រដ្ឋមន្ត្រីទេសចរណ៍ គាំទ្រក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ វិនិយោគបង្កើតទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរ
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រដ្ឋមន្ត្រីទេសចរណ៍ គាំទ្រក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ វិនិយោគបង្កើតទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរ

បានផុស

នៅ

រាជរដ្ឋាភិបាលបានដាក់ចេញរួចហើយនូវ “ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩” និង “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប” ហើយក៏កំពុងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញដែរ ក្រោយរងការប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩។ ស្របពេលនេះមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បានលើកសំណើស្នើសុំការគាំទ្រលើ “គម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរ”។ គម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរនេះ ត្រូវបានលើកឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ហើយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ប៉ុន្តែលោកក៏បានស្នើឱ្យមានការពិភាក្សាលម្អិតលើបញ្ហាអភិវឌ្ឍន៍ និងអភិរក្ស ពីព្រោះតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់បេតិកភណ្ឌពិភពលោក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការយូណេស្កូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងវិនិយោគថ្មីនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សារវាងលោករដ្ឋមន្ត្រី ថោង ខុន ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលដឹកនាំដោយលោក គូ ថេអូ (Koo Taeoh) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន។ កិច្ចពិភាក្សានេះធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណង ដើម្បីពិភាក្សាអំពីគម្រោងលើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប ជាពិសេសការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅក្នុងតំបន់អង្គរ-សៀមរាប។

លោក គូ ថេអូ បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline កំពុងពិចារណាគម្រោងជិះទូកប្រពៃណីនៅកសិន្ធុប្រាសាទអង្គរវត្តនៃរមណីដ្ឋានអង្គរ ដូច្នេះហើយទើបក្រុមហ៊ុនស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅបាន។

លោក គូ ថេអូ បានបញ្ជាក់ថា ប្រសិនបើគម្រោងនេះអាចដំណើរការទៅបាន នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី រួមចំណែកក្នុងទាក់ទាញទេសចរកូរ៉េ ក៏ដូចជាទេសចរចិនមកកម្សាន្តនៅកម្ពុជាបន្ថែមទៀត ដែលអាចជួយដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបើកទេសចរណ៍ឡើងវិញ។

ជាការឆ្លើយតប លោក ថោង ខុន បានថ្លែងអំណរគុណតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលបានគិតគូរដល់ការដាក់ចេញនូវផលិតផលទេសចរណ៍ថ្មី សម្រាប់លើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប។លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងតំបន់រមណីដ្ឋានអង្គរ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា តែយ៉ាងណាក្រសួងទេសចរណ៍នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនបន្ថែមលើសំណើនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩” និង “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប” ខណៈពេលបច្ចុប្បន្ន ក្រសួងទេសចរណ៍ក៏កំពុងរៀបចំឯកសារផែនការយុទ្ធសាស្ត្រស្តីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ ផងដែរ។ លោក ថោង ខុន បានបញ្ជាក់ប្រាប់ក្រុមហ៊ុនអំពីខ្លឹមសារខ្លះៗនៃ “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប” ដែលជំរុញឱ្យមានផលិតទេសចរណ៍ថ្មីៗជាច្រើន។ ផែនការមេនេះមិនត្រឹមតែនៅតំបន់អង្គរទេ គឺបូករួមទាំងតំបន់ជុំវិញតំបន់អង្គរ និងតំបន់ដែលមានសក្ដានុពលផ្សេងទៀត ដូចជា តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងតំបន់បឹងទន្លេសាបជាដើម។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព។

ជាមួយគ្នានេះ លោក គូ ថេអូ បានបង្ហាញនូវក្ដីសង្ឃឹមក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានច្រើនមកពីប្រទេសចិន ក៏ដូចជាប្រទេសកូរ៉េ ប្រទេសកំណើតរបស់លោកផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រូវបានបង្កើតឡើងនៅអំលុងខែមិថុនា ដោយកាលណោះមានការហោះហើរត្រង់រវាងប្រទេសកម្ពុជាទៅមកខេត្ត-ក្រុងជាច្រើនរបស់ប្រទេសចិន រួមទាំងទីក្រុងតៃប៉ិ (តៃវ៉ាន់) ប្រទេសវៀតណាម ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ប្រទេសឥណ្ឌាជាដើម។ ក្រៅពីនោះ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ក៏មានការហោះហើរក្នុងប្រទេសផងដែរ ភ្នំពេញ-សៀមរាប និង ភ្នំពេញ-ព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services