Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ ២នាក់ ពាក់ព័ន្ធនឹងករណីបង្ក្រាបបទល្មើស រហូតបណ្តាលឲ្យបុរសម្នាក់ស្លាប់

បានផុស

នៅ

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រតិបត្តិការ បង្ក្រាបបទល្មើសរហូតបណ្តាលឲ្យបុរសម្នាក់ស្លាប់ ក្រោយពីក្រុមការងារចំពោះកិច្ច នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បា​នស្រាវជ្រាវស៊ើបអង្កេតករណីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មាន របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស នៅព្រឹកថ្ងៃទី ១៦ ខែសីហានេះ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ច នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅដល់ខេត្តកំពង់ធំ ដើម្បីស្រាវជ្រាវស៊ើបអង្កេតករណីប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) នៅចំណុចភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ហើយបានបិទបញ្ចប់ការស៊ើបអង្កេតស្រាវជ្រាវនេះហើយ។

ជាលទ្ធផល ក្រោយពីក្រុមការងារចំពោះកិច្ច បានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមនីតិវិធីរួចមក ​មន្ត្រីជំនាញនគរបាលយុត្តិធម៌ បានសុំគោលការណ៍ឃាត់ខ្លួនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែ​លពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើល្មើសចំនួន ២នាក់ រួមមាន៖ ១-ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ, ២-ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។

សេចក្ដីប្រកាសព័ត៌មានដដែល បានរំលឹកថា កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការប្រើប្រាស់កងកម្លាំងចំនួន ១៣នាក់ ហើយមានមធ្យោបាយរថយន្ដ ២គ្រឿង ម៉ូតូ ១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍​ឯក សុខ ម៉េងហុង មុខងារនាយការិយាល័យព្រហ្មទណ្ឌ, លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារប្រធានអង្គភាពយុត្តិធម៌ និងមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយបានឲ្យលោក ឃឿន សុលាភ ជាក្រឡាបញ្ជីនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចូលរួមក្នុងប្រតិបត្តិការនោះផងដែរ។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន ៦គ្រឿង ទូរទស្សន៍ ១គ្រឿង CPU ១គ្រឿង ហើយបានបញ្ជូនមនុស្ស​ទាំងនោះ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន បានទទួលមរណភាព។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ មុន្នីឧត្ដម បានឲ្យដឹងថា អ្នកជំងឺបានស្លាប់មុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក។

ពាក់ព័ន្ធនឹងចំណាត់ការរបស់កងរាជអាវុធហត្ថ រួមមាន៖ បានឃើញរបាយការណ៍របស់លោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានឃើញគណនីហ្វេសប៊ុកឈ្មោះ “Nearadey Din” បានបង្ហោះថា “07/08/22 ភូមិរូង ឃុំក្រវ៉ា កំពង់ធំ ឈ្មោះ សួង ឌ័ន អាយុ 47ឆ្នាំ វេលាម៉ោង 5ល្ងាច គាត់មកពីប្រជុំវិញចៃដន្យភ្លៀងគាត់ក៏បានជ្រកភ្លៀងនៅតូបកាហ្វេមិនបានប៉ុន្មាន ស្រាប់តែមានប៉េអឹមចាប់លោកឪពុកដខ្ញុំ ទៅសង្កត់ត្រង់ត្រង់ចំណុចកររហូតគាត់ដកដង្ហើមមិនចេញ គាត់ក៏ស្រែកអោយគេយកទៅពេទ្យតែបែគិតថា ពុកខ្ញុំយកលេសទៅវិញរហូតគាត់ផុតដង្ហើមលើឡាន អនុវត្តច្បាប់តែគ្មានទំនួលខុសត្រូវ អយុត្តិធម៌ណាស់សម្រាប់គ្រួសារខ្ញុំ ជួយរកយុត្តិធម៌អោយខ្ញុំផង (គាត់ជាមនុស្សស្លូតត្រង់ ស្រលាញ់គោរពអ្នកភូមិ អ្នកណាក៏ស្រលាញ់ចូលចិត្តគាត់គ្រប់គ្នា គាត់ក៏មិនព្រមដោយគ្មានយុត្តិធម៌បែបនេះដូចគ្នា)”។

ក្រោយមកនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីសម្រេចលេខ ១០២/២០២២ សសរ. ស្ដីពី ការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យនូវបាតុភាពមិនប្រក្រតី ក្នុងការប្រតិបត្តិតួនាទី ភារកិច្ចពាក់ព័ន្ធនឹងករណីយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ។

សូមជម្រាបដែរថា កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មានអំពីរឿងនេះ នៅវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅឃុំកោះសូទិន​ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត កសិកម្ម និងអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

អបិយជំនឿជនជាតិដើមភាគតិច ដោយសារសមាជិកគ្រួសារធ្លាក់ខ្លួនឈឺ សម្រេចចិត្តលក់ផ្ទះអាយុកាល ៤០ឆ្នាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាព​ព័ត៌មាន​ជា​ភាសាបរទេស បង្កើន​ការ​ផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ទៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន

កីឡា៤ ម៉ោង មុន

លោក​ កែវ​ រ៉េមី​ បណ្ដុះស្មារតី​យុវជន​ឲ្យ​ស្រឡាញ់​កីឡា​ និង​ជៀស​ឲ្យ​ផុត​ពី​បងតូច-បងធំ​

Sokha Hotels

ព័ត៌មានពេញនិយម