Connect with us

កីឡា

ផែនការធំ ៣ សម្រាប់​អនាគត​បាល់ទាត់​កម្ពុជា ខណៈ​អ្នក​ពាក់​ព័ន្ធបំផុស​ស្មារតី​ឆ្នាំ ២០៤៦

បានផុស

នៅ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ថ្នាក់​ដឹក​នាំ កីឡាករ អ្នក​គាំទ្រ និង​អ្នក​ពាក់​ព័ន្ធ​បាន​បង្ហាញសារ​នៅ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដោយ​សរសេរ​ថា «ដើម្បី​បាល់ទាត់​កម្ពុជា ឆ្នាំ ២០៤៦» ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាជន​មួយ​ចំនួន​បាន​ដឹង​ការ​ពិត​ស្ថិត​នៅ​ពី​ក្រោយ​ចលនា​បំផុស​ស្មារតី​ដើម្បី​អនាគត​បាល់ទាត់​កម្ពុជា ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​មិន​​ទាន់​យល់​ច្បាស់​ដែរ។ រឿង​នេះ​ត្រូវ​បាន​គេ​ដឹងថា ផ្តើម​ចេញ​ពី​លោក កាំង សេន ប្រធាន​ក្លិប​បាល់ទាត់ អាយ​អេស​អាយ ដង្កោសែន​ជ័យ ហើយ​លោក​បាន​ពាក់​អាវ​យឹត​ដោយសរសេរ​អក្សរ«២០៤៦»។ ក្រោយ​មក ក៏​មាន​ការ​បង្ហោះ​សារ​ព្រោង​ព្រាត​ត​ៗ​គ្នា​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម។

នេះ​គ្រាន់​តែ​ជាសារ​បំផុស​ស្មារតី​ឲ្យ​អ្នក​ពាក់​ព័ន្ធ​​​ឲ្យ​​ចាប់​អារម្មណ៍​ និង​យក​ចិត្ត​ទុក​ដាក់​សម្រាប់​អនាគត​បាល់ទាត់​កម្ពុជា។ តាម​ពិត​ទៅ រឿង​នេះ​ជា​ផែន​ការ​របស់​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​បាន​កំណត់ប្រហែល​ជា ២ ឆ្នាំ​មុន​មក​ម្ល៉េះ។ កាល​ណោះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ដាក់​ផែន​ការ​ខេត្ត​មួយ​មាន​ក្រុម​បាល់ទាត់​មួយ​ និង​កីឡដ្ឋាន​បាល់ទាត់​ស្តង់ដា​មួយ​ដើម្បី​​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឈាន​ទៅ​ដល់​ជុំ​ចុង​ក្រោយ​បាល់ទាត់​ពិភព​លោក FIFA World Cup។

កាន់​តែ​ជាក់​ច្បាស់​ទៀត​នោះ ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាល​ពី​ខែ​មីនា ឆ្នាំ ២០២៦ លោក សៅ សុខា ប្រធាន​សហព័ន្ធ​បាន​ថ្លែង​ថា សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ដាក់​គោល​ដៅ​សំខាន់​ចំនួន ៣។ គោល​ដៅ​សំខាន់​ទាំង៣ គឺទី១ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ជើង​ឯក​អាស៊ាន ASEAN Championship នៅ​ឆ្នាំ ២០២៨ ឬ ២០៣០, ទី​២ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ឡើង​ដល់​ជុំ​ចុង​ក្រោយ ជើង​ឯកអាស៊ី AFC Asian Cup នៅ​ឆ្នាំ ២០៣២ និង​ទី​៣ ឡើង​ដល់​ជុំ​ចុង​ក្រោយ​ជើង​ឯក​ពិភព​លោក ឆ្នាំ ២០៤២ ឬ ២០៤៦។

តាម​រយៈគោល​ដៅ​​ធំ ៣​ ខាង​លើ​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ត្រូវ​យក​ចិត្តដាក់ និង​មាន​ផែន​ការ​ច្បាស់​លាស់​រាប់​ចាប់​តាំង​ពី​ការ​អភិវឌ្ឍ​យុវជន​ទាំង​ជម្រើស​ជាតិ និង​ក្លិប​ឯកជន ការ​ពង្រឹងគុណភាព​ប្រកួត​ថ្នាក់​ខេត្ត​ និង​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ។

រយៈ​ពេល​ប្រមាណ ១០ ឆ្នាំ​ចុង​ក្រោយ ហេដ្ឋារចនា​សម្ព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បាន​កើត​មានជា​​​ច្រើន និង​ស្ទើរ​គ្រប់​ទី​កន្លែង​មាន​ទី​លាន​បាល់ទាត់។ ហេដ្ឋារចនា​សម្ព័ន្ធ​​បាល់ទាត់​សំខាន់​ៗ​មាន​ដូច​ជា ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ កីឡដ្ឋាន​គោកធ្លក ​កីឡដ្ឋាន​របស់​ក្លិប​ឯកជន​ ព្រម​ទាំង​មាន​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ថ្នាល់​បាល់ទាត់​ជា​ច្រើន​ដូច​ជា សាលា​បាល់ទាត់​ជាតិ​បាទី សាលា​បាល់ទាត់​មម្រង់​ទិស ២៥ ខេត្ត-ក្រុង មជ្ឈមណ្ឌល​បណ្តុះ​បាល់​យុវជន​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង វិសាខា ភ្នំពេញក្រោន និង អាយអេសអាយ ដង្កោសែន​ជ័យ​ជា​ដើម៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម