ព័ត៌មានជាតិ
ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា នឹងបិទជាផ្លូវការនៅខែធ្នូខាងមុខ
ការប្រកាសអំពីការបិទស្ថានទូតជាផ្លូវការនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានទទួលជួបពិភាក្សាការងារជាមួយលោក ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា នារសៀលថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជា។

នៅក្នុងជំនួបនោះ លោក ប្យ៊ន ហេម៉ាក បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង អំពីការងារពាក់ព័ន្ធនឹងការបញ្ចប់តួនាការទូតរបស់លោកនៅកម្ពុជា ទន្ទឹមគ្នានឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលតម្រូវឱ្យស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បិទជាផ្លូវការនៅខែធ្នូខាងមុខនេះ។ លោកបន្តថា ទោះបីជាមានការបិទស្ថានទូត ប៉ុន្តែប្រទេសស៊ុយអែត នៅតែបន្តមានកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការងារឧត្តមសិក្សា ស្រាវជ្រាវ និងវប្បធម៌ ហើយថា ការងារបន្ត នឹងទទួលអនុវត្តដោយស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានសម្ដែងការកោតសរសើរវិធានការរាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការខិតខំអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការបង្ការទប់ស្កាត់ការឆ្លងជំងឺនេះនៅក្នុងពន្ធនាគារ។
ជាមួយគ្នានោះ លោកក៏បានលើកឡើងអំពីសំណូមពរ២ដល់កម្ពុជា ទី១, គឺស្នើបង្កើតកុងស៊ុលកិត្តិយស ដោយលោកបានបន្តថា បច្ចុប្បន្នស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកកំពុងរង់ចាំការយល់ព្រមពីភាគីកម្ពុជា ដើម្បីបង្កើតជាស្ថានកុងស៊ុលកិត្តិយស ដើម្បីសម្រួលដល់ប្រជាពលរដ្ឋស៊ុយអែត ដែលកំពុងមានវត្តមាននៅកម្ពុជា។
ទី២, លោកបានជម្រាបជូនថា ប្រជាពលរដ្ឋស៊ុយអែត នៅកម្ពុជាមានការលំបាកក្នុងការបន្តទិដ្ឋាការរបស់ខ្លួន ដោយសារលិខិតឆ្លងដែនជិតផុតកំណត់ ហើយស្ថានទូតនៅកម្ពុជា មិនអាចទទួលសំណើរធ្វើលិខិតឆ្លងដែនបាន ដោយតម្រូវឱ្យពួកគេត្រូវធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីដាក់សំណើស្នើសុំលិខិតឆ្លងដែនថ្មី ប៉ុន្តែត្រូវជួបឧបសគ្គដោយសារជំងឺកូវីដ-១៩។
លោកបានជម្រាបជូនសម្ដេចថា ជាដំណោះស្រាយ ស្ថានទូតស៊ុយអែតនៅកម្ពុជាបានអនុវត្តវិធានការបណ្ដោះអាសន្ន ដោយដាក់ចេញទម្រង់លិខិតឆ្លងដែនថ្មីជូនពួកគាត់។ លោកស្នើសុំភាគីកម្ពុជា ពិនិត្យលទ្ធភាពអនុញ្ញាតបន្តទិដ្ឋាការស្នាក់នៅដល់ពលរដ្ឋស៊ុយអែត ដោយទទួលនូវទម្រង់លិខិតឆ្លងដែនថ្មី ដែលបានចេញជាបណ្ដោះអាសន្ននេះ។

ឆ្លើយតបនឹងសំណើទី១ របស់ឯកអគ្គរាជទូត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិនិត្យ និងធ្វើការលើរឿងនេះ ហើយពាក់ព័ន្ធនឹងសំណើរទី២ សម្ដេចបានបន្តថា នឹងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងធ្វើការងារនេះជាមួយសហការី ដើម្បីឆ្លើយតបទៅស្ថានទូត។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួន ដែលភាគីកម្ពុជា និងស៊ុយអែត ត្រូវបន្តជាមួយគ្នាទៀត គឺការងារកំណែទម្រង់ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនជាដើម។ សម្ដេចបន្តថា កន្លងមកស៊ុយអែត បានចូលរួមក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ហើយថា ស៊ុតអែត ជាប្រទេសមានបទពិសោធន៍ច្រើនលើការងារកំណែទម្រង់នេះ ពិសេសសម្ដេចផ្ទាល់ក៏បានអញ្ជើញទស្សនកិច្ចផ្ទាល់នៅប្រទេស៊ុយអែត ដើម្បីស្វែងយល់លើការងារកំណែទម្រង់នេះផងដែរ។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា សម្រាប់កម្ពុជា ទោះគោលដៅកំណែទម្រង់មិនទាន់សម្រេចបានទាំងស្រុង ប៉ុន្តែបានបោះជំហានទៅមុខជាប្រចាំ និងទទួលបានលទ្ធផលតាមការរំពឹងទុក ជាក់ស្ដែងកម្ពុជាកំពុងរៀបចំដាក់ចេញផែនការ១០ឆ្នាំ ដំណាក់កាលទី២ជុំវិញការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំពោះការងារអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមមានការប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ហាគ្រឿងញៀន និងការប្រឆាំងភេវរកម្ម សម្ដេចក្រឡាហោម បានស្នើសុំភាគីស៊ុយអែត ពិនិត្យលទ្ធភាពបន្តពង្រឹការងារនេះជាមួយភាគីកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប ឯកអគ្គរាជទូតស៊ុយអែត បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ដែលបានលើកឡើងអំពីការងារកំណែទម្រង់ និងបានបន្តថា ស៊ុយអែត ពិតជាមានមោទកភាព ដែលបានគាំទ្រកម្ពុជាបង្កើតជាមូលដ្ឋានក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំពោះសំណើសម្ដេច ពាក់ព័ន្ធនឹងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកនគរបាល និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លោកបានជម្រាបសម្ដេចថា នឹងនាំសំណើនេះជូនរដ្ឋាភិបាលស៊ុយអែត និងបានអះអាងថាការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនពិតជាមានសារៈសំខាន់ ពិសេសបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី