កីឡា
ក្លិបកម្ពុជាបានស្រោចស្រង់ជីវិតបាល់ទាត់ Takaki Ose ឲ្យជោគជ័យដ៏ត្រចះត្រចង់
កីឡាករជប៉ុនសញ្ជាតិកម្ពុជា Takaki Ose បានចាត់ទុកក្លិបបាល់ទាត់នៅប្រទេសកម្ពុជាជាអ្នកស្រោកស្រង់អាជីពបាល់ទាត់របស់ខ្លួនរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ដែលគ្មានថ្ងៃបំភ្លេចបាន។

កីឡាករ Takaki បានចាប់ផ្តើមលេងបាល់ទាត់ដំបូងនៅក្រុមបាល់ទាត់វិទ្យាល័យ Jessen Gakuen និងបន្តលេងឲ្យក្រុមបាល់ទាត់សកលវិទ្យាល័យ Senshu ក្នុងឆ្នាំ ២០១៨។ ពេលនោះ រូបគេមិនទាន់លេងជាលក្ខណៈអាជីពទេ ប៉ុន្តែក៏សាកល្បងចេញទៅលេងនៅក្រៅប្រទេសដោយចូលរួមជាមួយក្លិប Pieta Hotspurs រដូវកាល ២០១៨ នៅប្រទេសម៉ាល់តា ក្នុងតំបន់អឺរ៉ុប ប៉ុន្តែក៏នៅតែមិនទាន់អាជីពពិតប្រាកដដែរ ដោយសារស្ថានភាពក្លិបមិនល្អប្រសើរ និងមិនទទួលបានប្រាក់ជាងពាក់កណ្តាលរដូវកាល។
នៅឆ្នាំ ២០១៩ Takaki Ose បានសម្រេចចាកចេញពីតំបន់អឺរ៉ុបមកកាន់តំបន់មជ្ឈិមបូព៌ាដោយចូលរួមជាមួយក្លិប Ahli Sidab ក្នុងប្រទេសអូម៉ង់។ នៅក្លិបថ្មីនេះ រូបគេមិនបានលេងនៅលើទីលានច្រើនទេ ហើយក៏មិនទទួលបានប្រាក់ខែទៀងទាត់ថែមទៀត។ កីឡាករបានគិតថា ប្រសិនបើនៅបែបនេះ អាជីពបាល់ទាត់របស់ខ្លួននឹងត្រូវបានបញ្ចប់។

នៅឆ្នាំ ២០១៩ដដែល កីឡាករក៏បានសម្រេចចិត្តចាកចេញពីប្រទេសអូម៉ង់ដោយឲ្យភ្នាក់ងារទាក់ទងរកក្លិបថ្មីនៅប្រទេសផ្សេង។ ភ្នាក់ងារបានទាក់ទងក្លិប អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប ហើយរូបគេសម្រេចមកចូលរួមជាមួយក្លិបដែលមានម្ចាស់ជាជនជាតិជប៉ុនដូចគ្នា។
កីឡាករ Takaki Ose បានរម្លឹកថា ៖«ពេលមកដល់កម្ពុជា ទើបខ្ញុំមានអារម្មណ៍ថា ខ្លួនឯងចាប់លេងបាល់ទាត់មានលក្ខណៈអាជីពពិតប្រាកដ។ ខុសពីក្រុមមុនៗដែលខ្ញុំលេងគឺមិនអាជីពទេ»។

«នៅក្លិបអង្គរថាយហ្គឺរ សម្រាប់ខ្ញុំគឺជាការចាប់ផ្តើមជាកីឡាករពិតប្រាកដ។ នៅពេលនោះ ខ្ញុំទទួលបានប្រាក់ខែ ហើយខ្ញុំអាចចាយតាមអ្វីដែលខ្ញុំចង់។ ពីមុនខ្ញុំមិនមានលុយតាមចិត្តចង់ទេ។ ខ្ញុំខំសន្សំសំចៃផង សុំលុយពីពុកម៉ែផងដើម្បីចាយ ប៉ុន្តែពេលមកដល់ក្លិបនៅកម្ពុជា ទើបខ្ញុំឈប់សុំលុយពីក្រុមគ្រួសារ»។
បន្ទាប់ពីអភិវឌ្ឍខ្លួនយ៉ាងល្អក្នុងមួយរដូវកាលជាមួយ អង្គរថាយហ្គឺរ រូបគេបានផ្លាស់មកចូលរួមជាមួយក្លិប ភ្នំពេញក្រោន ឆ្នាំ ២០២០ ដែលជាកន្លែងរូបគេទទួលបានជោគជ័យបំផុត។

កីឡាករ Takaki Ose បានរម្លឹកទៀតថា ៖«អនុស្សាវរីយ៍ដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំគឺនៅពេលជួយភ្នំពេញក្រោន ឈ្នះ បឹងកេត ១-០ ហើយបានឈ្នះជើងឯកលីគកំពូលកម្ពុជា នៅឆ្នាំ ២០២១។ នោះគឺជាការឈ្នះពានដំបូងនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជារំភើបណាស់»។
រឿងមិននឹកស្មានដល់មួយទៀតនោះគឺ នៅឆ្នាំ ២០២៤ រូបគេទទួលបានសញ្ជាតិខ្មែរដើម្បីលេងតំណាងជម្រើសជាតិកម្ពុជាលើឆាកអន្តរជាតិដែលស្ទើរតែមិនគួរឲ្យជឿនៅក្នុងជីវិតរបស់ខ្លួនទទួលបានអ្វីលើសពីបាល់ទាត់។

សូមបញ្ជាក់ថា សម្រាប់ការលេងរយៈពេល ៦ ឆ្នាំនៅកម្ពុជា Takaki Ose បានឈ្នះជើងឯកលីគកំពូលកម្ពុជា ២ លើក ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ១ លើក ឈ្នះពានខេមបូឌានស៊ុបភើខាប់ ២ លើក និងឈ្នះពានខេមបូឌានលីគខាប់ ២ លើក ព្រមទាំងទទួលបានសញ្ជាតិខ្មែរ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


