ព័ត៌មានជាតិ
(បទយកការណ៍) កម្ពុជាឆ្លងផុតសម័យសិស្សរត់រកសាលា មកដល់សម័យសាលារត់មករកសិស្ស
សម្រាប់កម្ពុជាសន្ដិភាពគឺជាការរកបានដោយលំបាក។ ទើបតែជាង ២០ ឆ្នាំនេះ កម្ពុជាមានសុខសន្តិភាពពេញលេញ មានឯកភាពទឹកដីក្រោមដំបូលដឹកនាំដោយរដ្ឋាភិបាលតែមួយ។
សង្រ្គាមបានបំផ្លាញអ្វីៗគ្រប់យ៉ាង។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ គ្រប់វិស័យត្រូវបានស្តារឡើងវិញដោយចាប់ផ្តើមពីចំណុចសូន្យ។

សន្តិភាពជំនួសឲ្យសង្គ្រាមបានផ្ដល់ឲ្យកម្ពុជា មានឱកាសអភិវឌ្ឍជាតិឡើងវិញលើគ្រប់វិស័យរួមទាំងការអភិវឌ្ឋធនធានមនុស្ស។ វិស័យអប់រំបានចាប់ផ្តើមពីស្ថានភាព «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ»។ បច្ចុប្បន្ននេះ កម្ពុជាបានឆ្លងផុតសម័យកាលសិស្សរត់រកសាលា មកដល់ជំនាន់សាលារត់មករកសិស្ស។
អ្នកស្រី សុន ស៊ីមន ពលរដ្ឋរស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សុខសន្តិភាពបាននាំឲ្យប្រទេសជាតិមានការអភិវឌ្ឍតាំងពីផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ។ សាលារៀនពង្រាយនៅគ្រប់កន្លែងមានតាំងពីថ្នាក់បឋម អនុវិទ្យាល័យ រហូតដល់វិទ្យាល័យ មិនពិបាកធ្វើដំណើរឆ្ងាយពីផ្ទះ។

អ្នកស្រី សុន ស៊ីមន ពលរដ្ឋរស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ជាបុគ្គលិកកំពុងបម្រើការងារនៅគ្រឹះស្ថានហិរញ្ញវត្ថុមួយកន្លែងនៅស្រុកជើងព្រៃខេត្តកំពង់ចាម លោក ជុំ វណ្ណៈ បានប្រៀបធៀបភាពខុសគ្នាជំនាន់ដែលលោកនៅក្មេងសាលានៅឆ្ងាយពីផ្ទះ ត្រូវដើររាប់សិបគីឡូម៉ែត្រ ខណៈបច្ចុប្បន្នរដ្ឋាភិបាលបានកសាងសាលារៀនតាមភូមិជនបទ ដែលផ្តល់ឱកាសដល់កូនចៅពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា។
លោក ជុំ វណ្ណៈ ក្រៅពីមើលឃើញពីភាពរីកចម្រើននៃសាលារៀននៅតាមជនបទ ខណៈគុណភាពនៃការអប់រំក៏ត្រូវបានពង្រឹងកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ជុំ វណ្ណៈ បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
ឃុំពង្រនៅក្នុងចំណោមឃុំទាំង ៨ នៅស្រុកកោះសូទិន ក្នុងខេត្តកំពង់ចាម។ មុនឆ្នាំ ២០១១ ឃុំនេះមិនទាន់មានសាលាអនុវិទ្យាល័យនៅឡើយទេ ហើយសិស្សដែលចង់បន្តសិក្សាត្រូវធ្វើដំណើរឆ្ងាយពីផ្ទះ។
លោក ជួន សុភា អតីតគ្រូបង្រៀននៅវិទ្យាល័យជីហែ ក្នុងស្រុកកោះសូទិន បានមកដឹកនាំរៀបចំបង្កើតអនុវិទ្យាល័យពង្រនៅក្នុងឃុំពង្រនៅឆ្នាំ ២០១១។ បច្ចុប្បន្នអនុវិទ្យាល័យពង្រ មានអគារសិក្សាចំនួនពីរខ្នង មាន ១១ បន្ទប់ និងមានសិស្សសិក្សាសរុបចំនួន ៣៥០ នាក់។

លោក ជួន សុភា នាយកអនុវិទ្យាល័យពង្រ
ខេត្តឧត្តរមានជ័យស្ថិតនៅឆ្ងាយដាច់ស្រយាល ក៏ទទួលបានផ្លែផ្កាពីការរីកចម្រើនលើការអភិវឌ្ឍធនធានមនុស្ស។ ខេត្តភាគឧត្តរនេះមាន ២៤ ឃុំសង្កាត់ ហើយមានសាលាកម្រិតអនុវិទ្យាល័យនៅគ្រប់ឃុំសង្កាត់ ហើយឃុំខ្លះមានអនុវិទ្យាល័យដល់ទៅពីរកន្លែង។ ដោយឡែកវិទ្យាល័យមានដល់ទៅ ៩ កន្លែង ក្នុងចំណោមស្រុកទាំង ៥។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ” លោកស្រី មិន ធារី អភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យលើកឡើងថា ការពង្រាយសាលារៀននៅតាមមូលដ្ឋានប្រជាពលរដ្ឋ បានធ្វើឲ្យអត្រានៃការចុះឈ្មោះចូលរៀនរបស់សិស្សមានការកើនឡើង ខណៈអត្រាបោះបង់ថ្នាក់ក៏បានថយចុះ។
បច្ចុប្បន្ននេះការអប់រំកំពុងបាញ់ឆ្ពោះទៅតាមទីជនបទ តាមរយៈការដាក់ចេញគោលដៅឃុំមួយមានអនុវិទ្យាល័យមួយ ស្រុកមួយមានវិទ្យាល័យច្រើន។ ក្រៅពីដាក់គោលដៅឃុំមួយ យ៉ាងហោចណាស់មានអនុវិទ្យាល័យមួយ ប្រមុខរដ្ឋាភិបាលក៏ដាក់មហិច្ឆតាចង់ពង្រីកសាកលវិទ្យាល័យរដ្ឋតាមបណ្តាខេត្តបន្ថែមទៀត ក្រៅពីសាកលវិទ្យាល័យឯកជនដែលមានស្រាប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
នៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យនៅខេត្តក្រចេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ការរៀបចំសាកលវិទ្យាល័យតាមខេត្ត ដើម្បីកាត់បន្ថយការលំបាករបស់សិស្សដែលត្រូវធ្វើចំណាកស្រុកមកសិក្សានៅទីក្រុងភ្នំពេញ។
សម្តេចបានបញ្ជាក់ថា ក្រោយដាក់ចេញគោលការណ៍ឃុំមួយអនុវិទ្យាល័យមួយ ស្រុកមួយវិទ្យាល័យច្រើន មហិច្ឆតារបស់រដ្ឋាភិបាលគឺខេត្តមួយត្រូវមានសាកលវិទ្យាល័យរដ្ឋមួយបន្ថែមទៀត។
ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាលរួចមកហើយ។ នៅគ្រប់ដំណាក់កាលនីមួយៗ «ការអភិវឌ្ឍធនធានមនុស្ស » ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង ៤ ដែលមាន ផ្លូវ ទឹក ភ្លើង និងមនុស្ស។
ចាប់ពីដំណាក់កាលទី ៣ មក រាជរដ្ឋាភិបាលបានកំណត់ «វិស័យធនធានមនុស្ស» ជាវិស័យអាទិភាពចម្បងបំផុតក្នុងការយកចិត្តទុកដាក់ដើម្បីកាត់បន្ថយភាពក្រីក្រ។

លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងពីកំណែទម្រង់លើវិស័យអប់រំក្នុងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់គ្នា។
ការដាក់ចេញកំណែទម្រង់វិស័យអប់រំ បានធ្វើឲ្យអត្រាអក្ខរកម្មជនមនុស្សពេញវ័យ ១៥ ឆ្នាំឡើងទៅសម្រេចបានអត្រា ៨៧.៨% ដែលបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយអនក្ខរជនទទួលបានជោគជ័យ តាមរយៈការផ្តល់ការអប់រំ ទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីជាអ្នកបន្តវេនប្រទេសជាតិ។
ក្រៅពីការពង្រីកសាលារៀន រដ្ឋាភិបាលក៏បានពង្រឹងគុណភាពអប់រំ និងការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ជីវភាពគ្រូបង្រៀនផងដែរ។
ប្រាក់បៀវត្សរបស់គ្រូបង្រៀនត្រូវបានបង្កើន។ នៅឆ្នាំ ២០១៥ ប្រាក់បៀវត្សគ្រូបង្រៀនទទួលបានចន្លោះពី ៥ សែនរៀល ដល់ ១ លាន ២ សែនរៀល។ នៅឆ្នាំ ២០២២ ទទួលបានពី ១ លាន ២ សែនរៀល ដល់ ២ លាន ១ សែនរៀល និងឆ្នាំ ២០២៣ រដ្ឋាភិបាលដំឡើងប្រាក់បៀវត្សគ្រូបង្រៀនទទួលបានយ៉ាងតិច ១ លាន ៥ សែនរៀល។
បើតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ នៅទូទាំងប្រទេសមានសាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅទាំងសាធារណៈ និងឯកជនមានសរុបចំនួន ១៨ ៤៣០ កន្លែង ក្នុងនោះមត្តេយ្យសិក្សាសហគមន៍មានចំនួន ៣ ០៨៣ កន្លែង សាលាសាធារណៈមានចំនួន ១៣ ៦៨១ កន្លែង និងសាលាឯកជនមានចំនួន ១ ៦៦៦ កន្លែង។ ដោយឡែកគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសមានចំនួន ១៣០ កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋមាន ៤៨ កន្លែង និងឯកជនមាន ៨២ កន្លែង។
ប្រមុខរដ្ឋាភិបាលក៏បានផ្តល់អំណោយជាអគារសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស។ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ សំណង់អគារសិក្សាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានចំនួន ៤ ៤៨៧ ខ្នង ស្មើនឹង ២៨ ៨១០ បន្ទប់៕
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


