Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ទទួលយកបក្ស៣០ ចូលជាឧត្ដមក្រុមប្រឹក្សាពិគ្រោះ

បានផុស

នៅ

ក្នុងសារសម្លេងរបស់ សម្ដេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះប្រធានគណបក្សដែលស្នើសុំចងសម្ព័ន្ធភាពជាមួយបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី១១​ ខែតុលានេះ សម្ដេចតេជោ បានបង្ហើបឱ្យដឹងថា តាមដំណឹងដែលសម្ដេច ហ៊ុន សែន ទទួលបានគឺ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទទួលយកគណបក្សនយោបាយចំនួន៣០ ចូលជាឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា “ តាមខ្ញុំដឹង គឺខាងរាជរដ្ឋាភិបាល បានត្រៀមទទួលយកគណបក្សចំនួន៣០ ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ឈឹម ផលរុណ បានឆ្លើយតបជាមួយ កម្ពុជាថ្មី ថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់់ នឹងលេចចេញជារូបរាងជាផ្លូវការ ក្នុងពេលឆាប់ៗនេះ  ពីព្រោះថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពឱ្យបក្សនយោបាយទាំង៣០ ចូលជាសមាជិករួចហើយ នៅឡើយតែការរៀបចំបន្តនីតិវិធីតែងតាំងសមាសភាពប្រតិភូគណបក្សដោយព្រះមហាក្សត្រតែប៉ុណ្ណោះ។

លោក ឈឹម ផលរុណ គូសបញ្ជាក់ក្នុងន័យដើមថា “មកទល់ឥឡូវនេះ សម្តេចនាយករដ្ឋមន្ត្រីបានឯកភាពតាមសំណើសុំហើយ នៅឡើយការរៀបចំបន្តនីតិវិធីតែងតាំងជាផ្លូវការដោយព្រះរាជក្រឹត្យនូវសមាសភាពនៃប្រតិភូគណបក្សនីមួយៗ ”

(រូបថតឯកសារ៖ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ រូបថតពី Google)

ជាក់ស្ដែង ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ បង្កើតឡើងនៅក្រោយការបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមគំនិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងគោលបំណងលើកស្ទួយរបបនយោបាយសេរីពហុបក្ស ក៏ដូចជា ប្រមូលធាតុចូលនៃទស្សនៈពហុគំនិតសម្រាប់ជាប្រយោជន៍ដល់ការស្ថាបនាជាតិ។ ចប់អាណត្តិទី៦ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ក៏ត្រូវរំលាយផងដែរ ទើបតែនៅពេលនេះ នាយករដ្ឋមន្រ្តីថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចឲ្យរៀបចំបន្ត ឧត្ដម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តទៅទៀតនៅក្នុងអាណត្តិទី៧នេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

(រូបថតឯកសារ៖ កិច្ចប្រជុំប្រចាំខែរបស់ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ កាលពីថ្ងៃទីអាណត្តិទី៦កន្លងទៅ។ រូបថតពី Google.)
(រូបភាព សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីអណត្តិទី៦កន្លងទៅ។ រូបភាពពីGoogle)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម