សេដ្ឋកិច្ច
មន្ត្រីពន្យល់លម្អិត ជុំវិញការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក
ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២នេះតទៅ ប្រទេសកម្ពុជា បានចាប់ផ្ដើមអនុវត្តការប្រមូលអាករលើតម្លៃបន្ថែម (VAT) ទៅលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)។ ក្នុងនោះ មានក្រុមហ៊ុនបរទេសធំៗជាង ១០ហើយ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) នៅអគ្គនាយកដ្ឋានពន្ធដារ។
ក្រុមហ៊ុនបរទេសទាំង ១៦នោះរួមមាន៖ 1-Meta Platforms Ireland Limited, 2-Silverlake Structured Services SDN.BHD, 3-Facebook Technologies Ireland Limited, 4-Huawei Services (Hong Kong) Co.,Ltd, 5-Microsoft Regional Sales Pte Ltd., 6-Facebook Payment International Limited, 7-Booking com.B.V, 8-Google Asia Pacifice Pte.Ltd, 9-Netflix Pte.Ltd, 10-Xsolla (USA), Inc, 11-ERNST & Young (Asia-Pacific) Services Limited, 12-Zoho Corporation Pte.Ltd, 13- TATA Consultancy Services Limited, 14- Siam Makro Public Company Limited, 15- Mastercard Asia/Pacific Pte Ltd និង 16-TikTok Ptd Ltd។
លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជា ចាប់ផ្ដើមការប្រមូលអនុវត្តអាករលើតម្លៃបន្ថែម (VAT) ទៅលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២នេះតទៅ។
លោកបន្តថា កាលពីពេលកន្លងមក នៅពេលមានការទិញលក់ភាគច្រើនគឺភាគីអ្នកទិញ និងអ្នកលក់ត្រូវជួបមុខគ្នា។ ប៉ុន្តែបច្ចុប្បន្នការលក់ទិញលក់ខ្លះ មិនចាំបាច់ជួបមុខគ្នាទៀតនោះទេ ដែលគេអាចធ្វើឡើងតាមប្រព័ន្ធអនឡាញ។ ដូច្នេះហើយ ការទិញលក់តាមប្រព័ន្ធនេះ មិនអាចឲ្យរដ្ឋប្រមូលពន្ធបាននោះឡើយ។
មន្ត្រីអគ្គនាយកដ្ឋានពន្ធដារ បានលើកឧទាហរណ៍ថា «ទិញសៀវភៅពីបរទេសមក មិននាំសៀវភៅ ឬក៏ភាពយន្ដត្រូវតែនាំ CD ចូលមកកម្ពុជា អញ្ចឹងមកពន្ធគយគេត្រូវបង់គយហើយ ដល់ឥឡូវនេះអ្វីៗបានផ្លាស់ប្ដូរអស់ហើយ គឺឈប់យកសៀវភៅមកលក់ ដឹកមកហើយ អញ្ចឹងគេលក់តាមអនឡាញ អញ្ចឹងទៅតាមអនឡាញ ចឹងអ្នកប្រើប្រាស់ហ្នឹង នឹងអត់បានបង់ពន្ធ VAT ទេ បើសិនជាសៀវភៅ ត្រូវបានបោះពុម្ពនៅក្នុងស្រុក ត្រូវបង់ពន្ធ VAT ដល់អញ្ចឹងវាធ្វើឲ្យមានការប្រកួតប្រជែង អត់ស្មើភាពគ្នាទេ អញ្ចឹងអ្នកនៅខាងក្រៅហ្នឹង គឺគាត់លក់មកយកលុយពីស្រុកខ្មែរទៅ អត់មានបង់ពន្ធទេ អញ្ចឹងបានយើងអនុវត្តដាក់ពន្ធហ្នឹង គឺទៅលើគេហៅថា ប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក មានន័យថា ការលក់ដូរតាមប្រព័ន្ធអេឡិចត្រូនិកពីក្រៅប្រទេសមក ដែលគាត់ជាអ្នកលក់ហ្នឹង គាត់អត់មានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា ដើម្បីលក់ដូរទាក់ម៉ូយអត់ទេ គាត់ទាក់ម៉ូយទៅតាមអនឡាញទាំងអស់ បញ្ជាទិញ បញ្ជូនសៀវភៅមក បង់លុយតាមអនឡាញទាំងអស់»។
លោក អេង រតនា បានលើកឧទាហរណ៍មួយទៀតថា «សេវាក៏អញ្ចឹងដែរ សេវាកាលពីដើមមក យើងមកធ្វើការជួសជុល ឧបមាថា កុំព្យូទ័រ ឬក៏ Consultant ត្រូវជិះយន្ដហោះមក បានមកជួប បានធ្វើផ្ទាល់បានកើត ដល់ឥឡូវគាត់អត់ទេ សូម្បីយើងបង្រៀនក៏បង្រៀនអនឡាញដែរឥឡូវ ចឹងគាត់អត់បានមកផ្ទាល់ទេ ចឹងគាត់មកធ្វើសេវាពីក្រៅមក គាត់យកលុយពីកម្ពុជាទៅ ដោយមិនមានការបង់ពន្ធ អញ្ចឹងវាធ្វើឲ្យមានភាពមិនស្មើគ្នា រវាងអ្នកដែលធ្វើខាងក្នុងត្រូវជាប់ពន្ធ ត្រូវ VAT អញ្ចឹងដើម្បីធ្វើឲ្យស្មើគ្នាហ្នឹង យើងត្រូវឲ្យជាប់ដូចគ្នា និយាយឲ្យចំទៅ»។
ជាមួយគ្នានេះ ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងបន្ថែមថា ការប្រមូលអាករលើតម្លៃបន្ថែម (VAT) ទៅលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នេះ គឺប្រទេសជាច្រើននៅលើពិភពលោក បានអនុវត្តរួចហើយ។ ចំណែកប្រទេសកម្ពុជា ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ លោក អេង រតនា បានបញ្ជាក់បន្ថែមថា នៅក្នុងន័យសេដ្ឋកិច្ច នៅពេលប្រទេសកម្ពុជា ចាប់ផ្ដើមអនុវត្តប្រមូលអាករលើតម្លៃបន្ថែម (VAT) ទៅលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នេះ នឹងនាំមកនូវផលប្រយោជន៍សំខាន់ចំនួន ៣ គឺ៖
ទី១. បង្កើតការងារធ្វើ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ទី២. នាំយកបច្ចេកវិទ្យាថ្មីៗ មកកាន់កម្ពុជា។ ទី៣. នាំចំណូលថវិកាចូលជាតិ។ លោកបានលើកឡើងបន្ថែមថា «អញ្ចឹងពេលដែលយើងយក VAT ដូចគ្នាអញ្ចឹងទៅ គាត់ពិចារណាថា បើគាត់មកបើក Office នៅកម្ពុជា នឹងបានចំណេញច្រើនជាង អញ្ចឹងយើងមិននាំការមកឲ្យកម្មករ ឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើទីមួយ ទីពីររឿងដែលធំសំខាន់នោះ គឺនាំបច្ចេកវិទ្យាមកជាមួយហើយ តែមកហើយនាំចេះធ្វើរបស់ហ្នឹងហើយ យូរៗមិនបង្រៀនកូនខ្មែរ គាត់មិនមកធ្វើខ្លួនគាត់កើតណា៎ មិនអញ្ចឹងអី អញ្ចឹងវានាំបច្ចេកវិទ្យា នាំលុយមក នាំធនធានមនុស្ស នាំអីទាំងអស់មកបង្រៀនយើង អាហ្នឹងគេហៅថា គឺន័យសេដ្ឋកិច្ច គឺយើងបានប្រយោជន៍ទាំងអស់ហ្នឹង ហើយសំខាន់ចុងក្រោយទៀត គឺបានលុយបានចំណូលថវិកាជាតិយើងណា៎ ចឹងសរុបមក គឺការអនុវត្តនេះគឺមិនមែនតែអនុវត្តតែកម្ពុជាទេ គឺប្រទេសណា៎ក៏គេអនុវត្តដែរ ការប្រមូលអាករលើតម្លៃបន្ថែម ទៅលើប្រតិបត្តិការតាមអេឡិចត្រូនិកហ្នឹង»។
ទោះបីជាយ៉ាងណាក៏ដោយ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ មិនទាន់អាចវាយតម្លៃ ថាតើក្នុងរយៈពេល ១ខែ ចំណូលបានពីអាករលើតម្លៃបន្ថែម (VAT) ទៅលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នេះ អាចបានក្នុងរង្វង់ប៉ុន្មាននៅឡើយទេ ដោយរង់ចាំមើលការអនុវត្តមួយរយៈសិន៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ