Connect with us

សេដ្ឋកិច្ច

គយប្រមូលចំណូលបានជាង ១,៦៩៩ លាន​ដុល្លារ ក្នុងរយៈពេល៩ខែ ថយចុះ ៦.៨%​

បានផុស

នៅ

អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា បានបង្ហាញលទ្ធផលនៃការប្រមូលពន្ធ​ក្នុងរយៈពេល៩​ខែ នៃ​ឆ្នាំ​២០២១ បាន​ចំនួន ៦,៨៨១.៤ ប៊ី​លាន​រៀល ស្មើនឹង ១,៦៩៩.១ លាន​ដុល្លារអាមេរិក ស្មើនឹង ៧១.៩% នៃ​ផែនការ​ប្រចាំឆ្នាំ​ដែល​កំណត់ដោយ​ច្បាប់​ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ​២០២១ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ នៃ​ឆ្នាំ​២០២០ ថយចុះ​ប្រមាណ ៦.៨%​។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជាប្រចាំខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍បានបង្ហាញថា បើ​គិត​តាម​ប្រភេទ​ពន្ធ​ និង​អាករ ឃើញថា អាករ​លើ​តម្លៃបន្ថែម​មាន​ចំនួន ២,៦១៧.៨ ប៊ី​លាន​រៀល (​ត្រូវជា​ប្រមាណ ៣៨.០%​ នៃ​ចំណូល​សរុប​) អាករ​ពិសេស​មាន ២,៥៧០.៦ ប៊ី​លាន​រៀល (​ត្រូវជា ៣៧.៤%​នៃ​ចំណូល​សរុប​) ពន្ធ​នាំចូល​មាន ១,២៤៣.៥ ប៊ី​លាន​រៀល (​ត្រូវជា ១៨.១% ​នៃ​ចំណូល​សរុប​) អាករ​បន្ថែម​លើ​ផលិតផល​ប្រេង​មាន ៣១២.០ ប៊ី​លាន​រៀល (​ត្រូវជា ៤.៥%​នៃ ចំណូល​សរុប​) និង​អាករ​នាំចេញ​ និង​កម្រៃ​ផ្សេងៗ​មាន ១៣៧.២ ប៊ី​លាន​រៀល (​ត្រូវជា ២%​នៃ​ចំណូល​សរុប​)​។ បើ​គិត​តាម​ក្រុម​ទំនិញ​វិញ ចំណូល​ពី​យានយន្ត និង​គ្រឿងចក្រ​មាន​ចំនួន ២,៨៨២.០ ប៊ី​លាន​រៀល (គ្របដណ្តប់ ៤១.៩% នៃ​ចំណូល​សរុប)​ ទំនិញ​ចម្រុះ​មាន​ចំនួន ១,៩៤៨.២ ប៊ី​លាន​រៀល (ត្រូវជា ២៨.៣%​ នៃ​ចំណូល​សរុប​) ផលិតផល​តេ​ល​សិលា​មាន​ចំនួន ១,៦២០.៦ ប៊ី​លាន​រៀល ស្មើនឹង ២៣.៥% នៃ​ចំណូល​សរុប និងសម្ភារ​សំណង់​ និង​កម្រៃ​ផ្សេងៗមាន​ចំនួន ៤៣០.៧ ប៊ី​លាន​រៀល (ស្មើនឹង ៦.៣%​នៃ​ចំណូល​សរុប)។

នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផលការងារ​គយ​ និង​រដ្ឋាករប្រចាំ​៩​ខែ ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ ដែល​រៀបចំឡើងកាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ លោក គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករកម្ពុជា បានបង្ហាញពីយុទ្ធសាស្រ្តក្នុងការប្រមូលពន្ធគយដើម្បីសម្រេចបានតាម ផែនការ​ប្រចាំឆ្នាំ​ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ​២០២១ ដែលក្នុងនោះរដ្ឋាបាលគយនឹងខិតខំជំរុញយុទ្ធនាការ​នៃ​ការប្រមូល​ពន្ធ​ និង​អាករ​​រថយន្ត​គ្មាន​ពន្ធ។

​​លោក គុណ ញឹម បាន​រម្លឹក​ក​ដល់​គ្រប់​អង្គភាព​គយ​ និង​រដ្ឋាករ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​ម្ចាស់​រថយន្តគ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស​ឱ្យបាន​ទូលំទូលាយ និង​ត្រូវ​ទទួល​ស្វាគមន៍​ម្ចាស់យានយន្ត​ដែល​ស្ម័គ្រចិត្ត​ចូលមក​បំពេញ​កាតព្វកិច្ច​ពន្ធ​ និង​អាករ​នាំចូល​ប្រកបដោយភាពរួស​រាយ ​និង​រាក់ទាក់​បំផុត​។​ តាម​ការជូនដំណឹង​ក​ន្ល​ង​មកនៅក្នុង​ដំណាក់កាលនេះ ម្ចាស់​យានយន្ត​ដែល​គ្មាន​ពន្ធ គឺ​នៅ​ទទួល​ការអនុគ្រោះ​ឱ្យ​បង់ ប៉ុន្តែ​នៅ​ឆ្នាំក្រោយសមត្ថកិច្ច​នឹង​ចាត់វិធានការ​ក្តៅលើ​រឿងនេះ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម