Connect with us

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម៖ «ស្វាយចន្ទីខ្មែរ» កំពុងស្ថិតក្រោមការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិត្រៀមសម្រេចផែនការមេឆ្នាំ ២០២៥

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម ទើបបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី។

តាមការបញ្ជាក់របស់ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គោលនយោបាយជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីរបស់កម្ពុជា នាពេលខាងមុខ ដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

-ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។

-កម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី។

-បង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ។

ដោយឡែក ស្មារតីកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះ ក៏បានព្រមព្រៀងគ្នាលើចំណុចស្នូលដូចជា៖ ផែនការសកម្មភាព ដំណើរការអនុវត្តគម្រោង ការតាមដានត្រួតពិនិត្យនិងការវាយតម្លៃ នឹងបន្តចូលរួមត្រួតពិនិត្យយ៉ាងលម្អិត ស្របតាមមាតិកា និងផ្នែកនីមួយៗ ព្រមទាំងបានផ្តល់ធាតុចូលកែលម្អខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយឱ្យមានភាពល្អប្រសើរ មុនដាក់ជូនកិច្ចប្រជុំក្រុមការងារចម្រុះអន្តរក្រសួងបន្តនាពេលខាងមុខផងដែរ។

កាលពីដើមអំឡុងខែ មករា ឆ្នាំ២០២១នេះ ឯកឧត្ដម ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ឱ្យដឹងថា៖ «សេចក្តីព្រាងនយោបាយជាតិស្ដីពីដំណាំស្វាយចន្ទីខ្មែរយើង អាចនឹងដាក់ចេញជាផ្លូវការនៅក្នុងឆ្នាំនេះ ព្រោះថាដើម្បីឈានទៅទាក់ទាញវិនិយោគគិនធំៗពីក្រៅប្រទេសឱ្យមកវិនិយោគលើដំណាំនេះបាន លុះត្រាតែកម្ពុជាមានគោលនយោបាយច្បាស់លាស់»។

លោកបានបញ្ជាក់ថា ក្រៅពីគោលនយោបាយជាតិស្តីពីដំណាំស្វាយចន្ទី ក្រសួងក៏កំពុងរៀបចំគោលនយោបាយជាតិស្តីម្រេចផងដែរ។ ដំណាំស្វាយចន្ទីរ គឺជាដំណាំមានសក្តានុពលក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅនាំចេញផលិតផលកសិកម្មរបស់ខ្លួនឱ្យកើនឡើង ១២%នៅឆ្នាំ ២០២៥ ប៉ុន្តែបច្ចុប្បន្នទើបតែមានរោងចក្រកែច្នៃគ្រាប់ចន្ទីមិនដល់ ១០នោះទេ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចេញស្វាយចន្ទីចំនួនជិត២២ម៉ឺនតោន កើនឡើងចំនួនជាង៨%  ទៅកាន់ទីផ្សារបរទេសសំខាន់ៗមួយចំនួនដូចជា វៀតណាម ថៃ ជប៉ុន រុស្ស៊ី ចិន ហុងកុង បារាំង កូរ៉េ តួកគី និងបង់ក្លាដែស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម