ព័ត៌មានអន្ដរជាតិ
តើ ដ្រូន MQ-1 Predator របស់អាមេរិក ដែល អ៊ីរ៉ង់បាញ់ធ្លាក់ មានសមត្ថភាព និងតម្លៃពិតប្រាកដកម្រិតណា?
ការបាញ់ទម្លាក់ដ្រូនយោធារបស់អាមេរិកដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅក្បែរដែនទឹកអន្តរជាតិ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងសមរភូមិព័ត៌មាន និងយុទ្ធសាស្ត្រយោធានៅមជ្ឈិមបូព៌ា។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យពិភពលោកងាកមកចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រភេទដ្រូន «MQ-1 Predator» ដែលជាដ្រូនដ៏ល្បីល្បាញបំផុតមួយរបស់កងទ័ពអាកាសអាមេរិក។

យោងតាម warriorlodge. មុខងារចម្បងរបស់ MQ-1 Predator គឺវាជាប្រភេទដ្រូនដែលអាចបំពេញភារកិច្ចបានទ្វេដង ពោលគឺទាំងការឈ្លបយកការណ៍ និងការវាយប្រហារ។ កាលពីចាប់ផ្តើមដំបូងឡើយ ដ្រូននេះត្រូវបានរចនាឡើងក្រោមឈ្មោះ «RQ-1» ដែលមានតួនាទីហោះហើរក្នុងរយៈពេលវែងនៅកម្ពស់មធ្យម ដើម្បីប្រមូលព័ត៌មានសម្ងាត់ ថតរូបភាព និងតាមដានចលនារបស់សត្រូវ។ ក្រោយមកកងទ័ពអាមេរិកបានកែប្រែប្រព័ន្ធរបស់វា ដោយបំពាក់បន្ថែមនូវមីស៊ីលប្រឆាំងរថក្រោះ AGM-114 Hellfire ដ៏មានអានុភាព ទើបវាត្រូវបានប្តូរឈ្មោះទៅជា «MQ-1» ។
ចាប់តាំងពីពេលនោះមក អាមេរិកបានប្រើប្រាស់វាទាំងសម្រាប់ការឈ្លបយកការណ៍ស្វែងរកគោលដៅពីលើអាកាស និងការបើកការវាយប្រហារកម្ទេចទីតាំងសត្រូវភ្លាមៗដោយជោគជ័យនៅក្នុងសមរភូមិធំៗជាច្រើន ដូចជានៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។
ងាកមកថ្លៃដើមផលិតកម្មវិញ ដ្រូន MQ-1 Predator មួយគ្រឿងមានតម្លៃផលិតកម្មប្រហាក់ប្រហែលចន្លោះពី ៤ លាន ទៅ ៥ លានដុល្លារអាមេរិក អាស្រ័យលើការបំពាក់ឧបករណ៍បច្ចេកវិទ្យា និងប្រភេទអាវុធនៅលើនោះ។ ប៉ុន្តែ នៅក្នុងប្រព័ន្ធយោធា គេកម្រទិញវាតែមួយគ្រឿងដាច់ដោយឡែកណាស់ ពោលគឺគេច្រើនបញ្ជាទិញជាប្រព័ន្ធរួម ដែលមានតម្លៃសរុបប្រហែល ៤០លានដុល្លារ ដោយក្នុងមួយប្រព័ន្ធនោះរួមបញ្ចូលទាំងយន្តហោះដ្រូនចំនួន ៤គ្រឿង ស្ថានីយគ្រប់គ្រងការហោះហើរនៅលើដី និងប្រព័ន្ធភ្ជាប់ទំនាក់ទំនងតាមផ្កាយរណប។
ចំពោះសមត្ថភាពនៃការផលិតវិញ ក្រុមហ៊ុន General Atomics ដែលជាអ្នកផលិតដ្រូននេះ ធ្លាប់មានសមត្ថភាពផលិត និងប្រគល់ជូនកងទ័ពអាកាសអាមេរិកបានរាប់សិបគ្រឿងក្នុងមួយឆ្នាំៗ នៅកំឡុងពេលដែលតម្រូវការសង្គ្រាមកំពុងឡើងខ្ពស់។ គិតមកទល់ពេលនេះ ចំនួនដ្រូនក្នុងស្រឡាយ Predator នេះត្រូវបានផលិតឡើងសរុបប្រហែល ៣៦០ គ្រឿង មុនពេលដែលខ្សែសង្វាក់ផលិតកម្មសម្រាប់កងទ័ពអាមេរិកត្រូវបានផ្អាក ដើម្បីផ្ទេរថវិកាទៅពង្រឹងការផលិតដ្រូនជំនាន់ថ្មីដែលមានទំហំធំ និងទំនើបជាងមុន គឺប្រភេទ MQ-9 Reaper វិញ។
ដោយឡែក ចំពោះការបាញ់ធ្លាក់ពីភាគីអ៊ីរ៉ង់ អ្នកជំនាញផ្នែកយោធាភាគច្រើនបានវាយតម្លៃថា វាមិនមែនជាសញ្ញាបង្ហាញពីភាពទន់ខ្សោយនៃបច្ចេកវិទ្យារបស់អាមេរិកទាំងស្រុងនោះឡើយ។ ដ្រូន MQ-1 Predator ជារួមគឺជាបច្ចេកវិទ្យាដែលត្រូវបានអភិវឌ្ឍ និងប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ។ វាជាដ្រូនដែលហោះហើរក្នុងល្បឿនយឺត និងមិនមានប្រព័ន្ធបំបាំងកាយ ពីរ៉ាដានោះទេ ដែលធ្វើឲ្យវាងាយរងគ្រោះនៅពេលហោះចូលទៅក្នុងដែនអាកាសដែលមានប្រព័ន្ធការពារប្រឆាំងយន្តហោះទំនើបៗ។
ការដែលអ៊ីរ៉ង់អាចបាញ់ទម្លាក់ដ្រូនប្រភេទនេះបាន គឺមិនមែនដោយសារបច្ចេកវិទ្យាអាមេរិកអន់ទេ តែវាបានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីសមត្ថភាពពិតប្រាកដនៃប្រព័ន្ធរ៉ាដា និងមីស៊ីលការពារដែនអាកាសរបស់អ៊ីរ៉ង់ ដែលបានអភិវឌ្ឍខ្លួនរហូតអាចតាមដាន និងកម្ទេចគោលដៅហោះហើររបស់អាមេរិកបានដោយជោគជ័យ ។ ព្រឹត្តិការណ៍នេះគ្រាន់តែជាការដាស់តឿនដល់យោធាអាមេរិក ឲ្យដឹងថាខ្លួនមិនអាចប្រើប្រាស់ដ្រូនជំនាន់ចាស់ ឬដ្រូនដែលគ្មានប្រព័ន្ធការពារខ្លួន ដើម្បីចូលទៅឈ្លបយកការណ៍ក្នុងតំបន់ដែលមានការការពារតឹងរ៉ឹងដោយសេរីដូចមុនទៀតបានឡើយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


