ព័ត៌មានជាតិ
កម្ពុជាបានចំណាយជាង៤០០លានដុល្លារលើការនាំចូលផលិតផលចំណីអាហារក្នុងរយៈពេល៨ខែកន្លងមកនេះ
ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៤ នេះ កម្ពុជាបានចំណាយនូវទឹកប្រាក់ចំនួន ៤២៤,៦៨ លានដុល្លារលើការនាំចូលនូវផលិតផលចំណីអាហារនានាដើម្បីផ្គត់ផ្គង់និងបំពេញបន្ថែមនូវតម្រូវការក្នុងស្រុក ខណៈអ្នកជំនាញលើកឡើងថាកំណើននៃការនាំចូលនេះបង្ហាញពីការកើនឡើងនៃតម្រូវការក្នុងស្រុក ប៉ុន្តែវាពុំបានឆ្លុះបញ្ចាំងអំពីភាពទុនខ្សោយនៃវិស័យផលិតកម្មរបស់កម្ពុជាឡើយ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករាដល់ដំណាច់ខែសីហា កម្ពុជាបានចំណាយនូវទឹកប្រាក់៤២៤,៦៨ លានដុល្លារលើការនាំចូលនូវចំណីអាហារនានាដោយកើនឡើង១៤,៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទឹកប្រាក់សរុបចំនួន ៣៧១,៥៦លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៧ខែតុលាថា កំណើននៃការនាំចូលផលិតផលចំណីអាហារនេះ បង្ហាញឱ្យឃើញពីការកើនឡើងនៃតម្រូវការក្នុងស្រុក ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់ហាក់មានសភាពល្អប្រសើរជាងមុន។
លោកបានថ្លែងបញ្ជាក់ថា៖«កំណើននៃការនាំចូលនេះគឺវាបង្ហាញឱ្យឃើញអំពីតម្រូវការក្នុងស្រុកមានការកើនឡើង ជាហេតុធ្វើឱ្យយើងធ្វើការនាំចូលនូវផលិតផលទាំងនោះដើម្បីយកមកបំពេញតម្រូវការឬបំពេញបន្ថែមនូវអ្វីដែលយើងពុំទាន់អាចផលិតឆ្លើយតបទៅនឹងតម្រូវការ។ ការណ៍នេះគឺពុំមានន័យថាវាបង្ហាញពីភាពទន់ខ្សោយនៃផលិតកម្មក្នុងស្រុកឡើយ ប៉ុន្តែយើងត្រូវធ្វើការនាំចូលនូវផលិតផលចាំបាច់នានាដែលការផលិតយើងពុំទាន់ឆ្លើយតបតាមតម្រូវការ»។

ជាមួយគ្នានេះដែរ លោកបានថ្លែងបន្តទៀតថា នាពេលបច្ចុប្បន្ន ផលិតកម្មក្នុងស្រុកមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងគុណភាព និងបរិមាណដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូល និងកាត់បន្ថយនូវឱភាពពាណិជ្ជកម្ម។
លោកបានគូសបញ្ជាក់ថា៖«យើងទទួលស្គាល់ថា ការផលិតរបស់យើងគឺពុំទាន់ផលិតបានគ្រប់គ្រាន់ដើម្បីជំនួសការនាំចូលនោះឡើយ ប៉ុន្តែការណ៍នេះពុំមានន័យថាយើងមិននាំចូលនោះឡើយ ដោយសារតែផលិតផលមួយចំនួនគឺយើងពុំអាចផលិតបានឬផលិតមួយចំនួនទៀតជាផលិតផលចាំបាច់ដែលមានតម្រូវការខ្ពស់នៅក្នុងស្រុក»។
កាលពីថ្ងៃទី២៥ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង៦,0% សម្រាប់ឆ្នាំ ២០២៥។
ជាមួយគ្នានេះដែរ ADB ក៏បានកាត់បន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។ ។

ADB បានលើកឡើងថា ៖«ការបន្ទាបការព្យាករអតិផរណា ឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញនិងសេវាទាក់ទឹននឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃថ្លៃជី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណ៍នេះនឹងជួយសម្រាល បន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈម មុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


