ព័ត៌មានជាតិ
សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បង្ហាញជំហរបន្តពង្រឹងលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) បានបង្ហាញជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា ទៅលើវិស័យធុរកិច្ច និងអចលនទ្រព្យ។

ការបង្ហាញបែបនេះ នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

នៅក្នុងជំនួបនេះ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកប្រធានសភាពាណិជ្ជកម្ម ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរ សម្រាប់ធុរកិច្ចអាមេរិក នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា។

លោកប្រធានសភាពាណិជ្ជកម្ម ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីសកម្មភាពការងារមួយចំនួនរបស់ AmCham Cambodia ដែលរួមមាន៖ ការលើកកម្ពស់កិច្ចទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជាដល់វិនិយោគិនអាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន។

ទន្ទឹមនឹងនេះ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានបង្ហាញជំហរបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា ទៅលើវិស័យធុរកិច្ច អចលនទ្រព្យ និងការគាំទ្រដល់ស្រ្តីលើផ្នែកភាពជាម្ចាស់ នៃសហគ្រាសធុនតូច ការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុជាដើម។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណចំពោះក្រុមហ៊ុនអាមេរិក ដែលតែងតែជឿជាក់ និងបានបណ្ដាក់ទុនវិយោគនៅកម្ពុជា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តឲ្យសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីការយកចិត្តទុកដាក់និង ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជាការពង្រឹងភាពធន់ នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយ ក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី រវាងកម្ពុជាជាមួយបណ្ដាប្រទេសជាច្រើន ទាំងក្នុងតំបន់ និងពិភពលោក។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីភាពទាក់ទាញនៃច្បាប់ ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយម ចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។ សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីឱកាសនៃការវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុក ក្នុងទិសដៅចូលរួមក្នុងការអភិវឌ្ឍវិស័យឌីជីថល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


