ព័ត៌មានជាតិ
អំពាវនាវ អ្នកប្រើប្រាស់ទឹកធ្វើអាជីវកម្ម នៅភ្នំគូលែន ចូលរួមផ្តល់ថវិកា ដើម្បីអភិរក្ស
ក្រសួងបរិស្ថានសូមអំពាវនាវ និងលើកទឹកចិត្តចំពោះអ្នកប្រើប្រាស់ទឹក ក្នុងបរិមាណច្រើន (អាជីវកម្ម) ផ្តល់វិភាគទានដោយស្ម័គ្រចិត្ត ឬអាចបង់ព័ន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្ម រួមទាំងអ្នកផលិត និងចែកចាយ ដើម្បីយកថវិកា មកប្រើប្រាស់លើការងារការពារប្រព័ន្ធអេកូឡូស៊ី នៅឧទ្យានជាតិជ័យវរ្ម័ន នរោត្តមភ្នំគូលែន ដែលជាអាងទឹកធម្មជាតិ ដ៏ធំសម្រាប់អ្នកខេត្តសៀមរាប”។
ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅលើខ្នងភ្នំគូលែន ជាទីដែលលោកបានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានស្វែងយល់ពីការអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) និងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារ ណជនតាមរយៈអ្នកសារព័ត៌មាន។

គម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services) ឬហៅកាត់ថា ភីអ៊ីអេស (PES) ដែលជាយន្តការហិរញ្ញវត្ថុសំដៅដល់ “អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ី ត្រូវបង់ថ្លៃជាសាច់ប្រាក់ ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាពនៃសេវាកម្ម ដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ”។
លោករដ្ឋលេខាធិការថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថានពិនិត្យនិងសិក្សាអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ីនេះជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោល នយោបាយ នៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះ ដើម្បីរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
បើតាមលោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន និងអ្នកពាក់ពន្ធជាពិសេសថា្នក់ក្រោមជាតិដែលជាអ្នកអនុវត្ត PES ថ្នាក់ខេត្ត បានសម្រេចលើយន្តការនៃការអនុត្ត និងកៀរគរថវិកា ដោយជ្រើសយកជម្រើសសមស្របនដែលបានសម្រេចឱ្យអនុវត្ត PES នៅភ្នំគូលែន គឺទី១. ការរួមវិភាគ ទានដោយស្ម័គ្រចិត្តពីអ្នកប្រើប្រាស់ទឹកក្នុងបរិមាណច្រើន (អាជីវកម្ម) ២. ការបង់ព័ន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយ។ ថវិកាដែលទទួលបានពីការអនុវត្តនេះ នឹងត្រូវចូលទៅក្នុងមូលនិធិបរិស្ថាន និងសង្គម ដែលគ្រប់គ្រងដោយ ក្រសួងបរិស្ថាន ដើម្បីអាចប្រើប្រាស់ការពារប្រព័ន្ធអេកូឡូស៊ីននៅភ្នំគូលែន។ ឧទ្យានជាតិភ្នំគូលែននៅ ខេត្តសៀមរាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយក្នុងខេត្តព្រះសីហនុ គឺជាទីតាំង២ ដែលរាជរដ្ឋាភិ បាលសម្រេចយកដើម្បីអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី។

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ជាទីតាំងប្រវត្តិសាស្រ្តដ៏មានសារសំខាន់មួយ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្រ្តច្រើនប្រភេទមានដូចជា សំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ ប្រព័ន្ធទឹកធម្មជាតិ និងសហគមន៍។ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ”ភ្នំគូលែន” មានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកសាប និងទឹក្រោមដីសម្រាប់ក្រុងសៀមរាប ជាពិសេសផ្តល់ជាប្រភពទឹកក្រោមដី សម្រាប់រក្សាលំនឹងប្រាសាទបុរាណដែលភាគច្រើនសាងសង់លើទម្រដីខ្សាច់។ នៅឧទ្យានជាតិ ជ័យវរ្ម័ន នរោត្តមភ្នំគូលែនមានផ្ទៃដីទំហំ៣៧ ៣៧៣ ហិកតាមានប្រភពទឹកធំៗប្រមាណ៥០ កន្លែង និងមានអាងស្តុកទឹកធំៗជាង១០ ដែលមានទីតាំងនៅចំកណ្តាលខេត្តសៀមរាប និងមានតួនាទីជាអ្នកផ្គត់ផ្គង់ ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងខេត្ត។
លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា តាមការសិក្សាជាក់ស្តែងទាំងម្ចាស់អាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋធម្មតារស់នៅក្នុងក្រុងសៀមរាបត្រូវពឹងផ្អែកលើទឹកក្រោមដីប្រមាណ៨០ ភាគរយ ហើយ២០ភាគរយ ទៀតផ្គត់ផ្គង់ដោយរដ្ឋាករទឹកខេត្ត ហើយការប្រើប្រាស់ទឹកក្រោមដីយ៉ាងខ្លាំងក្លាបែបនេះបានធ្វើឱ្យបរិមាណទឹកក្រោមដី មានការថយចុះ ដែលធ្វើឱ្យការជីកអណ្តូងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែជ្រៅទៅៗ។
តាមជំនឿ ទឹកពីភ្នំគូលែន គឺជាទឹកអម្រឹត ហើយការសិក្សាបែបវិទ្យាសាស្ត្រមួយចំនួនក៏បានបង្ហាញថា ទឹកពីភ្នំគូលែនគឺជាទឹកដែលមានគុណភាពល្អសម្រាប់ប្រើប្រាស់របស់មនុស្សផងដែរ។
លោក នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា ដើម្បីឱ្យមាននិរន្តរភាពសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅឧទ្យានជាតិភ្នំគូលែន ជាពិសេសទឹក ដែលមានប្រភពពីភ្នំគូលែន ចាំបាច់ត្រូវ ការពារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីភ្នំគូលែន ដូចជាការទប់ស្កាត់ការបាត់បង់ព្រៃឈើ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធទឹកធម្មជាតិដែលបាត់បង់និងខូចមុខងារ ទប់ស្កាត់ការបំពុលទឹកក្នុងស្ទឹង និងទឹកក្រោមដី។
លោក នេត្រ ភក្ត្រា បានឱ្យដឹងដែរថា តាមការវិភាគទានប៉ាន់ស្មានពីការអនុវត្តPES សម្រាប់ឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន ក្នុងខេត្តសៀមរាប ប្រសិនបើជម្រើសនៃការប្រមូលការបង់ថ្លៃអេកូឡូស៊ីខាងលើត្រូវបានអនុវត្តពេញលេញនោះ យើងអាចមានលទ្ធភាពប្រមូលថវិកាបានពី២,៩ ទៅ៣,៩ លានដុល្លារ ក្នុង១ឆ្នាំ។ ថវិកាដែលប្រមូលបានពីការអនុវត្តសាកល្បង PES នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការថែរក្សា ការពារ និងស្តាមុខងារប្រព័ន្ធអេកូឡូស៊ីនៅតំបន់ដែលបានអនុវត្ត ដូចជាការការពារ និងស្តារព្រៃឈើនៅតំបន់ផ្ទៃរងទឹកភ្លៀង ឬទីជម្រាល ការស្តារប្រព័ន្ធផ្លូវទឹកធម្មជាតិដែលរងការខូចខាត ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់កម្រិតជីវៈភាពសហគមន៍ដែលជាអ្នកមានតួនាទីក្នុងការពារតំបន់ខ្សែទឹកខាងលើ៕
កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ