Connect with us

ព័ត៌មានជាតិ

ប្រាសាទបុរាណខ្មែរចែកជា ១២ រចនាបថខុសៗគ្នាតាមសម័យកាល

បានផុស

នៅ

នៅតំបន់អង្គរ​ដោយសារ​តែ​ភាពចម្រុះនៃប្រាសាទបុរាណខ្មែរត្រូវ​បានគេ​​បែងចែកជា ១២ រចនាបថខុសៗគ្នា។ នេះ​បើ​យោង​តាមលោក ជា សារិទ្ធ បុរាណវិទូ​និង​ជា​មន្រ្តីផ្នែកអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា។

នៅក្នុង​តំបន់រមណីយដ្ឋាន​អង្គរមានប្រាសាទចំនួន ៩១ ត្រូវបានចុះក្នុងបញ្ជីជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក ខណៈជាក់ស្តែងចំនួនប្រាសាទអាចមានច្រើនជាងនេះ ដោយរាប់បញ្ចូលទាំងប្រាសាទដែលនៅឈរ និងប្រាសាទដែលនៅសល់តែគ្រឹះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សារិទ្ធ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ប្រាសាទនីមួយៗ​ដែលត្រូវ​បានសាងសង់ សុទ្ធតែមានលក្ខណៈប្លែកៗពីគ្នា។

យោងតាមការសិក្សាពីប្រវត្តិសិល្បៈខ្មែរ ចន្លោះពីសតវត្សទី ៩ ដល់ពាក់កណ្តាលសតវត្សទី ១៣ ប្រាសាទត្រូវបានចែកជា ១២ រចនាបថខុសៗគ្នា

លោក ជា សារិទ្ធ គូស​រំលេច​​ពី​សំណង់​ស្ថាបត្យកម្ម​នៅក្នុងរាជ្រ​ព្រះបាទជ័យវរ្ម័នទី៧ ដែល​កាន់តែ​មានភាពអស្ចារ្យ​ ដោយព្រះអង្គបាន​យក​រឿងរ៉ាវក្នុងគម្ពីរទេវកថាមកកសាងជាសំណង់ជាក់ស្តែងនៅលើលំហដី។

តួយ៉ាងប្រាសាទបាយ័នដែលជាផ្ចិតកណ្តាលនៃក្រុងអង្គរធំ មានច្រកចូលដែលអមដោយរូបចម្លាក់ទេវតា និងយក្សទាញ​ព្រ័ត្រ ដែលតំណាងឱ្យរឿង “កូរសមុទ្រទឹកដោះ” ជារឿងដែលមានប្រវត្តិពីគម្ពីរព្រហ្មញ្ញសាសនា និងធ្លាប់ត្រូវបានឆ្លាក់នៅអង្គរវត្តនៅសតវត្សទី១២។

លោក ជា សារិទ្ធ បានអះអាងថា រចនាសម្ព័ន្ធនៃក្រុងអង្គរធំទាំងមូល គឺជានិមិត្តរូបនៃរឿងកូរសមុទ្រទឹកដោះ ដែល​បម្រើដល់វិស័យនយោបាយ សាសនា និងនគររបស់ព្រះអង្គ។

ដោយឡែកប្រាសាទនាគព័ន្ធតំណាងឱ្យបឹងដ៏ពិសិដ្ឋមួយនៅឯព្រៃហិមពាន្ត ដែលព្រះអង្គបានកសាងឡើងសម្រាប់បម្រើឱ្យវិស័យសាសនា ជំនឿ និងជាពិសេសគឺជាកន្លែងសម្រាប់ព្យាបាលរោគ។

បើតាមបុរាណវិទូ លោក ជា សារិទ្ធ ក្នុងរាជ្យ​ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គប្រើប្រាស់វិធីសាស្ត្រព្យាបាលទាំងផ្លូវកាយនិងផ្លូវចិត្តទន្ទឹមគ្នា ដោយអ្នកជំងឺត្រូវប្រើប្រាស់ឱសថបុរាណផង និងទទួលការព្យាបាលផ្លូវចិត្តតាមរយៈការលាងបាប ឬការស្រោចទឹក។

«នៅតាមមន្ទីរពេទ្យនីមួយៗ សុទ្ធតែមានហោបន់ស្រន់សម្រាប់បួងសួងនិងមានតម្កល់ “ព្រះពុទ្ធស្តេចថ្នាំ” ដើម្បីឱ្យអ្នកជំងឺគោរពបូជាក្នុងពេលសម្រាកព្យាបាល»។ លោក​បន្ថែម។

លោក ជា សារិទ្ធ បាន​បញ្ជាក់ទៀត​ថា ចំណុចដែលកាន់តែពិសេសនោះគឺបើមើលពីលើអាកាស ប្រាសាទនាគព័ន្ធនិងស្រះជុំវិញទាំង ៥ មានរាងដូចជាសញ្ញាពេទ្យ (សញ្ញាបូក) ដែលធ្វើឱ្យអ្នកស្រាវជ្រាវ និងមគ្គុទ្ទេសក៍ទេសចរណ៍ខ្លះ ចាត់ទុកប្រាសាទនេះថាជាមន្ទីរពេទ្យតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម