ព័ត៌មានជាតិ
រដ្ឋសភាជំរុញការបញ្ជ្រាបសារសុខភាពឱ្យបានខ្លាំងជាងគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម
អគ្គលេខាធិការរងរដ្ឋសភាលោក ឈាង វណ្ណារិទ្ធ បានឱ្យដឹងថាបន្ទាប់ពីសភាកម្ពុជាបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពីបម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង»កាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅសភាជាតិបានជំរុញដល់តំណាងរាស្ត្រ សហជីពកម្មករ និងអ្នកពាក់ព័ន្ធដែលធ្វើការផ្ទាល់ជាមួយពលរដ្ឋធ្វើយ៉ាងណាបញ្ជ្រាបសារសុខភាពឱ្យបានច្រើនដល់ពលរដ្ឋ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានមួយកាលពីថ្ងៃទី១ ខែមេសា លោក ឈាង វណ្ណារិទ្ធ មានប្រសាសន៍ថាបច្ចុប្បន្ននេះការការផ្សព្វផ្សាយសារសុខភាពហាក់នៅមានកម្រិតនៅឡើយបើធៀបទៅនឹងការផ្សព្វផ្សាយគ្រឿងស្រវឹង ភេសជ្ជៈផ្អែម និងអាហារដែលធ្វើឱ្យខូចសុខភាព។ លោកថាជាទិសដៅទៅមុខសភាជាតិតាមរយៈអ្នកតំណាងរាស្ត្ររាល់ពេលចុះមូលដ្ឋាននឹងត្រូវផ្ញើរសារពីការគិតគូរដលសុខភាពដល់ពលរដ្ឋ ខណៈសហជីព សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកសារព័ត៌មានក៏អាចចូលរួមផ្សព្វផ្សាយសារសុខភាពនេះដូចគ្នា។
លោកថា៖ «ចំណេះដឹងទាំងនេះត្រូវជ្រាបទៅខាងក្រោម ហើយប្រព័ន្ធព័ត៌មាន ជាពិសេសបណ្ដាញសង្គមត្រូវពង្រឹងរឿងហ្នឹងដែរ។ ដល់(បច្ចុប្បន្ន)ចរន្តយើងដូចជាខ្សោយជាងអ្នកដែលផ្សាយគ្រឿងស្រវឹងឬអាហារដែលខូចសុខភាពហ្នឹង។ ពេលដែលគេមានប្រជាប្រិយភាពខ្លាំងជាងយើងៗចាញ់គេហើយអ៊ីចឹងធ្វើយ៉ាងមិចយើងផ្សព្វផ្សាយឱ្យខ្លាំងជាងអ្នកដែលពាណិជ្ជកម្មគ្រឿងស្រវឹងឬក៏ម្ហបអាហារដែលខូចសុខភាពនោះ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP)លោក យង់ គិមអេង ថាបច្ចុប្បន្នការផ្សព្វផ្សាយគ្រឿងស្រវឹង ភេសជ្ជៈផ្អែម និងអាហារប៉ះពាល់សុខភាពហាក់នៅមិនទាន់គ្រប់គ្រងបានល្អនោះទេ ដែលថាករណីនេះអាចនឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែប្រែឥរិយាបថពលរដ្ឋឱ្យគិតគូរពីសុខភាព។ លោកបន្ថែមថាដោយសារតែក្រុមហ៊ុនផលិតគ្រឿងស្រវឹងនិងអាហារទាំងនោះមានធនធានច្រើនក្នុងការផ្សព្វផ្សាយ លោកជំរុញកម្ពុជាពន្លឿនការរៀបចំច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹងឱ្យបានឆាប់ ជាមួយនឹងវិធានការត្រួតពិនិត្យគ្រឿងស្រវឹង ក៏ដូចជាការពិនិត្យលើគុណភាពអាហារដែលដាក់លក់តាមទីផ្សារ ជាពិសេសនៅតាមសាលារៀនផងដែរ។
លោក យង់ គិមអេង៖ «នៅប្រទេសជុំវិញមានច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹងតែកម្ពុជាអត់ទាន់មាន។ ដូច្នេះកម្ពុជាគួរតែពន្លឿនច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹងនេះដើម្បីជាប្រយោជន៍សាធារណៈ »។

លោកក៏ជំរុញដល់មន្ត្រីរដ្ឋាភិបាលធ្វើជាគំរូមុនគេក្នុងការបដិសេធ និងមិនចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹង ភេសជ្ជៈផ្អែម និងអាហារខូចសុខភាពផងដែរ។
រដ្ឋសភាកម្ពុជាបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » នាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ ក្នុងពិធីនោះប្រធានសភា សម្ដេចសភាធិការធិបតី ឃួន សុដារី បានថ្លែងថាជំងឺមិនឆ្លងជាឃាតករលាក់មុខសម្លាប់មនុស្សដោយស្ងៀមស្ងាត់ កើតពីឥតរិយាបទនៃការរស់នៅមិនល្អ ឬមិនត្រឹមត្រូវ ដូចជាការប្រើប្រាស់ថ្នាំជក់ ការទទួលទានបន្លែ និងផ្លែឈើមិនគ្រប់គ្រាន់ ម្ហូបចំណីអាហារដែលមានជាតិប្រៃ និងជាតិផ្អែមខ្ពស់ និងការសេពគ្រឿងស្រវឹងច្រើនជាប្រចាំជាដើម។ សម្ដេចជំរុញឱ្យប្រមូលធាតុចូលរិះរកវិធីសាស្ត្រ និងគោលនយោបាយចាំបាច់នានាដើម្បីឆ្លើយតបនឹងដោះស្រាយបញ្ហាប្រឈមនេះ។

សម្ដេចថា៖ «ឥរិយាបថនៃការរស់នៅដោយមិនបានគិតគូរពីសុខភាព ក៏កាន់តែអាចបង្កគ្រោះថ្នាក់ថែមទៀត នៅពេលជំងឺទាំងនេះកើតឡើងចំពោះក្រុមប្រជាជនសកម្ម ឬយុវជន ដែលជាកម្លាំងពលកម្មពោពេញដោយផលិតភាព និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម»។
សម្ដេចបានជំរុញលើកកម្ពស់គោលនយោបាយ និងជំរុញឥរិយាបថរស់នៅដោយមានសុខភាពល្អ និងលុបបំបាត់ជាអតិបរមាន នូវដើមចមសង្គមដែលបង្កឱ្យមានជំងឺមិនឆ្លង ព្រមទាំងជំរុញដល់ក្រសួងសុខាភិបាលឱ្យគិតគូរពិចារណាស្វែងរក និងលែលកខ្ទង់ថវិកាសម្រាប់គ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនៃជំងឺមិនឆ្លងចាប់ពីពេលនេះទៅផងដែរ។
របាយការណ៍ក្រសួងសុខាភិបាលឱ្យដឹងថាបញ្ហាជំងឺមិនឆ្លងបណ្ដាលឱ្យមនុស្សស្លាប់ប្រមាណ៦៤%នៅកម្ពុជា ហើយចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត។ ក្រសួងក៏បានឱ្យដឹងទៀតថាជំងឺមិនឆ្លងសំខាន់ចំនួន៤ដែលសម្លាបមនុស្សច្រើនជាងគេគឺជំងឺសសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


