KPT+
អាជីវករនៅរមណីយដ្ឋានភ្នំឧដុង្គ បានផលចំណេញហួសស្មាន កំលុងពេលចូលឆ្នាំខ្មែរ
អាជីវករនៅរមណីយដ្ឋានភ្នំឧដុង្គ បានទទួលផលចំណេញហួសពីការស្មានពីការលក់ដូរក្នុងកំលុងបុណ្យចូលឆ្នាំខ្មែរ បន្ទាប់ពីអាក់ខាន២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

អ្នកស្រី អ៊ុយ រដ្ឋា វ័យ ៤០ ឆ្នាំ ជាអ្នកលក់សាច់គោអាំង មីឆា និងភេសជ្ជៈគ្រប់មុខ នៅជើងភ្នំឧដុង្គ បានប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី១៨ ខែមេសានេះថា នារដូវចូលឆ្នាំខ្មែរឆ្នាំ២០២២នេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិច្រើន បានទៅលេងភ្នំឧដុង្គ បើធៀបជាមួយនឹងចូលឆ្នាំខ្មែរកាលពី២០១៩។
អ្នកស្រី អ៊ុយ រដ្ឋា បាននិយាយថា៖ “កាលពីឆ្នាំ២០១៩ យើងលក់ដាច់ខ្លាំងដែរ បើរាល់ដងគឺលក់សាច់គោ អាំងអស់តែ ៣ គីឡូក្នុងមួយថ្ងៃទេ តែចូលឆ្នាំលក់បាន ៦ គីឡូក្នុងមួយថ្ងៃ ពេលខ្លះអត់សាច់លក់ទៀត។ មីឆាវិញ គឺពីមុនលក់តែ ៥ ០០០៛ តែចូលឆ្នាំលក់ ៦ ០០០៛ មីស៊ុបមួយចាន ៦ ០០០ ៛ ឡើងដល់ ៨ ០០០៛ ព្រោះសាច់ឡើងថ្លៃ ប៉ុន្តែពេលចប់ចូលឆ្នាំគឺលក់តម្លៃធម្មតាវិញហើយ។ បើគិតទៅមួយថ្ងៃចំណេញប្រហែលបាន ៣០ ម៉ឺនដែរ”។

អាជីវកររូបនេះបន្តថា៖ “បើដើមទុនវិញ គឺរៀងច្រើនជាងឆ្នាំមុន ហើយខ្ញុំទិញមកគឺសម្រាប់លក់មួយអាទិត្យក្នុងពេលចូលឆ្នាំខ្មែរតែម្តង ព្រោះពេលចូលឆ្នាំនៅផ្សារអត់បើកទេ ដូច្នេះហើយពិបាករកទិញ”។
ចំណែកឯអាជីវករមួយរូបទៀត ឈ្មោះ អុល ចាន់ថន ជាអ្នកលក់ផ្លែឈើ បានប្រាប់មក “កម្ពុជាថ្មី” ដូចគ្នាថា ទោះបីជាឆ្នាំនេះមានគេសម្រុកទៅលេងខេត្តសៀមរាបច្រើនក៏ដោយ ប៉ុន្តែនៅភ្នំឧដុង្គក៏មានភ្ញៀវច្រើនមិនចាញ់ខេត្តផ្សេងៗប៉ុន្មានទេ។ ការចំណាយដើមទុនច្រើនជាងឆ្នាំមុន ព្រោះផ្លែឈើទិញចូលមកគឺថ្លៃ ប៉ុន្តែនៅពេលគាត់លក់ចេញវិញ គឺយកចំណេញតែតិចតួចប៉ុណ្ណោះ។
អ្នកស្រី អុល ចាន់ថន បាននិយាយថា៖ “ស្វាយទុំទិញចូលមួយគីឡូ ៣ ០០០៛ លក់ចេញវិញ ៦ ០០០៛ ប៉ុន្តែឥឡូវ មួយគីឡូទិញចូល ៥ ០០០៛ លក់វិញបាន ៧ ៥០០៛ ទៅ ៨០០០៛។ ផ្លែឈើផ្សេងៗក៏ដូចគ្នាដែរ ឡើងគ្រប់មុខ”។

ចំពោះអាជីវករ សុខ ឃី ជាអ្នកលក់នំនៅតាមជើងភ្នំឧដុង្គបានប្រាប់ “កម្ពុជាថ្មី” ថា ការលក់នំនារដូវចូលឆ្នាំខ្មែរ បួនថ្ងៃមកនេះមានការចំណេញច្រើន ជាពិសេសគឺនៅថ្ងៃទីបី នៃចូលឆ្នាំខ្មែរ មានប្រជាជនមកកម្សាន្តច្រើន និងលក់ដាច់ច្រើន។
អ្នកស្រី សុខ ឃី បានបន្តថា៖ “បើលក់នំវិញ គឺសឹងតែលក់មិនទាន់ទេ ព្រោះភ្ញៀវមកច្រើន អ្នកខ្លះសុខចិត្តឈរចាំទៀត ហើយតម្លៃនំក៏សមរម្យដូចលក់ថ្ងៃធម្មតាដដែល ព្រោះម្សៅអីមិនជាឡើងថ្លៃប៉ុន្មានទេ មួយថ្ងៃចំណេញបាន ១០ ម៉ឺន ទៅ ២០ ម៉ឺន ពេលបុណ្យទាន”។

រីឯអ្នកលក់បុកល្ហុង និង ប្រហិតចៀន លោក មើ សិលា បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមកកម្សាន្តនៅភ្នំឧដុង្គឱ្យបានច្រើន។
លោក មើ សិលា បាននិយាយថា៖ “ចំពោះភ្ញៀវដែលមានគម្រោងចង់ដើរលេង មិនដឹងទៅណា គឺមកលេងភ្នំឧដុង្គមក ទេសភាពស្អាត សេវាល្អ រីឯទំនិញនៅទីនេះវិញគឺមិនឡើងថ្លៃប៉ុន្មានទេ យើងលក់យោគយល់ដល់ភ្ញៀវដែរ”។

គួរបញ្ជាក់ថា រមណីយដ្ឋានភ្នំឧដុង្គ ឬភ្នំព្រះរាជទ្រព្យ គឺជាទីកន្លែងសម្រាប់គោរពបូជា និងទីកន្លែងសម្រាប់កម្សាន្ត។ ភ្នំឧដុង្គ មានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ស្ថិតនៅចន្លោះទិសពាយ័ព្យ និងទិសឧត្តរនៃទីក្រុងភ្នំពេញ។ ភ្នំឧដុង្គ ស្ថិតនៅ ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ដែលមានជណ្តើរ ៥០៩ កាំ និងមានតម្កល់ព្រះសិរីរឹកធាតុរបស់ព្រះពុទ្ធ ព្រមទាំងតម្កល់ទុកនូវរូបសំណាក់ព្រះពុទ្ធប្រមាណ ១ ២៥០ អង្គ តំណាងព្រះអរហន្ដព្រះអង្គដែលទ្រង់បំបួសធំជាងគេនៅថ្ងៃដាក់អាយុសង្ខារ៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


