ព័ត៌មានអន្ដរជាតិ
ត្រាំ ដាក់លក្ខខណ្ឌ២ចំណុចទៅអ៊ីរ៉ង់ បើមិនចង់ឲ្យអាមេរិក ប្រើធម៌ក្តៅ
ពិភពលោកកំពុងតាមដានមើលសភាពការណ៍នៅអ៊ីរ៉ង់ មិនហ៊ានប៉ប្រិចភ្នែកឡើយ ចំពេលអាមេរិក បញ្ជូនកងនាវាចម្បាំងនិងសព្វាវុធទៅតំបន់មជ្ឈិមបូព៌ាយ៉ាងច្រើនសន្ធឹក។

យ៉ាងណា ស្ថានការណ៍បានប្រែប្រួលនៅពេលលោក ដូណាល់ ត្រាំ ប្រកាសថា លោកមិនចង់ប្រើធម៌ក្តៅលើអ៊ីរ៉ង់ទេ ប៉ុន្តែបានដាក់លក្ខខណ្ឌ ២ចំណុចឲ្យទីក្រុងតេហេរ៉ង់ អនុវត្តតាម។
តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៣០ខែមករាឆ្នាំ២០២៦ លោកត្រាំបញ្ជាក់ថា បើអ៊ីរ៉ង់មិនចង់ឲ្យអាមេរិក ធ្វើសកម្មភាពយោធាទេនោះ អ៊ីរ៉ង់ត្រូវតែបំពេញតាមលក្ខខណ្ឌចំនួន២ គឺទី១ ត្រូវបោះបង់ចោលនុយក្លេអ៊ែរ និងទី២ ត្រូវឈប់សម្លាប់បាតុករ។

ទន្ទឹមនោះដែរ ប្រធានាធិបតីអាមេរិកគំរាមថា៖ «យើងមាននាវាធំៗនិងពោរពេញអានុភាពខ្លាំងក្លាជាច្រើនគ្រឿង កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់នាពេលឥឡូវនេះ ហើយវាជារឿងល្អណាស់ បើយើងមិនចាំបាច់ប្រើប្រាស់កម្លាំងទាំងនោះ»។
ការគំរាមនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំសេតវិមានវ័យ៧៩ឆ្នាំរូបនេះ ព្រមានខ្លាំងៗថា អ៊ីរ៉ង់ ជិតអស់ពេលហើយក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា ក្រុមនាវាចម្បាំងអាមេរិកដែលលោកបានបញ្ជាឲ្យទៅកាន់តំបន់មជ្ឈិមបូព៌ា ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln គឺត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈនិងអាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ទាំងល្បឿននិងកម្លាំង ប្រសិនបើចាំបាច់។

លោក ត្រាំ សរសេរបន្តថា៖ «សង្ឃឹមថា អ៊ីរ៉ង់នឹងប្រញាប់មកកាន់តុចរចា ហើយនិយាយគ្នាលើកិច្ចព្រមព្រៀងមួយដែលត្រឹមត្រូវនិងយុត្តិធម៌ គឺមិនមានអាវុធនុយក្លេអ៊ែរ ដែលជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់គ្រប់ភាគី»។
ដោយសំដៅទៅការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំមុន, ប្រធានាធិបតីអាមេរិកគំរាមថា៖ «ការវាយប្រហារលើកក្រោយនឹងកាន់តែធ្ងន់ជាងនេះទៅទៀត! កុំបណ្តោយឲ្យរឿងនោះកើតឡើងជាថ្មីឲ្យសោះ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


