វប្បធម៌ ជំនឿ
ទំនៀមទម្លាប់វេចនំអន្សមនៅតំបន់មួយចំនួនស្ទើរតែលែងមាន ជំនួសដោយការទិញពីផ្សារ
នំអន្សម ពេញនិយមបំផុតសម្រាប់ប្រទេសកម្ពុជាក្នុងឱកាសបុណ្យជាតិផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក ឬពិធីរៀបអាពាហ៍ពិពាហ៍ជាដើម ពោល គឺគ្រប់កម្មវិធីសុទ្ធសឹងតែត្រូវការនំអន្សមសម្រាប់ពិធីទាំងនោះ ដែលប្រជាជនខ្មែរតែងនិយមនាំគ្នាវេចនំស្ទើរតែគ្រប់ផ្ទះ។ ក៏ប៉ុន្តែ បច្ចុប្បនេះ នៅតំបន់មួយចំនួនលែងមានការវេចនំអន្សមនេះទៀតឡើយ ប្តូរមកជាការទិញជំនួសវិញស្ទើរតែគ្រប់គ្នា។

តើកត្តានេះបណ្តាលមកពីមូលហេតុអ្វី? ហេតុអ្វីបានជាប្រជាជនមួយចំនួនប្តូរពីការវេចនំនៅផ្ទះរៀងខ្លួន ជំនួសដោយការទិញនំអន្សមនៅលើទីផ្សារទៅវិញ?
អ្នកស្រី អ៊ូ យ៉ុត វ័យ៥៧ឆ្នាំ រស់នៅស្រុកអង្គរជ័យ ខេត្តកំពត បានប្រាប់មក “កម្ពុជាថ្មី” ថា សម្រាប់អ្នកស្រីផ្ទាល់ ពីមុនធ្លាប់វេច និងឧស្សាហ៍វេចនំអន្សមនេះណាស់ ក៏ប៉ុន្តែ មួយរយៈក្រោយៗមក នៅពេលដែលមានបុណ្យទានម្តងៗ អ្នកស្រីមិនសូវវេចនំអន្សមទៀតឡើយ។ មូលហេតុដែលអ្នកស្រីឈប់វេចនំអន្សម ព្រោះអ្នកស្រីយល់ថា វេចនំត្រូវការចំណាយ ពេលវេលា កម្លាំង និងថវិកាច្រើន។ ដូច្នេះ អ្នកស្រី អ៊ូ យ៉ុត ជ្រើសរើសយកទិញនំអន្សមលើទីផ្សារប្រើការក្នុងកម្មវិធីបុណ្យផ្សេងៗជំនួសវិញ ព្រោះចំណាយតិច សមស្របជាមួយនឹងតម្រូវការតិច។

ចំណែក អ្នកស្រី សៅ សុភី វ័យ៤៥ឆ្នាំ រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ “កម្ពុជាថ្មី” ថា ជាទូទៅ អ្នកស្រីនិយមទិញនំអន្សមពីផ្សារច្រើនជាងវេចនំខ្លួនឯង ព្រោះងាយស្រួល និងចំណាយពេលតិច។ មួយវិញទៀត ប្រសិនបើអ្នកស្រីវេច គឺវេចនៅពេលដែលមានបងប្អូនមកលេងផ្ទះច្រើន ជុំគ្នា បន្ទាប់មកចែកចាយនំអន្សមតាមផ្ទះបងប្អូនទាំងនោះតែប៉ុណ្ណោះ។ អ្នកស្រី សៅ សុភី បានបន្ថែមថា មិនត្រឹមតែផ្ទះអ្នកស្រីម្នាក់ប៉ុណ្ណោះទេ ដែលចូលចិត្តទិញនំអន្សមនោះ សូម្បីតែ អ្នកនៅក្រុងមនោរម្យមួយចំនួនធំ ក៏និយមទិញពីផ្សារមកផងដែរ ព្រោះចំណេញដល់ពេលវេលារកស៊ីរបស់ពួកគេ។

ដោយឡែក អ្នកស្រី ភោគ ដានី មានវ័យ៤៩ឆ្នាំ រស់នៅស្រុកកោះធំ ខេត្តកណ្តាលវិញ បានលើកឡើងថា តាំងកុមារភាពរហូតមកដល់វ័យនេះ អ្នកស្រីមិនធ្លាប់ចេះវេចនំអន្សមឡើយ។ ភាគច្រើនទិញមកពីផ្សារ អាចរើសបាននំច្រើនមុខ ចំណាយតិច។ អ្នកស្រីបន្ថែមថា នាសម័យបច្ចុប្បន្ននេះ មនុស្សម្នាក់ៗរវល់ប្រកបរបររកស៊ី និងបម្រើការក្នុងស្ថាប័នផ្សេងៗច្រើន ដូច្នេះ មិនសូវមាននរណាម្នាក់វេចនំអន្សមក្នុងរដូវបុណ្យទានឡើយ។ ប៉ុន្តែ បើក្រឡេកមើលទៅជនបទវិញ អាចនៅតែមានចាស់ៗ និងប្រជាជនមួយចំនួនបន្តវេចនំអន្សមតាមផ្ទះដដែល។
គួររំលឹកថា នំអន្សម ជានំមួយប្រភេទដែលពេញនិយមបំផុតក្នុងប្រទេសកម្ពុជា ហើយវាមានច្រើនប្រភេទ ដូចជានំអន្សមចេក អន្សមជ្រូក អន្សមខ្នុរ ជាដើម។ ប៉ុន្តែក្នុងសម័យបច្ចុប្បន្ន ហាក់មានការអន់ថយនៃការវេចនំអន្សមតាមផ្ទះនីមួយៗក្នុងពិធីបុណ្យទានផ្សេងៗ ព្រោះប្រជាជនយល់ថា ដំណាក់កាលនៃការវេចនំមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលាយូរសម្រាប់ចម្អិន៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


