សេដ្ឋកិច្ច
ទីផ្សារក្រពើធ្លាក់ថ្លៃខ្លាំងពី៥ទៅ៨ដង ម្ចាស់កសិដ្ឋានជាច្រើនបង្ខំចិត្តលក់ឡាយឡុង
ភ្នំពេញ៖ អ្នកប្រកបរបរចិញ្ចឹមក្រពើជាច្រើនបានបង្ខំចិត្តបោះបង់មុខរបររាប់សិបឆ្នាំរបស់ខ្លួនចោលជាបណ្តើរៗហើយ បន្ទាប់ពីទីផ្សារក្រពើត្រូវបានរាតត្បាតដោយសារកូវីដ-១៩ ធ្វើឱ្យតម្លៃក្រពើធ្លាក់ចុះយ៉ាងខ្លាំង។ ក្រពើធំដែលធ្លាប់លក់បានតម្លៃ ៤០០ ទៅ ៥០០ដុល្លារ បានធ្លាក់មកនៅត្រឹម ៨០ដុល្លារ ក្នុង១ក្បាល ចំណែកកូនក្រពើដែលលក់បាន១ក្បាលពី៧ ទៅ ១០ដុល្លារ បានធ្លាក់មកនៅត្រឹម ១ក្បាលត្រឹម ១ដុល្លារតែប៉ុណ្ណោះ។
ម្ចាស់កសិដ្ឋាន Cambo Crocodiles លោក កាំង សារិន ដែលបានចិញ្ចឹមក្រពើរាប់សិបឆ្នាំមកហើយនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញបាន ប្រាប់អ្នកសារព័ត៌មានថា នៅឆ្នាំ២០២១នេះ តម្លៃមេក្រពើមួយក្បាលពីមុនលក់បានដល់ ៤០០ ទៅ៥០០ដុល្លារ ឥឡូវនៅសល់តែ៨០ដុល្លារប៉ុណ្ណោះ។ រីឯកូនក្រពើវិញពីមុនតម្លៃធ្លាប់លក់បានចន្លោះពី ៧ ទៅ១០ដុល្លារក្នុងមួយក្បាល ប៉ុន្ដែឥឡូវនៅសល់តម្លៃតែ១ដុល្លារ។ ការធ្លាក់ចុះបែបនេះគឺអាចបណ្តាមកពី បញ្ហាកូវីដ-១៩ បន្តរាតត្បាតខ្លាំង ធ្វើឱ្យឈ្មួញដែលធ្លាប់តែចុះមកប្រមូលទិញកូនក្រពើនៅកម្ពុជា ហាក់ដូចជាមិនសូវមានសកម្មភាព។ ប្រការនេះបានធ្វើឱ្យអ្នកចិញ្ចឹមក្រពើជាលក្ខណៈតូចៗមួយចំនួនបានត្រូវបិទកសិដ្ឋាន និងលក់ឡៃឡុងទាំងមេទាំងកូនក្រពើ ដោយសារតែមិនអាចទប់ទល់នឹងការចំណាយបាន។
តាមពិតតម្លៃក្រពើនៅកម្ពុជាមានការធ្លាក់ចុះរយៈពេលពីរបីឆ្នាំចុងក្រោយនេះខ្លាំង ដល់ពេលជួបវិបត្តិកូវីដ-១៩បន្ថែមទៀត បានធ្វើឱ្យទីផ្សារក្រពើកាន់តែធ្លាក់ចុះខ្លាំង។ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយចំនួនបានបោះបង់មុខរបរនេះចោលព្រោះចំណាយអស់ប្រាក់ និងកម្លាំងកាយច្រើន ប៉ុន្ដែការទទួលបានផលចំណេញតិច។ បើទោះតម្លៃមានការប្រែប្រួលបែបនេះក្ដីម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយចំនួនក៏នៅតែបន្ដអាជីវកម្មរបស់ពួកគេដោយសង្ឃឹមថាតម្លៃនឹងឡើងថ្លៃវិញនា ពេលខាងមុខ។
ម្ចាស់ស្ថានីយ៍វារីវប្បកម្មចិញ្ចឹមក្រពើមួយកន្លែងស្ថិតនៅឃុំសំបួរ ក្រុងសៀមរាប ខេត្តសៀមរាប លោក អ៊ុំ សុមន្ថា ធ្លាប់បានប្រាប់ឱ្យដឹងថា លោកបានប្រកបមុខរបរចិញ្ចឹមក្រពើយូរឆ្នាំមកហើយ។ កសិដ្ឋានរបស់លោកគឺស្ថិតនៅលើដីទំហំប្រមាណ ១ ហិកតាកន្លះ និងមានអាងចិញ្ចឹមក្រពើធំៗចំនួន២ មានក្រពើតូចធំ សរុបជាង ១ពាន់ក្បាល។
លោក អ៊ុំ សុមន្ថា បានឱ្យដឹងថា កសិដ្ឋានរបស់លោកភាគច្រើនគឺភ្ញាស់កូនក្រពើ និងចិញ្ចឹមក្រពើជំទង់ដើម្បីយកស្បែកលក់ឱ្យឈ្មួញមកពីប្រទេសជិតខាងដូច ជាឈ្មួញថៃ និងវៀតណាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីផ្សារក្រពើមានការប្រែប្រួល និងធ្លាក់ចុះជាបន្ដបន្ទាប់ គឺតម្លៃក្រពើបានធ្លាក់ចុះពី ២៧ដុល្លារ មកនៅត្រឹម១២ដុល្លារ សម្រាប់កូនក្រពើក្នុងមួយក្បាល ហើយវាបានធ្លាក់ចុះថែមទៀតរហូតដល់តម្លៃក្រោម៩ដុល្លារនៅឆ្នាំ២០១៩ និងបន្តធ្លាក់មកនៅត្រឹម ៧ដុល្លារនៅឆ្នាំ ២០២០ និងបន្តធ្លាក់មកនៅមួយក្បាល ១ដុល្លារ រកឈ្មួញមកទិញមិនបានទៀត។ លោកថាកូនក្រពើនៅកសិដ្ឋានរបស់លោកញាស់បានជាមធ្យមជាង១ម៉ឺនក្បាល និងទទួលបានប្រាក់ចំណូលជាង ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំនៅមុនពេលកូវីដ-១៩។
ជុំវិញតម្លៃកូនក្រពើមានការធ្លាក់ថ្លៃ និងគ្មានទីផ្សារនេះ លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្មបានបញ្ជាក់ថា មិនមែនមានតែកម្ពុជាទេដែលជួបនឹងបញ្ហារឿងក្រពើធ្លាក់ថ្លៃនេះទេ នៅបណ្ដាប្រទេសជិតខាងដូចជាវៀតណាម និង ថៃក៏កំពុងរងផលប៉ះពាល់ដូចគ្នានេះដែរ។ ម្យ៉ាងទៀត សម្រាប់កម្ពុជានៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរបែបនេះ ការចិញ្ចឹមក្រពើអាចនឹងស្ថិតនៅក្នុងភាពត្រដាបត្រួសកាន់តែខ្លាំងថែមទៀតជាក់ជាមិនខាន។
សូមបញ្ជាក់ថា ការចិញ្ចឹមក្រពើនៅក្នុងស្រុកបច្ចុប្បន្ន ភាគច្រើនជាការចិញ្ចឹមយកកូនលក់ដែលពឹងផ្អែកខ្លាំងលើឈ្មួញកណ្ដាលដើម្បីនាំចេញបន្ដទៅកាន់ប្រទេសជិតខាងដូចជា វៀតណាម និងថៃជាដើម។ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរំពឹងថានៅក្រោយពេលកូវីដ-១៩ នឹងមានអ្នកវិនិយោគក្នុងស្រុក ឬវិនិយោគិនបរទេស អាចនឹងគិតគូរពិចារណាក្នុងការបើករោងចក្រ កែច្នៃស្បែកក្រពើធ្វើជាសម្ភារប្រើប្រាស់ សម្រាប់ការនាំចេញទៅក្រៅប្រទេសបានដោយផ្ទាល់ និងអាចជួយទីផ្សារក្រពើ និង មុខរបរចិញ្ចឹមក្រពើនៅកម្ពុជាអាចរស់ឡើងវិញ និងមានភាពប្រសើឡើង។
គេនៅចាំបានថាហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ លោក វេង សាខុន បានប្រាប់ឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប សហការជាមួយរដ្ឋបាលជលផល ក្នុងការអនុវត្តការងារបច្ចេកទេសបន្ថែមទៀតដើម្បីឱ្យកូនក្រពើត្រូវតាមស្តង់ដាទីផ្សារអន្តរជាតិ ជាពិសេសការនាំទៅលក់ នៅទីផ្សារចិន។ កម្ពុជាគ្រោងពង្រីកទីផ្សារនាំចេញក្រពើទៅកាន់ប្រទេសចិន និងប្រទេសផ្សេងបន្ថែមទៀត។ លោកថា កន្លងមកក្រសួងកសិកម្មបានចុះបញ្ជីនាំ ចេញក្រពើជាមួយអង្គការសាយតេស (CITES) ប្រទេសស្វីស ប៉ុន្តែនៅមិនទាន់មានការនាំចេញជាផ្លូវការនៅឡើយនោះទេ។ បច្ចុប្បន្នកម្ពុជានាំចេញកូនក្រពើ ប្រមាណជា៣២ម៉ឺនក្បាលក្នុង១ឆ្នាំ ទៅកាន់ប្រទេសវៀតណាម និងថៃ។
យោងរបាយការណ៍របស់ក្រសួងកសិកម្មមកទល់ពេលនេះ នៅប្រទេសកម្ពុជាមានកសិដ្ឋានចិញ្ចឹមក្រពើប្រហែលជាង ៧០០កន្លែងនៅទូទាំងប្រទេស ហើយក្នុងនោះមានកសិដ្ឋានចិញ្ចឹមក្រពើចំនួនជាង ៤៤៥កន្លែងត្រូវបានចុះបញ្ជីនៅក្រសួងកសិកម្ម។
របាយការណ៍ឆមាសទី១ ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបង្ហាញថា ការចិញ្ចឹមក្រពើនៅទូទាំងប្រទេសសម្រេចបានប្រមាណជាង៩ម៉ឺនក្បាល មានការថយចុះជាង ៥ម៉ឺនក្បាល បើធៀបនឹងឆមាសទី១ឆ្នាំ២០២០៕
អត្ថបទ៖ ណារី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ