Connect with us

ព័ត៌មានជាតិ

ខុស​ពី​ពេល​មុន ការ​ដាំ​ដំណាំ​ហូបផ្លែ​តាម​រដូវ វិវឌ្ឍ​ទៅ​ជា​ដំណាំ​​​កសិ-ពាណិជ្ជកម្ម​រក​ចំណូល​រយ​លាន​ដុល្លារ

បានផុស

នៅ

លោក​បណ្ឌិតគៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ការដាំដុះដំណាំឈើហូបផ្លែបច្ចុប្បន្ន​មានការវិវឌ្ឍខ្លាំង​បើប្រៀបធៀបពីពេលមុនៗ ដែលកសិករដាំសម្រាប់ហូបក្នុងគ្រួសារ និងនៅសល់សម្រាប់​លក់ដូរ ឥលូវនេះ​បានប្រែក្លាយ​ជា​ដំណាំកសិ-ពាណិជ្ជកម្ម (Commercial farming) សម្រាប់នាំចេញ​ទៅ​ក្រៅប្រទេស។

លោកប្រធាននាយកដ្ឋានបានឲ្យដឹងថា ការដាំដុះដំណាំហូបផ្លែមួយចំនួនបានផ្លាស់ប្តូរ មិនដូចមួយជំនាន់​មុន ដែល​កសិករភាគច្រើនដាំជាលក្ខណៈគ្រួសារ។ បច្ចុប្បន្នមានកសិករ និងវិស័យឯកជនមួយចំនួន​បានដាំដុះដំណាំ​ហូបផ្លែជាទំនិញពាណិជកម្ម និងឧស្សាហកម្មសម្រាប់នាំចេញ។ នៅពេលមានការដាំដុះច្រើន ដោយសារ​តម្រូវការនាំចេញ ត្រូវមានគ្រប់រដូវ និងមានបរិមាណច្រើនពេក ដូច្នេះគេត្រូវការបច្ចេកទេសទំនើបដើម្បីទទួលបានទិន្នផលខ្ពស់សម្រាប់បំពេញតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ ដល់គុណភាព រសជាតិ និងសុវត្ថិភាព ដោយសារការប្រើប្រាស់ជីថ្នាំគីមីកសិកម្មច្រើន។ ដូច្នេះបច្ចេកទេសដាំដុះគួរគោរពទៅតាមស្តងដារសុវត្ថិភាពដែលធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពដល់សុខមាលភាពអ្នកហូបចុកផងជាការប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណាំសក្តានុពលមានដូចជា ចេក ស្វាយ ទុរេន មៀនប៉ៃលិនបានប្រែក្លាយជាដំណាំយុទ្ធសាស្ត្រសម្រាប់ការនាំចេញ ហើយដំណាំទាំងនេះ មានការពង្រីកផ្ទៃដីដាំដុះជាចម្ការធំៗ ហើយមានការវេចខ្ចប់ហូបស្រស់ផង និងកែច្នៃផង។

លោក បណ្ឌិតគៀន សុភា ថា បច្ចុប្បន្នដំណាំចេក ស្វាយ ទុរេន មៀនប៉ៃលិន ដែលពីមុនកសិករខ្មែរដាំច្រើនជាលក្ខណៈគ្រួសារ ឥឡូវមានដាំដុះជាចម្ការរាប់រយហិកតា និងមានក្រុមហ៊ុនវិនិយោគរោងចក្រកែច្នៃ វេចខ្ចប់ជាកសិផលិតផលពាណិជកម្ម និងឧស្សាហកម្មសម្រាប់នាំចេញ។

មន្រ្តីកសិកម្ម​រូបនេះបន្តថា នាយកដ្ឋានកំពុងរៀបចំផ្សព្វផ្សាយដល់កសិករពីការដាំដុះតាមគោលការណ៍ GAP អាចប្រើប្រាស់ធាតុចូលគីមីដោយគោរពតាមស្តង់ដារការអនុវត្តកសិកម្មល្អ និងជួយផ្តល់ទិន្នផលខ្ពស់ និងស្តង់ដារកសិកម្មសរីរាង្គ ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ និងមានសុវត្ថិភាពខ្ពស់។ ក្រសួងកសិកម្មចង់ជំរុញធ្វើទំនើបកម្មដល់កសិករ ប្តូរពីវិធីសាស្ត្រកសិកម្មបែបប្រពៃណីទៅជាបច្ចេកទេសទំនើបដែលសមស្របសម្រាប់​ទីផ្សារ។

ដំណាំចេក និងស្វាយបានក្លាយជាទំនិញយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា សម្រាប់ការនាំចេញទៅក្រៅប្រទេស។ ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ក្នុងនោះការនាំចេញផ្លែចេកស្រស់ កើនឡើង៦៨ភាគរយ ចំណែកការនាំចេញផ្លែស្វាយស្រស់កើនឡើង២៥៥ភាគរយ។

ចិនជាទីផ្សារធំបំផុតសម្រាប់ការនាំចេញដំណាំស្វាយ និងចេកពីកម្ពុជា។ ផ្លែចេក និងផ្លែស្វាយស្រស់ គឺជាផលិតផលកសិកម្ម ដែលកម្ពុជាអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់។

បើតាមក្រសួងកសិកម្ម កម្ពុជាគ្រោងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ដោយអាចផ្តល់ប្រាក់ចំណូលប្រមាណ១០០លានដុល្លារ។ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់៨០តោនដំបូងទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ។

យោងតាមស្ថិតិឆ្នាំ២០២០បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជាមានចំនួនជាង១៣ម៉ឺន ហិកតា។ ផ្ទៃដីអាចប្រមូលផលមានចំនួនជាង៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ១,៣លានតោនក្នុងមួយរដូវជាមធ្យម៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម