Connect with us

ព័ត៌មានជាតិ

អង្គទូតបរទេសនៅភ្នំពេញបង្ហាញការស្វាគមន៍ចំពោះការវិលត្រឡប់មកវិញនូវកងទ័ពកម្ពុជាទាំង១៨នាក់

បានផុស

នៅ

ភ្លាមៗក្រោយការដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសកំណើតវិញនូវកងទ័ពកម្ពុជាចំនួន១៨នាក់ នៅថ្ងៃទី៣១ ខែធ្នូនេះ បណ្ដាអង្គទូតបរទេសប្រចាំនៅរាជធានីភ្នំពេញ បានបង្ហាញការស្វាគមន៍ចំពោះការវិលត្រឡប់មកវិញរបស់កងទ័ពកម្ពុជាពេលនេះ ដោយអង្គទូតទាំងនោះ ចាត់ទុកថា ជាការវិវឌ្ឍវិជ្ជមានមួយក្នុងការអនុវត្តបទឈប់បាញ់កម្ពុជា និងថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Stefan Messerer បានចេញនូវសេចក្ដីថ្លែងការណ៍ស្វាគមន៍ការដោះលែងកងទ័ពទាំង១៨នាក់ ដោយលោក ថា នេះគឺជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដែលកាន់តែរឹងមាំ ហើយម្យ៉ាង ការវិវឌ្ឍនេះ ក៏បង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញរវាងកម្ពុជា និងថៃ ដែលកំពុងមានបញ្ហាជម្លោះព្រំដែន។ ឯកអគ្គរដ្ឋទូត នៅតែគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែង។

ចំណែកលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសនៅភ្នំពេញ ក៏បានបង្ហាញអារម្មណ៍រីករាយជាមួយកម្ពុជា សម្រាប់ដំណឹងល្អនៅថ្ងៃនេះ ដោយលោកបានស្វាគមន៍ចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងបញ្ហាជម្លោះកម្ពុជា និងថៃ តាមរយៈការដោះលែងកងទ័ពកម្ពុជាពេលនេះ។ បើតាមលោក Dominic Williams ចក្រភពអង់គ្លេសបានបន្តលើកទឹកចិត្តដល់កម្ពុជានិងថៃ ឱ្យចាត់វិធានការបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រជាជនរបស់ប្រទេសទាំងពីរ និងដើម្បីកសាងសន្តិភាពយូរអង្វែង។ លោក Dominic Williams បានសរសេរដូច្នេះលើទំព័រហ្វេសប៊ុករបស់លោក។

ដូចអង្គទូតខាងលើ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសេចក្ដីថ្លែងការណ៍ ដោយហៅការដោះលែងយោធាកម្ពុជា នៅថ្ងៃនេះ ជាជំហានវិជ្ជមានមួយដែលនឹងជួយស្ដារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា និងថៃ។ អូស្ត្រាលី ជំរុញឱ្យភាគីទាំងពីរបន្តគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ។ អូស្រ្តាលី សង្កត់ធ្ងន់ថា «សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា»

ទាហានកម្ពុជាទាំង១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកវិញដោយសុខសុវត្ថិភាពនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ការដោះលែងទាហានទាំង១៨រូបពេលនេះ កម្ពុជា រំពឹងថា នឹងចូលរួមចំណែកដល់ការស្ដារឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងថៃ ដើម្បីឆ្ពោះទៅរកសុខសន្តិភាព៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម