វប្បធម៌ ជំនឿ
បទយកការណ៍៖ ហេតុអ្វីយុវជនបច្ចុប្បន្នសរសេរខុសអក្ខរាវិរុទ្ធច្រើន?
បច្ចុប្បន្ននេះ មនុស្សភាគច្រើនជាពិសេសយុវជនសរសេរខុសនូវអក្ខរាវិរុទ្ធ ក៏ដូចជាវេយ្យាករណ៍ខ្មែរច្រើន។ ការសរសេរខុសបែបនេះមានសឹងតែគ្រប់ទីកន្លែងមិនថាក្នុងសំណេរប្រចាំថ្ងៃ សៀវភៅ អត្ថបបទចម្រៀង ឬអក្សររត់ចម្រៀងខារ៉ាអូខេ យីហោអាជីវកម្មនៅតាមទីសាធារណៈនានា។

តើបញ្ហាកំំហុសអក្ខរាវិរុទ្ធទាំងនេះបណ្តាលមកពីមូលហេតុអ្វី? គួរដោះស្រាយដូចម្ដេច?
សាស្រ្តចារ្យ ធា សុកម៉េង ប្រធានដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការណ៍ដែលយុវជនកម្ពុជាមិនអាចសរសេរនូវអក្សរខ្មែរឱ្យបានត្រឹមត្រូវ ទៅតាមអក្ខរាវិរុទ្ធ និងវចនានុក្រមខ្មែរនោះ បណ្តាលមកពីបញ្ហាធំគឺ ការមិនឱ្យតម្លៃ និងមិនយល់ពីតម្លៃរបស់ភាសាជាតិ។
សាស្រ្តាចារ្យ ធា សុកម៉េង មានប្រសាសន៍ថា៖ “គេពុំឱ្យតំលៃភាសាជាតិ ជាហេតុធ្វើឱ្យគេមិនស្រឡាញ់ មិនខិតខំសិក្សារៀនសូត្រភាសាជាតិ។ ការមិនយល់អំពីតំលៃ ជាមូលហេតុធំជាងគេបង្អស់។ សេដ្ឋកិច្ចជាតិចំណុះឱ្យសេដ្ឋកិច្ចបរទេស វប្បធម៌តិច ឬច្រើនក៏ចំណុះឱ្យបរទេសដែរ។ ឧទាហរណ៍ភាសាក៏ជាផ្នែកមួយនៃវប្បធម៌។

សាស្ត្រចារ្យបានបន្តថា៖ “ដោយក្រុមហ៊ុនវិនិយោគភាគច្រើនជារបស់បរទេស គេតម្រូវការបុគ្គលិកចេះភាសាបរទេស នាំឱ្យកូនខ្មែរខំរៀនភាសាបរទេស ដើម្បីងាយស្វែងរកការងារដែលមានប្រាក់ខែខ្ពស់។ ម្យ៉ាងអ្នកមានបំណងសិក្សានៅបរទេសក៏ខំរៀនភាសាគេដោយពុំសំចៃកម្លាំង។”
ប្រធានដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែររូបនេះ បានឱ្យដឹងបន្តទៀតថា ការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ ឬព័ត៌មានសង្គមដែលពុំសូវមានតម្លៃ ពុំមានប្រយោជន៍មានច្រើន ភាគច្រើនមិនបណ្ដុះគំនិត បណ្ដុះតែការសប្បាយ ជាហេតុនាំឱ្យក្មេងៗ ឬយុវជន ចំណាយពេលច្រើនទៅលើការកម្សាន្តសប្បាយទាំងនោះជាងការអានសៀវភៅ។

កញ្ញា សី ចរិយា ជានិសិ្សតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ កម្ពុជា បានប្រាប់ “កម្ពុជាថ្មី” ថា កញ្ញាអាចសរសេរអក្សរខ្មែរត្រូវបាន ៧០% ចំណែកខុស ៣០% នោះគឺ ទី១ ទាក់ទងជាមួយនឹងពាក្យបច្ចេកទេស គឹប្រសិនបើកញ្ញាមិនធ្លាប់អាន់ប៉ះ ឬកត់សម្គាល់ទេ គឺមិនអាចសរសេរចេញឡើយ។ ទី២ គឺមានបញ្ហាជាមួយនឹងវេយ្យាករណ៍ខ្មែរ នៅមិនទាន់អាចប្រើប្រាស់ជាផ្លូវការបានត្រឹមត្រូវនៅឡើយទេ គឺត្រូវការពេលវេលាសិក្សាបន្ថែមទៀត។
យុវតី ចរិយា បាននិយាយថា៖ “ខ្ញុំឥឡូវកាត់បន្ថយការនិយាយអង់គ្លេសហើយ ពីមុនវិញគឺ ប្រើអង់គ្លេសសឹងតែរាល់ថ្ងៃ រហូតពេលសរសេរខ្មែរភ្លេច មិនដឹងសរសេរបែបណាត្រឹមត្រូវតាមវេយ្យាករណ៍ ប៉ុន្តែឥឡូវកែប្រែបានច្រើនហើយ”។

កញ្ញា សី ចរិយា បានស្រដីបន្តថា៖ “កូនខ្មែរគួរតែឈប់ប្រព្រឹត្តនូវទង្វើដែលធ្វើឱ្យអក្សរជាតិបាត់បង់ចំនួន៣។ ទី១ ឈប់ប្រើប្រាស់អក្សរអង់គ្លេសជាសំនៀងខ្មែរ បើប្រើអង់គ្លេសឱ្យចំអង់គ្លេស។ ទី២ កុំយកភាសានិយាយ និងភាសាសរសេរមកលាយឡំគ្នា ដូចជាពាក្យ “ញុម និង ខ្ញុំ” ជាដើម។ ទី៣ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការសរសេរ ត្រូវចេះអាន និងចេះចំណាំនូវពាក្យពិបាក ជាពិសេសពាក្យបច្ចេកទេស”។
កញ្ញា ចាន់ ដាណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្របរិស្ថាន នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានប្រាប់ “កម្ពុជាថ្មី” ថា កាលពីនៅវិទ្យាល័យនាងសរសេរអក្សរខ្មែរស្ទើរតែទាំងស្រុង ប៉ុន្តែនៅពេលដែលចូលសាកលវិទ្យាល័យ គឺកញ្ញា ដាណៃ ប្រើប្រាស់តែភាសា អង់គ្លេស ស្ទើរតែ ៨០% ទៅហើយ ព្រោះគឺជាតម្រូវការរបស់សាលា និងសង្គម។

និសិ្សត ចាន់ ដាណៃ បានលើកឡើងថា៖ “ខ្ញុំកត់សម្គាល់ខ្លួនឯងថា តាំងពីចប់វិទ្យាល័យមក គឺប្រឹងតែអង់គ្លេស ព្រោះនៅសាលាភាគច្រើនប្រើតែភាសាបទរទេស រហូតដល់ពេលខ្លះសរសេរអក្សរខ្មែរមិនត្រូវ ប្រកបមិនចេញទៀត ដល់ថ្នាក់មិត្តភក្តិ និយាយថាលេងថា គេរៀនបានខ្ពស់ រហូតភ្លេចអក្សរខ្មែរអស់ហើយ”។
កញ្ញា ចាន់ ដាណៃ និយាយបន្តថា៖ “យើងកូនខ្មែរទាំងអស់គ្នាគួរតែចាប់ផ្តើម ដោយការអានឡើងវិញ ដូចជាការអានកាសែត ឬការអានសៀវភៅជាដើម ទើបអាចពង្រឹងការសរសេរឱ្យល្អបាន”។

ចំណែក លោក ពត ជីវ័ន្ត ស្ថាបនិកក្រុមយុវជនម្លប់មេត្តា និងជាអ្នកអភិរក្សអក្សរខ្មែរ នៅខេត្តបាត់ដំបង បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដើម្បីឱ្យកូនខ្មែរសរសេរអក្សរជាតិឱ្យបានត្រឹមត្រូវតាមវចនានុក្រមខ្មែរ គឺកូនខ្មែរគ្រប់រូបត្រូវតែមានវចនានុក្រមផ្ទៀងផ្ទាត់រាល់ការមិនច្បាស់លាស់ត្រង់ពាក្យណាមួយ។
លោក ពត ជីវ័ន្ត បានលើកឡើងបន្តថា នាពេលបច្ចុប្បន្នមានភាពងាយស្រួលបំផុតសម្រាប់ការដាក់វចនានុក្រមជាប់តាមខ្លួន ព្រោះសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យឡើងគឺសុទ្ធសឹងតែប្រើស្មាតហ្វូនដែលអាចដំឡើងកម្មវិធីវចនានុក្រមអេឡិចត្រូនិចបានយ៉ាងងាយស្រួល អាចមានវចនានុក្រមជាប់ខ្លួនគ្រប់ពេល។ ម្យ៉ាងវិញទៀតក្រសួងអប់រំ យុវជន និងកីឡា គួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងរឹតបន្តឹងចំពោះកំហុសអក្ខរាវិរុទ្ធរបស់សិស្សានុសិស្សគ្រប់កម្រិត ដើម្បីមានតម្លាភាពក្នុងការប្រើប្រាស់ឱ្យបានត្រឹមត្រូវចំពោះអក្ខរាវិរុទ្ធនៃភាសាជាតិ។

លោក ពត ជីវ័ន្ត មានប្រសាសន៍បន្តថា៖ “ក្នុងនាមជាយុវជនដែលស្រឡាញ់ និងព្យាយាមអភិរក្សអក្សរសាស្ត្រជាតិមួយរូប ខ្ញុំសូមផ្ដាំផ្ញើដល់កូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងនាំគ្នាអភិរក្សរក្សាអក្សរសាស្ត្រជាតិឱ្យបានល្អប្រសើរ ព្រោះនាពេលបច្ចុប្បន្ននេះ ភាសាខ្មែរយើងកំពុងពេញនិយម និងការទទូចចង់បានយកទៅប្រើប្រាស់ជាភាសាផ្ទាល់ខ្លួននៃប្រទេសជិតខាងយើងផងដែរ។ ដូច្នេះហើយប្រសិនបើកូនខ្មែរមិននាំគ្នាអភិរក្ស និងរក្សាចាប់ពីពេលនេះទេ អាចទៅថ្ងៃខាងមុខអក្សរសាស្ត្រជាតិយើងនឹងវិវត្តក្លាយជាអក្សរសាស្ត្រគេជាក់ជាមិនខាន។”

គួរបញ្ជាក់ថា កត្តាដែលនាំឱ្យការសរសេរខុសអក្ខរាវិរុទ្ធមានកត្តាផ្សេងៗគួបផ្សំគ្នា។ កត្តាទាំងនោះអាចកើតមកពី កត្តាសង្គម កត្តាកំហុសអ្នកសរសេរ កត្តាបច្ចេកទេស (បញ្ហាកុំព្យូទ័រ) កត្តាមិនទាន់មានក្បូនខ្នាតខាងសរសេរបែបស្តង់ដារ។ ជាមួយគ្នានេះការវិវត្ត ឬការផ្លាស់ប្ដូរទម្រង់ និងការសរសេរនៃអក្សរសាស្ត្រខ្មែរពីមួយជំនាន់ទៅមួយជំនាន់ ការទទួលសម្ពាធពីអាណានិគមនិយមបារាំងដែលចង់ប្ដូរការសរសេរភាសាខ្មែរទៅជាអក្សរឡាតាំងដូចប្រទេសវៀតណាមជាដើម ព្រមទាំងការប្រើក្បួនសរសេរចម្រុះពីអ្នកអក្សរសាស្ត្រ ការប្រើក្បួនខេមរយានកម្ម ជាដើម។ កន្លងមក អ្នកប្រើប្រាស់អក្សរខ្មែរ ធ្លាប់ប្រទាញប្រទង់គ្នាយ៉ាងខ្លាំង ជុំវិញការប្រើប្រាស់សំណេរព្យាង្គតម្រួត និងព្យាង្គរាយ។ នៅពេលរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យប្រើប្រាស់តាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត នៅឆ្នាំ២០១០ ដើម្បីបញ្ចប់ភាពប្រទាញប្រទង់នេះ៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់