Connect with us

វប្បធម៌ ជំនឿ

បទយកការណ៍៖ មិនធ្លាប់មាន គ្រូរបាំហ្មត់ចត់ លុតជង្គង់សំពះសិស្ស ចំពោះមុខមហាជន (មានវីដេអូ)

បានផុស

នៅ

ថ្វីដ្បិតសម័យបច្ចុប្បន្ន គរុកោសល្យ និងវិធីសាស្ត្រអប់រំបានកែប្រែ ដែលធ្វើឱ្យសិស្សហ៊ានសួរនាំ ឬនិយាយលេងសើចជាមួយគ្រូ ប៉ុន្តែចំពោះអ្នកសិក្សា​វិជ្ជាក្បួនខ្នាតបុរាណខ្មែរទាំងផ្នែករូបិយ និងអរូបិយ តែងគោរព​ប្រណិតប័ត និងខ្លាចគ្រូបាអាចារ្យជាពន់ពេក ជាពិសេសសិស្សរបាំក្បាច់បុរាណ។ គេតែងដំណាលតគ្នាថា គ្រូរបាំ​ក្បាច់បុរាណ តែងមានបុគ្គលិកលក្ខណៈ ទន់ភ្លន់ តែមានរបៀប ម៉ឺងម៉ាត់ខ្លាំង មានរំពាត់មួយសម្រាប់គោះចង្វាក់ ចាំកាច់ដៃកាច់ជើងបង្វឹកបង្ហាត់សិស្សឱ្យរាំពត់ពេនពីក្បាលដល់ចុងជើង គឺទាល់តែសិស្សរាំត្រូវក្បាច់សុក្រឹតទើបគ្រូព្រម បើរាំមិនត្រូវ សិស្សអាចនឹងត្រូវរំពាត់ ឬការស្ដីបន្ទោស ហើយបើទោះជាសិស្សរាំល្អក្ដី ក៏គ្រូមិនសរសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែតើមាន អានុភាពអ្វី បានជាធ្វើឱ្យ គ្រូរបាំដ៏ល្បី និងហ្មតចត់ម្នាក់ លុតជង្គង់សំពះសិស្ស នៅលើឆាកមហោស្រពចតុម្មុខ នៅចំពោះមុខមហាជន បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍មហោស្រពល្ខោនព្រះរាជទ្រព្យ រឿង ព្រះបាទជ័យវរ្ម័នទី៧? នេះជាការណ៍ចម្លែក និងមិនធ្លាប់មានកន្លងមក។

ដោយសម្ដីរួសរាយរាក់ទាក់ គ្រូទទួលបន្ទុកបច្ចេកទេស នៃសាលាសិល្បៈ នរោត្តម បុប្ផាទេវី និងជាអ្នកដឹកនាំរឿង ដឹកនាំសម្តែងល្ខោនព្រះរាជទ្រព្យ លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ធ្លាប់រាំសម្ដែងគ្រប់កម្មវិធីតូចធំតាំងពីតូចរហូតពេញវ័យ និងមកដល់វ័យចំណាស់នេះ ក៏ដូចជាធ្លាប់ទៅសម្ដែងនៅបរទេសផងនោះ លោកស្រីធ្លាប់ឃើញការទះដៃពីទស្សនិកជនតែពេលបើក និងបិទបញ្ចប់កម្មវិធីសម្ដែងប៉ុណ្ណោះ។ ប៉ុន្តែការសម្ដែងលើកនេះ លោកស្រីចម្លែកក្នុងចិត្ត ពោលឱ្យតែដល់ក្បាច់រាំពិសេស ក៏ដូចជាលឺចម្រៀងរបាំមានខ្លឹមសារ ទស្សនិកជនយល់ និងទះដៃអបអររហូតសឹងឥតដាច់ពីដើមដល់ចប់ ធ្វើឱ្យអ្នកគ្រូភាន់ភាំងភ្លឹករំភើបមិននឹកស្មានថាមានការគាំទ្រដល់ថ្នាក់ហ្នឹង។

អ្នកគ្រូ ឱម យុវណ្ណឌី មានប្រសាសន៍បន្តថា៖ “ចំពោះខ្ញុំ លុតជង្គង់សំពះសិល្បករ ខ្ញុំមិនដែលធ្វើទេ។ បទពិសោធន៍ខ្ញុំធ្វើជាគ្រូបង្ហាត់របាំបុរាណជាង ៣០ ឆ្នាំមកនេះ ការលើកដៃសំពះតបមាន តែបើថាខ្ញុំថ្លែងអំណរគុណជាគុណូបការគុណ គឺមិនដែលទេ នេះជាលើកទី១។ ខ្ញុំពេញចិត្តទឹកចិត្តពួកគាត់ដែលចូលរួមហាត់ជាមួយខ្ញុំ គាត់បានដាក់ខ្លួនជាឧបករណ៍ ជាមាសគីឡូ ឱ្យខ្ញុំដុត ដុំ ច្នៃ។ គាត់ធ្វើតាមខ្ញុំគ្រប់យ៉ាងទាំងអស់ ទាំងដែលពួកគាត់មិនមែនសិស្សសាលាវិចិត្រសិល្បៈ គាត់ជាប់សិក្សាចំណេះដឹងទូទៅ ជាប់ការងារផ្សេង ជាវ័យកំពុងពេញសប្បាយ បែរជាឆ្លៀតហាត់របាំបុរាណថ្ងៃសៅរ៍អាទិត្យ ហើយមកត្រូវលុតដុំ កាច់ពត់ រមួលឈឺ ត្រូវខ្ញុំស្ដីឱ្យគ្រប់យ៉ាង…”។

អ្នកគ្រូ មានប្រសាសន៍បញ្ជាក់ថា៖ “ត្រង់នេះហើយ ខ្ញុំគិតថា ពួកគាត់មានគុណូបការៈសម្រាប់សិល្បៈវប្បធម៌ បានធ្វើឱ្យប្រទេសជាតិ ទស្សនិកជនកក្រើក ធ្វើឱ្យរំជើបរំជួលសឹងពេញទីក្រុង ពេញប្រទេស។ ដូច្នេះធ្វើឱ្យខ្ញុំត្រូវតែលើកដៃសំពះអរគុណពួកគាត់ ដើម្បីឱ្យពួកគាត់ក្លាយជារលកក្រោយមានកម្លាំងមានសក្ដានុពលបន្តទៀត នៅពេលបាត់បង់គ្រូទៅ។ នេះជាអនុស្សាវរីយ៍មួយដែលខ្ញុំបង្កឱ្យពួកគាត់ចងចាំ ព្រោះ ខ្ញុំមិនមែនអមតៈ យើងមើលមិនឃើញថ្ងៃណាទេ ជាឱកាសខ្ញុំបង្ហាញឱ្យទស្សនិកជនឃើញថា អ្នកខំធ្វើអ្នកខំកសាង គឺសង្ឃឹមលើអ្នកបន្តវេន លើរលកក្រោយ ជាសរសរទ្រូង”។

មន្ត្រីចូលនិវត្តន៍ ដែលបច្ចុប្បន្នមានតួនាទីជា ទីប្រឹក្សាជំនួយការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានឋានៈស្មើ អគ្គនាយករង នៃក្រសួង រូបនេះ បញ្ជាក់ថា ផ្ទាំងទស្សនីយភាព ល្ខោនក្បាច់បុរាណខ្មែរ រឿង ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានចូលរួមពីយុវជនជាច្រើន តាំងពីថ្នាក់បឋមសិក្សា ព្រមទាំងបណ្ដាសមាគមសិល្បៈវប្បធម៌ដែលមានទម្រង់ដាច់ៗពីគ្នា ដែលពួកគាត់មានជំនាញ ដូចជាខាង យុទ្ធខមក្រម ល្បុកតោ ល្ខោនស្បែក ខោល សមាគមន៍ហ្វូណន់ សមាគមសក្ដិសិទ្ធិ មានរហូតសមាគមនៅដល់ខេត្តសៀមរាប ជាដើម។

អ្នកគ្រូ ឱម យុវណ្ណឌី មានប្រសាសន៍ថា៖ “ខាងសមាគមចូលរួម ពួកគាត់សុទ្ធតែចេះជំនាញពួកគាត់ តែពួកគាត់មិនយកចំណេះគាត់មកអាងចាងទេ ពួកគាត់ធ្វើខ្លួនសាមញ្ញ ធ្វើតាមការដឹកនាំរបស់ខ្ញុំទាំងអស់ ទើបបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ។ ខ្ញុំគោរពទឹកចិត្តដ៏ស្អាតស្អំ បរិសុទ្ធរបស់ពួកគាត់។ ដូច្នេះខ្ញុំមិនអាចព្រងើយកន្តើយនឹងការផ្ដល់តម្លៃដល់ពួកគាត់។ ម្រាមដៃដប់ ជង្គង់ខ្ញុំលុត គឺមានតម្លៃណាស់”។

វីដេអូ លោកស្រី ឱម យុវណ្ណឌី លុតជង្គុងសំពះសិស្ស នៅចំពោះមុខមហាទស្សនិកជន

កន្លងមក លោកស្រី ឱម យុវណ្ណឌី ធ្លាប់ដំឡើង និងដឹកនាំ ទស្សនីយភាពខ្នាតធំជាច្រើន មានដូចជារឿង ហ្លួងព្រះស្ដេចកន រឿង ប្រវត្តភ្នំដូនពេញ បង្ហាញស្នាដៃកសាងរាជធានីភ្នំពេញ របស់ដូនពេញ និងព្រះបាទពញាយ៉ាត របាំ ទេវៈស្រីសួគ៌ របាំ ទេពនិករកន្សែង ក៏ដូចជារបាំក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិធំៗ ក្នុងទទួលភ្ញៀវអន្តរជាតិធំៗ បុណ្យឯករាជ្យជាតិ បុណ្យចូលទីវង្គត់របស់ព្រះករុណា បុណ្យឡើងគ្រងរាជព្រះមហាក្សត្រ បុណ្យថ្វាយព្រះពរចម្រើនព្រះជន្មជាដើម។

មកជួបតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ កញ្ញា សាវ៉ាត ស្រីទ្បែន បានប្រាប់ “កម្ពុជាថ្មី” ដោយសម្ដីទន់ភ្លន់ថា រយៈពេលហាត់រៀន និងសម្ដែងគឺយូរ ប៉ុន្តែពេលសម្ដែងចប់ ពេលវេលាដើរលឿនណាស់។ ពេលសម្ដែងចប់ភ្លាម កញ្ញាមានអារម្មណ៍ចង់យំ រំភើបព្រោះក្រុមខ្លួនជាសិស្សសមាគម និងមានគ្នាច្រើនមកពីប្រភពផ្សេងៗគ្នា តែអាចធ្វើឱ្យទស្សនិកជនពេញចិត្តបាន។

កញ្ញា សាវ៉ាត ស្រីឡែន លើកឡើងបន្តថា៖ “នៅពេលអ្នកគ្រូ លុតជង្គង់លើកដៃសំពះសិល្បករ ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលសឹងស្រក់ទឹកភ្នែក។ បើតាមដឹង គ្រូចាស់ៗពួកគាត់អត់សូវចូលចិត្តសរសើរនៅមុខសិស្ស គឺពួកគាត់ចូលចិត្តរិះគន់ដើម្បីឱ្យពួកយើងបង្កើនខំប្រឹងបានរីកចម្រើន ហើយអ្នកគ្រូ។ លើកទី១ ខ្ញុំឃើញ អ្នកគ្រូធ្វើអ៊ីចឹង ចំពោះពួកយើង។ ខ្ញុំពិតជាសូមអរគុណអ្នកគ្រូ លោកគ្រូ និងព្រះអង្គ [ស៊ីសុវត្ថិ តេស្សូ] ដែលខិតខំ ដឹកនាំ ទូន្មានពួកខ្ញុំបានល្អ។ មើលទៅ គាត់ហត់ខ្លាំងមែនទែន”។

តួអង្គ ព្រះបាទជ័យវរ្ម័នទី៧ រូបនេះរំភើបខ្លាំងដែលបានសម្ដែងជាតួអង្គដ៏ធំនេះ និងមិននឹកស្មានថាខ្លួនឯងអាចកាន់តួនេះបានដែរ ដោយសារក្បាច់ខ្លាំង ប៉ុន្តែនៅពេលខំប្រឹង កញ្ញាក៏អាចធ្វើបាន ពោលគឺជោគជ័យ នៅពេលធ្វើពីទឹកចិត្ត។ ស្រីឡែន បញ្ជាក់ថា ដំបូងកញ្ញាភ័យណាស់ គិតថា ការសម្ដែងល្ខោនក្បាច់បុរាណលក់សំបុត្រ អត់មានអ្នកទិញចូលទស្សនា។ ប៉ុន្តែបែរជាផ្ទុយពីការគិតស្រឡះ គឺមានទស្សនិកជនច្រើន មានការកោតសរសើរ មានការសុំថតច្រើន អត់ដែលគិតថា ខ្លួនឯងមានថ្ងៃហ្នឹង។

កញ្ញា សាវ៉ាត ស្រីឡែន លើកឡើងបន្តថា៖ “ខ្ញុំរំភើបដែលបងប្អូនទាំងអស់គ្នាគាំទ្រច្រើន ដោយសារខ្ញុំគិតថា សម័យថ្មីបច្ចុប្បន្ន អត់សូវមានយុវជន និងអ្នកខ្វាយខ្វល់រឿងសិល្បៈបុរាណទេ ដោយសារគេនិយមសម័យ តែបែរជាផ្ទុយពីការគិត។ ខ្ញុំមានអារម្មណ៍ថា ប្រទេសខ្មែរយើងមានវប្បធម៌ល្អហើយ ប្រជាជនមានទឹកចិត្តបេះដូងស្រឡាញ់គាំទ្រវប្បធម៌ខ្លួនឯង ធ្វើឱ្យខ្ញុំមោទនភាពប្រទេសខ្លួនឯង សិល្បៈជាតិខ្លួនឯង និងប្រជាជនខ្លួនឯង និងខិតខំថែរក្សា អភិរក្សបន្តទៀត”។

ចំណែកសម្ដែងតួអង្គ ព្រះនាងឥន្រ្ទទេវី កញ្ញា ថុន សុផានី បានប្រាប់ “កម្ពុជាថ្មី” ដោយការគួរសមថា កញ្ញាអត់ដែលសម្ដែងឆាកធំបែបនេះទេ ហើយកញ្ញាសប្បាយចិត្ត និងរំភើបខ្លាំងពេលឃើញទស្សនិកជនជាតិ និងអន្តរជាតិ ចាស់ ក្មេងគាំទ្រសិល្បៈបុរាណ ដែលកញ្ញាអត់នឹកស្មានថា សំបុត្រលក់អស់មុនថ្ងៃសម្ដែងឡើយ។

ទាក់ទងការលត់ជង្គង់សំពះរបស់ គ្រូរបាំ កញ្ញា ថុន សុផានី បញ្ជាក់ថា៖ “ខ្ញុំឡើងទឹកភ្នែក ខ្ញុំឡើងយំ គ្រាន់តែអ្នកគ្រូលុតជង្គង់មក ខ្ញុំឡើងយំហ្មង សូម្បីឥឡូវ គ្រាន់តែនិយាយ ខ្ញុំក៏អួលដើមកដែរបង។ អ្នកគ្រូពិបាកមែនទែន ដោយសារតែពេលហាត់សម ២ ៣ ខែហ្នឹង មានអារម្មណ៍យូរមែនទែន សម្រាប់ពួកខ្ញុំ ទាំងការហៅមនុស្សមកហាត់សម ទាំងការគ្រប់គ្រងតួសម្ដែងរហូតជាង ២០០ នាក់ អ្នកគ្រូតែម្នាក់ឯង ជាមួយព្រះអង្គ [ស៊ីសុវត្ថិ តេស្សូ] គាត់ស្រែកផង ផ្ដែផ្ដាំ បង្ហាត់បង្រៀនផង អ្នកគ្រូមកទាំងឈឺទៀត។

សុផានី លើកឡើងបន្តថា៖ “ពេលជិតសម្ដែងហ្នឹង អ្នកគ្រូអត់ស្រួលខ្លួនប៉ុន្មានថ្ងៃ តែគាត់មានវត្តមានមករហូត គាត់មកអង្គុយចាំសិស្សរហូត។ ហាត់សមហ្នឹងមិនស្រួលទេ ទម្រាំប្រមូលមនុស្សឱ្យបានជុំគ្នា ព្រោះអ្នកខ្លះជាប់រៀន អ្នកខ្លះធ្វើការ… ពេលអ្នកគ្រូលុតជង្គង់ហ្នឹង ពួកខ្ញុំយំយកតែម្ដង គ្រូដូចជាម្ដាយទី២ របស់យើងអ៊ីចឹង”។

តួអង្គព្រះនាងឥន្ទ្រទេវី រូបនេះ សូមថ្លែងអំណរគុណប្រជាជនខ្មែរដែលតែងតែគាំទ្រសិល្បៈខ្មែរ ទស្សនិកជនជាកម្លាំងចិត្ត ជាអ្នកលើកទឹកចិត្តខ្លាំង ដ្បិតសំឡេងទះដៃ សំឡេងហ៊ោរបស់ទស្សនិកជន ធ្វើឱ្យសិកល្បករ-ការិនីនៅលើឆាកមានកម្លាំងចិត្តខ្លាំង។

កញ្ញា ថុន សុផានី បញ្ជាក់ថា៖ “ពួកខ្ញុំប៉ុន្មានថ្ងៃហ្នឹង ត្រូវហាត់សមផង រៀបចំពិធីសំពះគ្រូផង សមឆាក សមគ្រឿងស្លៀកពាក់… ឡើងហត់នឿយល្មើយរៀងៗខ្លួនហើយ។ ប៉ុន្តែពេលឡើងឆាក ឃើញបងប្អូនមកច្រើនអ៊ីចឹង កម្លាំងមិនដឹងមកពីណា ឡើងពេញប៊ឹបតែម្ដង រាំចូលជាមួយបងប្អូនទស្សនិកជន ឯការភ័យ និងការនឿយហត់អត់ដឹងបាត់អស់ទៅណា”។

សិល្បៈបុរាណដែលតែងតែខ្សត់ខ្សោយអ្នកគាំទ្រ បែរជាល្ខោនក្បាច់បុរាណលើកនេះ ត្រូវបានមហាជនជាវសំបុត្រ ទាំង៣ តម្លៃ មានតម្លៃ ២ ម៉ឺនរៀល ៤ ម៉ឺនរៀល និង ១០ ម៉ឺនរៀល អស់ទាំង ៤ វេនមុនកំណត់ ខណៈការសម្ដែងទាំង ២ ថ្ងៃនោះ ជួនគ្នានឹងកម្មវិធីកម្រិតអន្តរជាតិល្បីធំចំនួន ៣ គឺ កម្មវិធី I am a singer Cambodia ការប្រកួតផ្ដាច់ព្រ័ត្រ Miss Grand Cambodia និងការប្រកួតផ្ដាច់ព្រ័ត្រកម្មវិធី Idol Cambodia។

ក្នុងចំណោមអ្នកគាំទ្រគ្រប់ស្រទាប់ លោកស្រី ជួប សុភា ជាមន្ត្រីរាជការ បានឱ្យ កម្ពុជាថ្មី ដឹងថា នេះជាលើកទី១ ដែលលោកស្រី បានទស្សនាផ្ទាំងទស្សនីយភាពសិល្បៈបុរាណខ្មែរដ៏អស្ចារ្យបែបនេះ និងលោកស្រីរំភើបពេលឃើញ អ្នកគ្រូរបាំដល់ថ្នាក់ លុតជង្គង់សំពះអរគុណសិស្ស។ លោកស្រី បញ្ជាក់ថា ដំបូងអ្នកស្រី គ្រោងយកតែកូនស្រីកណ្ដាលមួយ មកជាមួយទេ តែកូនប្រុសបងក៏សុំមកដែរ ខំពឹងមិត្តភក្ដិឱ្យជួយទិញសំបុត្រថែមទម្រាំបាន។

លោកស្រី ជួប សុភា លើកឡើងថា៖ “មានណា យកទាំងកូនពៅអាយុជាង ៣ ខួបមកទៀត។ ដំបូងខ្ញុំបារម្ភខ្លាចកូនតូចរករឿង ឬយំក្នុងរោងតើ តែអត់សោះ គេចេះមើលដែរ ហើយទះដៃរហូត”។

លោកស្រី បន្តថា៖ “សម័យកូវីដ សេដ្ឋកិច្ចប៉ះពាល់ខ្លះដែរ តែនៅតែខំទិញសំបុត្រចូលមើល។ សំបុត្រ១ តម្លៃ ៤ ម៉ឺនរៀលហ្នឹង ខ្ញុំមិនស្ដាយទេ ពេលបានឃើញគេសម្ដែងល្អមើលអ៊ីចឹង ធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចស្ថិតក្នុងសម័យអង្គរដ៏រុងរឿងរបស់ខ្មែរ។ ខ្ញុំមើលបណ្ដើរ ព្រឺសម្បុរ ចង់យំបណ្ដើរ… ខ្ញុំចង់ឱ្យមានការសម្ដែងសិល្បៈបុរាណខ្មែរផ្សេងៗទៀត”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍មហោស្រពល្ខោនព្រះរាជទ្រព្យ រឿង ព្រះបាទជ័យវរ្ម័នទី៧ សម្ដែង ៤ វេន រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី២៧ និង២៨ ខែសីហា ឆ្នាំ ២០២២ ដោយមានតាំងពិព័រណ៌​សិល្បៈបុរាណនានាផងដែរ។ ព្រឹត្តិការណ៍នេះ រៀបចំដោយសាលារបាំនរោត្តម បុប្ផាទេវី សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម