Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហា ៥ ដែលជះហានិភ័យខ្ពស់ដល់លោកស្រី Takaichi ឆ្ពោះទៅកាន់ការបោះឆ្នោតមុនកំណត់

បានផុស

នៅ

យុទ្ធនាការឃោសនាបោះឆ្នោតជាផ្លូវការបានចាប់ផ្តើមនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី២៧ ខែមករា មុនការបោះឆ្នោតបន្ទាន់ នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៦។ យ៉ាងណា ការរំលាយសភាភ្លាមៗរបស់លោកស្រី Sanae Takaichi បានធ្វើឲ្យមានក្ដីបារម្ភធំធេងជុំវិញកង្វល់និងហានិភ័យ ដែលអាចជះឥទ្ធិពលដល់លោកស្រី។

ខាងក្រោមនេះ ជាបញ្ហាសំខាន់ៗចំនួន៥នៅក្នុងការបោះឆ្នោតដ៏គួរឲ្យចាប់អារម្មណ៍ ដែលនាយករដ្ឋមន្ត្រី Sanae Takaichi បានដាក់អនាគតនយោបាយរបស់ខ្លួនគាត់នៅលើខ្សែបន្ទាត់។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១ ការប្រណាំងប្រជែងទៅកាន់ការបោះឆ្នោត

ផ្ទាំងរូបភាពរបស់បេក្ខជនត្រូវបានលើកឡើង រថយន្តដឹកទំនិញដែលមានឧបករណ៍បំពងសម្លេងកំពុងបើកបរតាមដងផ្លូវ ស្របពេលដែលលោកស្រី Takaichi បានធ្វើបាតុកម្មលើកដំបូងកាលពីថ្ងៃទី២៧ នៅកណ្តាលទីក្រុងតូក្យូ អមដោយមនុស្សរាប់សិបនាក់ប្រមូលផ្តុំគ្នាដើម្បីស្តាប់គាត់និយាយ។

លោក Michael Cucek សាស្ត្រាចារ្យរងផ្នែកសិក្សាអាស៊ីនៅសាកលវិទ្យាល័យ Temple ជប៉ុនបានលើកឡើងថា សភាជាន់ទាបបានរំលាយជាផ្លូវការនៅថ្ងៃសុក្រទី ១៦ មុនការបោះឆ្នោត ជាចន្លោះពេលខ្លីបំផុតរវាងអ្នកទាំងពីរនៅក្នុងសម័យក្រោយសង្គ្រាម។ យ៉ាងណាក៏ដោយ ភាពសង្ខេបនៃរយៈពេលមុនការបោះឆ្នោតនេះ ទំនងជាមិនមានឥទ្ធិពលច្រើនទេ។

លោកបានប្រាប់ AFP ថា មិនចាំបាច់មានពេលវេលាដើម្បីណែនាំ ឬពន្យល់អ្វីទាំងអស់ គណបក្សកំពុងផ្តល់ជូនកម្មវិធីគោលនយោបាយស្រដៀងគ្នាគួរឲ្យកត់សម្គាល់។ ជាពិសេស អាកាសធាតុទំនងជាមានផលប៉ះពាល់កាន់តែច្រើនទៅលើចំនួនអ្នកបោះឆ្នោត ដោយមានព្យុះព្រិលធ្ងន់ធ្ងរវាយប្រហារភាគខាងជើង។

ទី២ ប្រជាប្រិយភាពធ្លាក់ចុះរបស់លោកស្រី Takaichi

លោកស្រីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងក្នុងប្រទេសជប៉ុនកាលពីខែតុលា ជាអ្នកជាតិនិយមដ៏រឹងមាំ កំពុងពឹងផ្អែកលើចំនួនអ្នកបោះឆ្នោតដ៏រឹងមាំ ដើម្បីជំរុញគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលមិនមានប្រជាប្រិយភាពរបស់ខ្លួន និងមានសំឡេងភាគច្រើនតិចតួចនៅក្នុងសភាជាន់ទាបដ៏មានឥទ្ធិពល។

បើយោងតាមការស្ទង់មតិរបស់កាសែត Nikkei ៖ Takaichi បានភ្នាល់អនាគតនយោបាយលើការបោះឆ្នោត ដោយថា លោកស្រីនឹងលាលែងពីតំណែងភ្លាមៗ ប្រសិនបើគណបក្សចម្រុះ មិនអាចឈ្នះសំឡេងភាគច្រើនបាន។ ប្រជាប្រិយភាពខ្ពស់របស់រដ្ឋាភិបាល Takaichi ដែលធ្លាប់តែរឹងមាំ បែរជាចាប់ផ្តើមធ្លាក់ចុះ (ចំណាត់ថ្នាក់ការយល់ព្រមរបស់រដ្ឋាភិបាលបានធ្លាក់ចុះពី ៧៥ ភាគរយនៅក្នុងខែធ្នូ មកត្រឹម ៦៧ ភាគរយ )។

អ្នកបោះឆ្នោតកំពុងលើកឡើងនូវសំណួរអំពីការសន្យាកាត់បន្ថយពន្ធថ្មីៗនេះ ដើម្បីទប់ទល់នឹងអតិផរណា និងរបៀបដែលវានឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ខណៈពេលដែលមនុស្សជាច្រើនក៏មានការខកចិត្តចំពោះការបោះឆ្នោតមុនកាលកំណត់ នោះធ្វើឲ្យការជជែកដេញដោលរបស់សភាលើថវិកាឆ្នាំ ២០២៦-២០២៥ ថយចុះ។

ទី៣ គូប្រជែងរួបរួមគ្នា

ប្រឈមមុខនឹងគណបក្ស LDP គណបក្សដ៏មានឥទ្ធិពលមួយដែលបានគ្រប់គ្រងប្រទេសជប៉ុនស្ទើរតែជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ១៩៥៥ និងដៃគូចម្រុះរបស់ខ្លួនគឺគណបក្សនវានុវត្តន៍ជប៉ុន (JIP) កម្លាំងប្រឆាំងបានស្បថថា នឹងប្រយុទ្ធតតាំងមិនថមថយឡើយ។

ជាពិសេស គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ (CDP) និងគណបក្សពុទ្ធសាសនា Komeito តូចមួយ អតីតដៃគូចម្រុះ LDP កំពុងចូលរួមកម្លាំងក្រោម «សម្ព័ន្ធកំណែទម្រង់កណ្តាល»។

អ្នកវិភាគជឿថាការបោះឆ្នោតអាចមានភាពតឹងតែងអាស្រ័យលើភាពជោគជ័យនៃសម្ព័ន្ធភាពថ្មី ប៉ុន្តែឱកាសនៃជ័យជម្នះរបស់គណបក្សប្រឆាំងនៅតែតិចតួច។

លោក Hideo Kumano អ្នកសេដ្ឋកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវជីវិត Dai-ichi បានប្រាប់ AFP ថា «មិនមានភាពខុសគ្នាខាងគោលនយោបាយគួរឲ្យកត់សម្គាល់រវាងគណបក្សទាំងពីរទេ។ ការបោះឆ្នោតនេះកំពុងត្រូវបានបង្កើតឡើងជាការធ្វើប្រជាមតិលើ Takaichi»។

ទី៤ អតិផរណា​កើនឡើង​ខ្ពស់

ជប៉ុនបានតស៊ូជាមួយនឹងការកើនឡើងនៃការចំណាយលើការរស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកំហឹងរបស់សាធារណជនចំពោះអតិផរណា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដួលរលំរបស់លោក Shigeru Ishiba ដែលជាអ្នកកាន់តំណែងមុន។

ដោយស្វែងរកការបន្ធូរបន្ថយការឈឺចាប់ Takaichi បានបង្ហាញនៅក្នុងខែវិច្ឆិកានូវកញ្ចប់ជំរុញសេដ្ឋកិច្ចដែលមានតម្លៃ ១៣៥ពាន់លានដុល្លារ ហើយប្រសិនបើជាប់ឆ្នោត លោកស្រី បានសន្យាថានឹងលើកលែងពន្ធលើការប្រើប្រាស់លើម្ហូបអាហាររយៈពេល២ឆ្នាំ ដោយចូលរួមជាមួយការសន្យារបស់គណបក្សប្រឆាំងក្នុងការកាត់បន្ថយពន្ធផ្សេងៗ។

នេះប្រឈមនឹងការបំប៉ោងបន្ថែមទៀតនូវបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេស ដែលធ្វើឲ្យទីផ្សារមូលបត្របំណុលរង្គោះរង្គើ និងបានរំលឹកឡើងវិញនូវការចងចាំរបស់មេដឹកនាំអង់គ្លេស Liz Truss ដែលទើបតែលាលែងពីតំណែងបន្ទាប់ពីបានធ្វើឲ្យវិនិយោគិនមានការព្រួយបារម្ភ។

យោងតាមការស្ទង់មតិ Nikkei ដែលបានចេញផ្សាយកាលពីម្សិលមិញ ៥៦ ភាគរយនៃជនជាតិជប៉ុនជឿថា ការលើកលែងពន្ធដែលបានសន្យា នឹងមិនមានប្រសិទ្ធភាពប្រឆាំងនឹងអតិផរណាទេ។ តែ Takaichi បានការពារវិធានការនេះដោយអះអាងគោលជំហរ លោកស្រីកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះនិរន្តរភាពហិរញ្ញវត្ថុ។

ទី៥ ជនបរទេស ការទូត

ក្តីបារម្ភមួយទៀតរបស់អ្នកបោះឆ្នោត គឺតួនាទីជនបរទេសនៅជប៉ុន ទោះបីជាកម្រិតអន្តោប្រវេសន៍នៅក្នុងប្រទេសនៅតែទាប បើប្រៀបធៀបទៅនឹងប្រទេសអ្នកមានផ្សេងទៀតក៏ដោយ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន កិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយបានស្នើឲ្យមានសកម្មភាពកាន់តែតឹងរ៉ឹង ប្រឆាំងនឹងជនបរទេសដែលស្នាក់នៅដោយខុសច្បាប់ និងការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើអ្នកទិញអចលនទ្រព្យ ទោះបីជាវាបានសន្យាគាំទ្រដល់អ្នកដែលមានសិទ្ធិស្នាក់នៅក៏ដោយ។

មិនតែប៉ុណ្ណោះ បញ្ហាអន្តរជាតិក៏អាចនឹងកើតឡើងលើយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។ ជាក់ស្ដែង លោកស្រី Takaichi បានដើរលើកម្រាលព្រំក្រហមជាមួយលោកត្រាំ បានលេងឧបករណ៏ស្គរជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងថតរូប Selfie ជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giorgia Meloni ។ ប៉ុន្តែទំនាក់ទំនងជាមួយទីក្រុងប៉េកាំងឯណោះវិញ បែរជាកាន់តែអាក្រក់ទៅៗចាប់តាំងពីមេដឹកនាំរូបនេះ លើកឡើងកាលពីខែវិច្ឆិកាថា «ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍យោធា ប្រសិនបើប្រទេសចិនវាយប្រហារតៃវ៉ាន់»។ ជាការសងសឹក ប៉េកាំងបានប្រកាសពីការគ្រប់គ្រងការនាំចេញកាន់តែតឹងរ៉ឹងទៅកាន់ជប៉ុន ហើយការចំណាយសេដ្ឋកិច្ចនៃវិបត្តិការទូតនេះកំពុងធ្វើឲ្យអ្នកបោះឆ្នោតជប៉ុនមានការព្រួយបារម្ភខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

នាយករដ្ឋមន្ត្រី ជប៉ុន រំលាយសភាថ្ងៃនេះ ក្រោយកាន់តំណែងត្រឹមតែ៣ ខែប៉ុណ្ណោះ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម