ដោយសារតែការផ្ទុះរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឲ្យតម្រូវការនាំចូលហ្គាស មានការធ្លាក់ចុះ នៅ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើតាមទិន្ន័យពីក្រសួងពាណិជ្ជកម្ម។
ទិន្ន័យដែលកម្ពុជាថ្មីទើបតែទទួលបានបង្ហាញថា នៅក្នុងរយៈពេលពេញមួយឆ្នាំ ២០២០ ការនាំចូល ថាមពលហ្គាស មានតម្លៃទឹកប្រាក់ជាង ១៤៣ លានដុល្លារ (១៤៣.៤៦) ធ្លាក់ចុះ ១៧ លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលមានតម្លៃ ១៦០ លានដុល្លារ។
ទិន្នន័យឲ្យដឹងទៀតថា នៅឆ្នាំ ២០១៩ កម្ពុជានាំចូលហ្គាសជាង ៣៤០ លានគីឡូ (៣៤០,៩៥៥,០១៥) ហើយនៅឆ្នាំ ២០២០ នាំចូលត្រឹមតែជាង ៣១៥ លានគីឡូ (៣១៥,៧០៩,៩០៧)។
ម្ចាស់ហាងផ្គត់ផ្គង់ Hello Gas Investment លោក វីឬទ្ធិយុទ្ធ បានប្រាប់កម្ពុជាថ្មីថា វិបត្តិជំងឺកូវីដ១៩ ការលក់ហ្គាសនៅក្នុងហាងរបស់លោក មានការធ្លាក់ចុះ ពាក់កណ្តាល ដោយសារតែមិនសូវមានការធ្វើដំណើរ។
នៅមុនពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ មានការប្រើប្រាស់ច្រើនទៅលើវិស័យទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ និងនាវាទេសចរផ្សេងៗ។
លោកបញ្ជាក់ថា “ពេលយើងជួបរលកទី១ និងទី២ គឺការលក់ធ្លាក់ចុះ ៥០ ភាគរយ ប៉ុន្តែមកដល់បច្ចុប្បន្នធ្លាក់ប្រមាណតែ៣០ ភាគរយទេ”។
លោកមានការជឿជាក់ទៅលើវិស័យថាមពលហ្គាសនេះ ប្រសិនបើមានការបើកច្រកព្រំដែនឡើងវិញ ការធ្វើដំណើរចរាចរឡើងវិញនៅក្នុងស្រុក នឹងក្រៅស្រុក នោះតម្រូវការប្រើប្រាស់នឹងមានការកើនឡើងវិញដូចមុនពេលជំងឺកូវីដ ១៩។
អ្នកប្រកបរបររត់តាក់ស៊ីម៉ូតូងកង់បី នៅរាជធានីភ្នំពេញ លោក ឆុន ឈឿង បានប្រាប់ថា សព្វថ្ងៃនេះខ្លួនចំណាយប្រាក់ជាង ១ ម៉ឺនរៀលក្នុងការបញ្ចូលហ្គាសម៉ូតូកង់បីរត់មួយថ្ងៃ ដែលមានបរិមាណប្រមាណ ៥ លីត្រ ខុសពីមុនពេលជំងឺកូវីដ១៩ ដែលរត់ក្នុង១ថ្ងៃជិត ១០ លីត្រ។
លោក សុផេង ក៏បម្រើសេវាដឹកជញ្ជូនភ្ញៀវដែរ បានប្រាប់ថា កាលៈទេសៈកូវីដ១៩ ធ្វើឲ្យសេវាដឹកជញ្ជូនធ្លាក់ចុះ ហើយតម្រូវការប្រើថាមពលហ្គាសក៏ធ្លាក់តាមហ្នឹងដែរ។
លោកថា ពីមុនមិនទាន់មានកូវីដ លោករត់មួយថ្ងៃអស់ហ្គាសប្រហែល ១០ លីត្រ ខណៈបច្ចុប្បន្នត្រឹមតែ ៥ លីត្រប៉ុណ្ណោះ។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានប្រាប់កម្ពុជាថ្មីថា លោកមិនបានស្រាវជ្រាវជាក់លាក់ទេ ប៉ុន្តែតាមការមើលឃើញរបស់លោក គឺអាចមកពីតម្រូវការក្នុងស្រុកថយចុះ ដោយសារបញ្ហាជំងឺកូវីដ១៩។
លោកថាម្យ៉ាងទៀត វិស័យទេស័យទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារថយចុះខ្លាំង នោះហើយអាចជាហេតុផល ដែលធ្វើឲ្យការប្រើប្រាស់ធ្លាក់ចុះទៅតាមហ្នឹងដែរ៕
អត្ថបទ៖ ឡេង ដេត