​បញ្ច្រាសទិសដៅចរាចរណ៍។​

ហេតុការណ៍​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១ ​និង​៤០​នាទី​រសៀល ថ្ងៃទី ​២៥ ខែវិច្ឆិកា ឆ្នាំ ​២០២១ នៅចំណុចក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​ ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​ យោងតាមប្រភព បានឲ្យដឹងថា មុនពេល​កើតហេតុ​កម្លាំង​ការិយាល័យ​ នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអនុវត្ត​ច្បាប់​ចរាចរណ៍ ​​នៅចំណុចក្រោម​ស្ពាន​អាកាសស្ទឹងមានជ័យ​ ដូច​សព្វ​រាល់ដង​តាម​ការណែនាំ ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

ខណ​:​កំពុងតែ​អនុវត្តស្រាប់តែ​មានបុរស​ម្នាក់ ជិះ​ម៉ូតូ​ស្មាសរី​វ៉ូ​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ​1-BG 5792 ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ​បម្រុង​និង​បត់​ឆ្វេង ​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច​ ស្រាប់តែ​បុរសរូបនោះ បាន​បត់​ត្រលប់​ក្រោយ​ និង​ជិះ​បញ្ច្រាសទិស​បណ្តាល​ដួល​ម៉ូតូ​ តែ​មិន​បណ្តាល​ឲ្យ​រងរបួស​នោះទេ។ ពេលនោះ​កម្លាំង​សមត្ថកិច្ច​បាន​ដើរទៅ​សួរនាំ ​ស្រាប់តែ​បុរស​នោះ​ស្ទុះ​ដេញ​វាយ​សមត្ថកិច្ច​ និង​គំរាម​ដក​ស័ក្ដិ​​ចោល​ទៀតផង​៕  

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម