ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ប្រាប់បេក្ខជនប្រឡងបាក់ឌុប ប្រកាន់ខ្ជាប់គោលការណ៍ “អ្នកចេះគឺជាប់” និងដណ្ដើមយកនិទ្ទេស A ឲ្យច្រើនជាងឆ្នាំមុន
ប៉ៃលិន ៖ មានប្រសាសន៍ក្នុងពិធីកាត់កញ្ចប់វិញ្ញាសាប្រឡងនៅព្រឹកថ្ងៃចន្ទ ទី ៥ ខែធ្នូ ឆ្នាំ ២០២២ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញ និងលើកទឹកចិត្ត ដល់បេក្ខជន-បេក្ខនារី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ត្រូវខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួនដែលសិក្សាកន្លងមក ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងឆ្នាំនេះ។ ដូច្នេះ បេក្ខជន ត្រូវតែខិតខំប្រឹងប្រែងប្រឡងដោយសមត្ថភាពរបស់ខ្លួន ហើយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “អ្នកចេះគឺជាប់” និងធ្វើយ៉ាងណាដើម្បីទទួលបាននិទ្ទេស A ឲ្យបានច្រើន។

ជាមួយគ្នានោះដែរ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបង្ហាញហឹបវិញ្ញាសាជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្គុត និងត្រាស្រោមប្រធានវិញ្ញាសានៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ទន្ទឹមនឹងនោះ លោកស្រីអភិបាលខេត្ត បានផ្ដាំផ្ញើជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល ០២ ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង សក្ដិសមជាទំពាំងស្នងឫស្សី ជាសសរទ្រូងប្រទេសជាតិ។

បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា បេក្ខជន បេក្ខនារី ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ ២០២១ -២០២២ មានចំនួន ៥៧៤ នាក់ ក្នុងនោះបេក្ខនារីចំនួន ៣៣១ នាក់ ដោយចែកចេញជាពីរមណ្ឌល គឺមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃលិន(លិច) មានបេក្ខជន បេក្ខនារី ចំនួន ២០៧ នាក់ ស្រី ១២៣ នាក់ ចែកជា ០៩ បន្ទប់ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃលិន(កើត) មានបេក្ខជន បេក្ខនារី ចំនួន ៣៦៧ នាក់ ស្រី ២០៨ នាក់ ចែកជា ១៥ បន្ទប់ ផងដែរ។

សូមបញ្ជាក់ថា ការប្រឡងឆ្នាំនេះ បេក្ខជន បេក្ខនារីទាំងអស់ ត្រូវពាក់ម៉ាស និងបង្ហាញកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទើបអនុញ្ញាតឲ្យចូលប្រឡង។ ជាពិសេសមានគ្រូអនុរក្ស ចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង មុននឹងឲ្យចូលក្នុងបន្ទប់ប្រឡង សំដៅធានាថា បេក្ខជនបេក្ខនារីទាំងអស់ មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានដាច់ខាត។ ដោយឡែកនៅក្រៅបរិវេណមណ្ឌលប្រឡង គេឃើញមានក្រុមស.ស.យ.ក ខេត្ត បានជួយរៀបចំកន្លែងផ្ញើម៉ូតូ ដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាននៅមណ្ឌលប្រឡងថែមទៀតផង៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ









-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


