Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីវៀតណាម៖ ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត កម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាថែមទៀត

បានផុស

នៅ

តាមរយៈជំនួបទ្វេភាគី នៅថ្ងៃទី១១ ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាវាកម្ពុជានឹងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាទៅមុខបន្ថែមទៀត សំដៅឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០ ជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ពេលនេះ ធ្វើឡើងក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣  នៅរដ្ឋធានីហាណូយ​ប្រទេសវៀតណាម។

ក្នុងជំនួបនេះ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅវៀតណាម។ លោកផាម មិញជិញ បានក៏សម្តែងការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាចំពោះសម្តេចធិបតីផ្ទាល់ ដែលត្រូវបានអង្គសន្និបាតនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណ បក្សប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង។ ជាងនេះទៀត លោកនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការជឿជាក់ ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី នាវាកម្ពុជា នឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នា២០៥០ ជាក់ជាមិនខាន។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវៀតណាម នាឱកាសនេះ។

ស្ថិតក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រនៃកម្ពុជា ជូនចំពោះលោកនាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសទាំងពីរ ដែលពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ក៏ដូចជាបានពិភាក្សា និងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈកាលកន្លងមក។ ភាគីទាំងពីរ ក៏បានពិភាក្សាលើការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនទាំងពីរ ជាពិសេសវិស័យនយោបាយ, ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, សុខាភិបាល, អប់រំ, ការតភ្ជាប់, ការពារជាតិ, សន្តិសុខ, ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។

ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ផងដែរអំពីកិច្ចការតំបន់ និងសាកលលោក ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ, អាស៊ាន និងអនុតំបន់មេគង្គ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម