Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង ផ្តាំ​ពលរដ្ឋខ្មែររក្សាភាពថ្លៃថ្នូរលើបណ្តាញសង្គម ត្រូវតបតដោយហេតុផល កុំធ្វើដូចជនជាតិថៃ

បានផុស

នៅ

ក្នុងស្ថានភាពប្រទេសបច្ចុប្បន្ន បណ្តាញសង្គមសំខាន់ណាស់ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម នៅរាជបណ្ឌិត្យសភាកម្ពុជា បានផ្តាំទៅប្រជាជនកម្ពុជា រក្សាភាពថ្លៃថ្នូរលើបណ្តាញសង្គម កុំតបតជាមួយជនជាតិថៃដោយការតិះដៀល ជេរប្រទេចដូចដែលថៃធ្វើមកលើកម្ពុជា នោះនឹងធ្វើឱ្យបាត់បង់តម្លៃ ហើយបង្ហាញពីចរិតអសីលធម៌ល្អ មិនខុសពីថៃឡើយ ហេតុនេះ ពលរដ្ឋខ្មែរត្រូវតបតដោយហេតុផល ដែលកម្ពុជាគឺជាជនរងគ្រោះពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ឈត ប៊ុនថង ប្រាប់ កម្ពុជាថ្មី ថាក្នុងស្ថានភាពបច្ចុប្បន្នដែលថៃឈ្លានពានកម្ពុជា និងប្រឌិតព័ត៌មានមិនពិតទៅកាន់ពិភពលោក ​ធ្វើឱ្យប្រជាជនខ្មែរឈឺចាប់ខ្លាំងណាស់។ ជាមួយគ្នានេះ លោកក៏ឃើញជនជាតិថៃមួយចំនួន បានជេរប្រមាថប្រជាជនកម្ពុជា មន្ត្រីរាជការ ទាហាន រហូតដល់ការប្រមាថថ្នាក់ដឹកនាំកម្ពុជា លើបណ្តាញសង្គមទៀត ដែលជាទង្វើមួយអសីលធម៌បំផុត។ ចំណែកប្រជាពលរដ្ឋខ្មែរក៏មួយចំនួនបានតបតទៅវិញប្រហាក់ប្រហែលគ្នាដែរ ហេតុនេះដើម្បីរក្សានូវភាពថ្លៃថ្នូរ លោកថា ទុកឱ្យថៃឈ្នះលើការជេរប្រទេចនេះចុះ កម្ពុជាត្រូវតែរក្សាតម្លៃ និងភាពជាជនរងគ្រោះ។ ត្រង់ចំណុចនេះ លោកបណ្ឌិតមិនមែនឱ្យពលរដ្ឋឈប់តបតឡើយ ប៉ុន្តែ កម្ពុជា ត្រូវចូលរួមឆ្លើយតបទៅវិញដោយហេតុផល ទាំងខាងផ្លូវច្បាប់ សីលធម៌ និងប្រវត្តិសាស្ត្រប្រសើរជាងការជេរប្រទេច។

លោកនិយាយថា៖ “ខ្ញុំគិតថាបងប្អូនយើងបន្តលើកហេតុ លើកផល ឆ្លើយតបទៅនឹងការចោទប្រកាន់ការបំភ្លៃផ្សេងៗ ប៉ុន្តែ មិនគួរប្រើពាក្យអសុរោះជេរប្រទេច ដែលនាំឱ្យយើងក្លាយទៅជាក្រុមជាតិនិយម ទៅជាមនុស្សដែលបាត់តម្លៃដូចប្រជាពលរដ្ឋថៃជ្រុលនិយមដែលកំពុងជេរប្រមាថមកលើយើងដូច្នោះដែរ គួរចៀសវាង”

អ្នកជំនាញរូបនេះ សំណូមពរឱ្យកូនខ្មែរប្រុងប្រយ័ត្នចំពោះការប្រើប្រាស់បណ្តាញសង្គម ដោយលោកស្នើឱ្យអត់ធ្មត់ និយាយហេតុផល ព្រោះថា ប្រសិនជាថៃប្រើប្រាស់ហិង្សា ជេរប្រទេចលើកម្ពុជា ហើយប្រជាជនខ្មែរតបតទៅវិញបែបនោះ ក៏បង្ហាញថា កម្ពុជាមិនខុសពីថៃឡើយ។ ហេតុនេះ លោករម្លឹកម្តងហើយម្តងទៀត ត្រូវចៀសវាងសកម្មភាពទាំងអស់នេះឱ្យបាន ត្រូវរក្សាភាពជាជនរងគ្រោះ និងជាអ្នករងការប្រមាថពីថៃ និងប្រកាន់យកសីលធម៌ ភាពត្រឹមត្រូវ និងច្បាប់អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម