KPT+
បណ្ឌិតសេដ្ឋកិច្ច ម៉ី កល្យាណ៖ ក្រមសីលធម៌ ជាគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច
នៅពេលនិយាយពីសេដ្ឋកិច្ច មហាជនទូទៅច្រើនគិតទៅដល់ ការខិតខំ ធ្វើការ ឬលក់ដូរធ្វើជំនួញ បើកសេវាកម្មនានា ដើម្បីទទួលបានចំណូល និងផលចំណេញ។ ចំណែកសេដ្ឋកិច្ចវិទូកម្ពុជាមួយរូប លើកឡើងថា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច គឺត្រូវមានក្រមសីលធម៌ជាចម្បងសិន។

បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បើប្រជាជនយើងមានក្រមសីលធម៌ នោះរដ្ឋាភិបាលនឹងមានភាពស្រួល ព្រោះមិនមានអ្នក ចោលសំរាម បំពានចរាចរណ៍ មនុស្សមិនខ្សែលើ មិនឈ្លោះគ្នា មិនមានក្ដីក្ដាំដាក់គ្នាជាដើមនោះ នោះក៏មិនសូវមានពន្ធធនាគារ ឬរដ្ឋាភិបាលមិនបាច់ត្រូវចំណាយសាងសង់ និងគ្រប់គ្រងពន្ធធនាគារបន្ថែមជាដើម។

បណ្ឌិត ម៉ី កល្យាណ មានប្រសាសន៍បន្តថា៖ “ព្រោះគ្រប់គ្នាធ្វើល្អទាំងអស់គ្នាហើយ បើយកលុយចំណាយធ្វើគុក មកសាងសង់សាលារៀន មន្ទីរពេទ្យ នោះ នឹងល្អ។ ពលរដ្ឋមានក្រមសីលធម៌ សង្គមមានការត្រូវរ៉ូវគ្នា ជារឿងល្អ។ ដូចនេះ សីលធម៌ គុណធម៌ គឺសំខាន់មែនទែន គឺជួយដល់សេដ្ឋកិច្ច។ ខ្ញុំអ្នកសេដ្ឋកិច្ច តែខ្ញុំយល់ថា គ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់ គឺពាក់ព័ន្ធនឹងសីលធម៌ គុណធម៌នេះឯង”។

បណ្ឌិត ម៉ី កល្យាណ បញ្ជាក់បន្ថែមថា៖ “បើយើងមិនបំពានគ្នា យើងគោរពគ្នា យើងមិនឈ្លោះគ្នា មិនវាយប្រហារគ្នា មិនជួញដូរប្រើប្រាស់គ្រឿងញៀន មិនលួចគ្នាជាដើម នោះគឺជាការជួយសង្គម ហើយមិនបាច់ត្រូវពិបាក ឬចំណាយការពារ បង្ការអីច្រើនទេ”។

ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ វ័យជាង ៧០ ឆ្នាំរូបនេះ មានប្រសាសន៍ថា ក្រមសីលធម៌មាន ៣ សំខាន់ គឺ ទី១ សុជីវធម៌ ទី២ សីលធម៌ និងទី៣ គុណធម៌ ដែលប្រជាពលរដ្ឋគួរឈ្វេងយល់បន្ថែមដោយខ្លួនឯង និងកុំរង់ចាំឱ្យគេប្រាប់ ដែលងាយឱ្យភ្លេចវិញ។ ពេលយល់អត្ថន័យហើយ ប្រជាពលរដ្ឋត្រូវអនុវត្តក្រុមសីលធម៌ជាប្រចាំក្នុងជីវភាពរស់នៅផងដែរ។

គួរបញ្ជាក់ថា សុជីវធម៌ សំដៅលើកាយវិការសមរម្យ និងវាចាពីរោះពិសា ដែលសង្គម ទទួលស្គាល់ និងឱ្យតម្លៃ។ ឥរិយាបថ ដែលមើលទៅគប្បីភ្នែក និងពាក្យសម្តី ដែលស្តាប់ទៅមិនទើសត្រចៀក ហើយមនុស្សទូទៅក្នុងសង្គម នាំគ្នាប្រកាន់ខ្ជាប់ និងប្រព្រឹត្តជារៀងរាល់ថ្ងៃ គឺជាសុជីវធម៌។ ចំណែក សីលធម៌ សំដៅទៅលើចិត្ត និងចេតនា ជាជាងកាយវិការ និងពាក្យសម្តី។ សីលធម៌ គឺជាភាពត្រឹមត្រូវរបស់មនុស្ស ដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹង ឬមិនដឹងក៏ដោយ។ ការតាំងចិត្តថា មិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគប្បីណាមួយ ដែលបង្កការឈឺចាប់ដល់អ្នកដទៃ ហៅថាសីលធម៌។ រីឯ គុណធម៌ គឺជាចិត្តមេត្តា ដែលកើតមានចំពោះអ្នកដទៃ ហើយចង់ជួយអ្នកដទៃ តាមរបៀប ឬមធ្យោបាយណាមួយ។ អាចនិយាយត្រឡប់មកវិញថា ឱ្យតែអ្នកដទៃ ទទួលបានផលអ្វីមួយ ដែលជាអំពើល្អ អំពើជាប្រយោជន៍ ការអធ្យាស្រ័យ ឬក៏ការលើកលែងទោសពីអ្នក គឺហៅថាគុណធម៌៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


